ឥណ្ឌា ប្តេជ្ញាឆ្លើយតបភេរវកម្មឱ្យខ្លាំងក្លានៅពេលខាងមុខ ទោះប្រឈមមុខប៉ាគីស្ថាន
  • ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
ឥណ្ឌា ប្តេជ្ញាឆ្លើយតបភេរវកម្មឱ្យខ្លាំងក្លានៅពេលខាងមុខ ទោះប្រឈមមុខប៉ាគីស្ថាន
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព AFP

នាយករដ្ឋមន្រ្តីឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នៅថ្ងៃទី១២ ខែឧសភា បានប្តេជ្ញាឆ្លើយតបលើក្រុមភេរវករឱ្យបានខ្លាំងក្លាបំផុត ប្រសិនបើការវាយប្រហារណាមួយកើតឡើងជាថ្មីនៅពេលខាងមុខ។ ការព្រមានរបស់មេដឹកនាំឥណ្ឌា ធ្វើឡើងដោយមិនញញើតក្នុងការប៉ះជាមួយប៉ាគីស្ថានឡើយ។

TTN-Free-Banner-In-Article-PC


ករណីស្លាប់ភ្ញៀវទេសចរចំនួន ២៦នាក់ នៅក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយខ្លួន ឥណ្ឌា បានចាត់ទុកជាមេរៀនដ៏សំខាន់ ហើយព្រមានចាត់វិធានការឱ្យបានខ្លាំងក្លាបំផុត ប្រសិនបើរងការវាយប្រហារភេរវកម្មជាថ្មី។ 

«ឥណ្ឌា នឹងវាយប្រហារក្នុងគោលដៅច្បាស់លាស់ និងដ៏សំខាន់ ដើម្បីប្រឆាំងនឹងក្រុមភេរវកម្ម ដែលរស់ក្រោមដំបូលនុយក្លេអ៊ែរ»។ លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានប្រើពាក្យធ្ងន់ៗបែបនេះ នៅថ្ងៃទី១២ ខែឧសភា ដោយបន្តព្រមានប៉ាគីស្ថានថា បើចង់សុខ ក្រុងអ៊ីស្លាម៉ាបាដ ត្រូវតែកម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវករទាំងអស់។ 

ជុំវិញជំហរប្រឆាំងក្រុមភេរវករ លោក ម៉ូឌី បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពភេរវកម្ម និងកិច្ចចរចា មិនអាចយកទៅជជែកគ្នាបានឡើយ ហើយសកម្មភាពភេរវកម្ម និងពាណិជ្ជកម្ម មិនត្រូវយកទៅច្របូកច្របល់គ្នាបានដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 

បើតាមមេដឹកនាំឥណ្ឌា ប៉ាគីស្ថាន បានជ្រើសយកការវាយប្រហារបកលើប្រទេសខ្លួន ជាជាងជួយទប់ស្កាត់សកម្មភាពភេរវកម្ម។ 

ក្រោយមានការវាយប្រហារទៅវិញទៅមកជាច្រើនថ្ងៃតាមតំបន់ខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង ក្នុងតំបន់កាស្មៀ ប្រទេសកាន់កាប់នុយក្លេអ៊ែរទាំងពីរ បានឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី១០ ខែឧសភា។ បទឈប់បាញ់នេះ ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក អះអាងថា លោកជាអ្នកជួយសម្របសម្រួល ហើយថែមទាំងអាចបង្ការសង្រ្គាមនុយក្លេអ៊ែរថែមទៀត។ 

គួររម្លឹកថា ឥណ្ឌា បានចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយក្រុមភេរវករ ដែលបានសម្លាប់ភ្ញៀវទេសចរចំនួន ២៦នាក់ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានក្រុងអ៊ីស្លាម៉ាបាដច្រានចោល។ 

នៅក្នុងប្រតិបត្តិការ SINDOOR ឥណ្ឌាបានវាយប្រហារលើទីតាំងចំនួន ៩ នៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងក្នុងខេត្ត Punjab របស់ប៉ាគីស្ថាន។ ចំណែកប៉ាគីស្ថានវិញ បានបាញ់ទម្លាក់យន្តហោះរបស់ឥណ្ឌាចំនួន ៥គ្រឿង៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ