លទ្ធផល DNA៖ ពលរដ្ឋខ្មែរ ២នាក់ទៀតស្លាប់ ក្នុងការបាក់អគារដោយសាររញ្ជួយដីនៅថៃ
  • ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៥ នាទី ព្រឹក
លទ្ធផល DNA៖ ពលរដ្ឋខ្មែរ ២នាក់ទៀតស្លាប់ ក្នុងការបាក់អគារដោយសាររញ្ជួយដីនៅថៃ

ពលរដ្ឋខ្មែរ ២នាក់ទៀត ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងហេតុការណ៍បាក់រលំអគារ ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ។ នេះបើយោងតាមលទ្ធផលពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យ នៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
TTN-Free-Banner-In-Article-PC


បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្សាយដំណឹងនេះ នៅព្រឹកថ្ងៃទី១៤ ឧសភា ជនរងគ្រោះ គឺលោក សាន់ សឿន អាយុ ៣៨ឆ្នាំ និង លោកស្រី សុខ គឹមសី អាយុ៣១ឆ្នាំ។ 

បច្ចុប្បន្ន ក្រសួងនិងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កំពុង សម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យនៅស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ 

មកទល់ពេលនេះ មានពលរដ្ឋខ្មែរ៤រូបហើយ ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងករណីបាក់អគារ ដែលបង្កឡើងដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ពលករខ្មែរដំបូងឈ្មោះ មាស សាវ៉ាង វ័យ២៣ឆ្នាំ រស់នៅភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សពជនរងគ្រោះទី២ ឈ្មោះ ផល្លា រតនា មានវ័យ២៤ឆ្នាំ៕


 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ