សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីពីការមិនអនុញ្ញាតឱ្យមានការផលិតបារីអេឡិចត្រូនិកនៅកម្ពុជា
  • ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៤១ នាទី ល្ងាច
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីពីការមិនអនុញ្ញាតឱ្យមានការផលិតបារីអេឡិចត្រូនិកនៅកម្ពុជា
សម្តេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ) ក្នុងពេលទទួលចួប លោក Barros Figueira Miguel ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា(ឆ្វេង) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ទៅលើផលិតផលថ្នាំជក់ និងបារី  ដើម្បីធានាពីសុខុមាលភាពសង្គម និងការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់នៅលើទីផ្សារកម្ពុជា។ ក្នុងនោះ រាជរដ្ឋាភិបាលបានបង្ហាញគោលជំហច្បាស់លាស់ ដោយមិនអនុញ្ញាតឱ្យមានការផលិតបារីអេឡិចត្រូនិកនៅកម្ពុជា។
TTN-Free-Banner-In-Article-PC


សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានការយកចិត្ត ទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពិនិត្យយន្តការនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលើកកម្ពស់សុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។ សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖« រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ នៃផលិតផលថ្នាំជក់ និងបារី និងបានជំរុញការត្រួតពិនិត្យការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុលោមតាមច្បាប់»។ 

ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយលោក Barros Figueira Miguel ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នៅថ្ងៃទី១៣ ខែឧសភា។ ក្នុងជំនួបនោះប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការវិនិយោគលើការ ផលិតបារីអេឡិចត្រូនិក (e-cigarattes) នៅកម្ពុជាឡើយ។ 

ក្នុងជំនួបនោះដែរ ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា លោក Barros Figueira Miguel បានប្រាប់ប្រមុខរាជរដ្ឋាភិបាលថា កន្លងមកសមាគមបានរួមចំណែកបង្កើតការងារក្នុងស្រុកបានជាង ៤៥០០កន្លែង និងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ក្រៅពីនេះ សមាគមក៏បានចូលរួមក្នុងការងារមនុស្សធម៌ផងដែរតាមរយៈការផ្តល់ឧបករណ៍ទឹកស្អាត ការផ្តល់កុំព្យូទ័រ សម្ភារបរិក្ខាមួយចំនួនដល់សហគមន៍។ 

បន្ថែមពីនេះ ប្រធានសមាគម ATIC បានបង្ហាញការគាំទ្រចំពោះរាល់គំនិតផ្តួចផ្តើមដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល និងបង្ហាញបំណងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់ និងបារី ដល់ពលរដ្ឋកម្ពុជា៕


 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ