សត្វភេ ជានិមិត្តរូបនៃ ស្នេហាស្មោះស្ម័គ្រ និងភក្ដីភាព
  • ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
សត្វភេ ជានិមិត្តរូបនៃ ស្នេហាស្មោះស្ម័គ្រ និងភក្ដីភាព
គ្រួសារភេខ្លួនរលោង កំពុងនាំគ្នាដេកថ្ងៃ ស្ថិតក្នុង Angkor Wildlife and Aquarium ក្នុងខេត្តសៀមរាប។

សៀមរាប៖ សត្វភេ ត្រូវបានគេចាត់ទុកជានិមិត្តរូប «ស្នេហាស្មោះស្ម័គ្រ» ព្រោះសត្វភេ គឺមានដៃគូញីឈ្មោល តែមួយប៉ុណ្ណោះ ក្នុងមួយជីវិតរបស់ពួកវា។ សត្វភេ ជាសត្វសកម្មនៅពេលថ្ងៃ និងជាសត្វពូកែចាប់ត្រីណាស់។ តើភេមានលក្ខណៈពិសេសអ្វីទៀត ដែលគេមិនសូវដឹងពីពួកវា?

TTN-Free-Banner-In-Article-PC

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖ 

សត្វភេ ជាសត្វចតុប្បាទរស់នៅជិតប្រភពទឹក និងមានជំនាញក្នុងការហែលទឹក មុជទឹក និងចាប់ត្រីជាអាហារ។ នៅលើពិភពលោកសត្វភេ មានច្រើនពូជណាស់ ទាំងពូជទឹកសាប និងទឹកប្រៃ។ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ អ្នកនាង ខាត់ ស្រីណុច បុគ្គលិក នៅ Angkor Wildlife and Aquarium បានបញ្ជាក់ថានៅលើពិភពលោកសត្វភេមានចំនួន១៣ប្រភេទ ក្នុងនោះមួយប្រភេទជាប្រភេទភេទឹកប្រៃ។ អ្នកនាងបន្ថែមថា សត្វភេមានវត្តមាននៅស្ទើរគ្រប់ទ្វីបទាំងអស់នៅលើពិភពលោក លើកលែងតែទ្វីបអង់តាកទិក និងទ្វីបអូសេអានី។ ដោយឡែកនៅប្រទេសកម្ពុជាវិញ គេសង្កេតឃើញមានវត្តមានភេចំនួន៣ប្រភេទ ដូចជាភេខ្លួនរលោង, ភេតូច និងភេរោមចម្រុះ។ 

បច្ចុប្បន្នភេខ្លួនរលោង កំពុងត្រូវបានដាក់បង្ហាញឱ្យសាធារណជនចូលទស្សនានៅ Angkor Wildlife and Aquarium។ ពួកវាត្រូវបានគេជួយសង្គ្រោះពីការជួញដូរខុសច្បាប់។ 

ត្រី ជាចំណីចម្បងរបស់សត្វភេ។ ក្នុងរបបអាហាររបស់ភេ គឺ៩០ភាគរយជាត្រី និង១០ភាគរយ ជាសាច់សត្វដទៃផ្សេងទៀត។ បើតាមអ្នកនាង ខាត់ ស្រីណុច ភេត្រូវការរកចំណីស៊ីឱ្យបាន២០ភាគរយ នៃទម្ងន់ខ្លួនរបស់វា។ មានន័យថាប្រសិនបើភេនោះ មានទម្ងន់១០គីឡូក្រាម ដូច្នេះវាត្រូវការស៊ីអាហារឱ្យបាន២គីឡូក្រាម ក្នុងមួយថ្ងៃ។ 

ក្នុងមួយជីវិតរបស់សត្វភេ គឺវាមានដៃគូតែមួយប៉ុណ្ណោះ។ បើតាមអ្នកនាង ខាត់ ស្រីណុច ដោយសារភាពស្មោះស្ម័គ្ររវាងដៃគូនេះហើយ សត្វភេ ត្រូវបានគេថាវាជានិមិត្តរូបនៃសេចក្ដីស្មោះស្ម័គ្រ និងភក្ដីភាព។ 

សត្វភេ ជាសត្វដែលពូកែហែលទឹក​ ដោយសារតែជើងសំប៉ែត ដូចជើងទា និងកន្ទុយសំប៉ែត វែងរបស់ពួកវា។ ក្រៅពីមានជំនាញហែលទឹក សត្វភេ ក៏អាចមុជទឹកបានយូរផងដែរ ​រហូតដល់៨នាទី។ 

អ្នកនាង ខាត់ ស្រីណុច ពន្យល់ន្ថែមដូច្នេះ៖«នៅពេលមុជទឹកសត្វភេមានសមត្ថភាពក្នុងការបន្ថយចង្វាក់បេះដូង ដើម្បីទ្រទ្រង់អុកស៊ីសែន គឺទប់អុកស៊ីសែនប្រើប្រាស់បានយូរ ពេលនៅក្នុងទឹក»។ 

បច្ចុប្បន្នភេទាំង១៣ប្រភេទ​ ត្រូវបានអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានដាក់បញ្ចូលពួកវាជាប្រភេទសត្វងាយរងគ្រោះ រហូតដល់គ្រោះថ្នាក់ខ្លាំងផងដែរ។ ចំពោះពូជភេខ្លួនរលោងវិញ គឺជាពពួកងាយរងគ្រោះ បណ្ដាលមកពីកត្តាគំរាមកំហែងជាច្រើន។ 

បើតាមអ្នកនាង ខាត់ ស្រីណុច ពួកវាត្រូវបានប្រជាជនក្នុងប្រទេសជាច្រើនបានប្រើប្រាស់ពួកវាក្នុងការចាប់ត្រី ដូចជាប្រទេសប៉ាគីស្ថាន, បង់ក្លាដែស និងឥណ្ឌា ជាដើម, ការជួញដូរស្បែកសត្វភេ, ការជួញដូរធ្វើជាសត្វចិញ្ចឹមខុសច្បាប់។ ឯកត្តាចម្បងធ្ងន់ធ្ងរ គឺការកសាងទំនប់វារីអគ្គិសនី ដែលធ្វើឱ្យបាត់បង់ជម្រក និងប្រភពចំណីអាហាររបស់ពួកវា និងការបង្ហូរនូវសារធាតុគីមីចូលទៅកាន់ប្រភពទឹក។ 

គួរជម្រាបផងដែរថា Angkor Wildlife and Aquarium ខេត្តសៀមរាប ជាកន្លែងអភិរក្ស និងសង្គ្រោះសត្វព្រៃ រាប់ចាប់ពីត្រីទឹកសាបក្នុងប្រទេសកម្ពុជា, ត្រីទឹកសាបពីព្រៃអាម៉ាហ្សូន, ត្រីសមុទ្រ, សត្វល្មូន និងសត្វព្រៃដទៃទៀត។ លើសពីការទស្សនា សាធាណជនអាចសិក្សាស្វែងយល់ពីរឿងរ៉ាវ សត្វទាំងនោះ ដែលត្រូវបានគេសង្គ្រោះពីការជាប់អន្ទាក់ និងជួញដូរជាដើម។

Angkor Wild and Aquarium ស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ ដើម្បីងាយស្រួលទៅទស្សនាទីតាំងនេះ លោកអ្នកនាងអាចប្រើប្រាស់ Google map ដោយវាយ «Angkor Wildlife and Aquarium» ឬចុចតំណភ្ជាប់នេះ https://maps.app.goo.gl/bjQxB247BPbRfcnJ7?g_st=it។ 

លោកអ្នកនាងក៏អាចប្រើប្រាស់នូវឡានក្រុងឥតគិតថ្លៃ របស់ Angkor Wildlife and Aquarium បានផងដែរ។ ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខ ០៨១ ៥០២ ៥៥៥ និង ០៦១ ៥០២ ៥៥៥៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី