- ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ មុនព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាមួយថ្ងៃ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីថ្វាយព្រះពរនៅមុខប្រាសាទចន្ទច្ឆាយា។ លោក សំហេង បូរ៉ា សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ការប្រារព្ធពិធីថ្វាយព្រះពរនេះ ដើម្បីបង្ហាញការគោរពស្រឡាញ់ចំពោះព្រះមហាក្សត្រក្នុងនាមយុវជនកម្ពុជា។
នៅថ្ងៃទី១៣ ឧសភានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមយុវជនប្រារព្ធពិធីថ្វាយព្រះពរដល់ព្រះមហាក្សត្រក្នុងឱកាសព្រះពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា។ ពិធីថ្វាយព្រះពរនេះ មានការយាងចូលរួមពីសម្ដេចព្រះសង្ឃទាំង ២គណៈ, សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងសម្តេច មហាមន្ត្រី គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
លោក សំហេង បូរ៉ា សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការប្រារព្ធពិធីថ្វាយព្រះពរនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្រោមការរាជនុញ្ញាតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្រោយលោក ហ៊ុន ម៉ានី ចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរ កាលពីថ្ងៃទី១០ ឧសភា។
លោក សំហេង បូរ៉ា បានពន្យល់ពីបំណងដ៏ធំក្នុងការប្រារព្ធពិធីថ្វាយព្រះពរយ៉ាងដូច្នេះ៖«យើងមានបំណងចង់ថ្វាយព្រះពរជូនព្រះអង្គ និងចង់បង្ហាញពីទឹកចិត្តនៃក្ដីស្រឡាញ់របស់យុវជន ដែលជាកូន ជាចៅរបស់ព្រះអង្គ។ ជាពិសេសពិធីត្រូវបានរៀបចំតាមទំនៀមទម្លាប់ខ្មែរ»។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ក្នុងពិធីថ្វាយព្រះពរនេះ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសាសនារាប់បាត្រព្រះសង្ឃចំនួន ៧៣ព្រះអង្គ ការបូជាគ្រឿងសក្ការនៅព្រះអង្គដង្កើ, ថ្វាយកម្រងមាលានៅសួនព្រះរាជបណ្ដាំ និងមានរបាំថ្វាយព្រះពរចម្រើនព្រះជន្មវស្សាផងដែរ៕


អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
