- ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

វិមានក្រេមឡាំង នៅថ្ងៃទី១៣ ខែឧសភា បានប្រកាសថា រុស្ស៊ី នឹងបញ្ជូនតំណាងរបស់ខ្លួនទៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងការបញ្ចប់សង្រ្គាម ប៉ុន្តែរុស្ស៊ីមិនបានបញ្ជាក់ពីវត្តមានរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីឡើយ។ ជុំវិញប្រធានបទនេះ សមភាគីអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសមិនចង់ជួបមន្រ្តីរុស្ស៊ីណា ក្រៅពីលោកពូទីននោះទេ។
បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្នើភាគីអ៊ុយក្រែនជួបដោយផ្ទាល់ នៅតួកគី ក្នុងថ្ងៃទី១៥ ខែឧសភា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថា លោក ត្រៀមខ្លួនជាស្រេច សម្រាប់ជំនួបជួបផ្ទាល់ដែលអាក់ខានតាំងពីឆ្នាំ២០១៩ មកនេះ។ ខណៈមិនទាន់បញ្ជាក់ពីវត្តមានរបស់លោក ពូទីន វិមានក្រេមឡាំង នឹងបញ្ជូនមន្រ្តីតំណាង ប៉ុន្តែមិនទាន់បញ្ចេញឈ្មោះមន្រ្តីទាំងនោះឡើយ។
«មន្រ្តីតំណាងរបស់យើង នឹងទៅទីក្រុងអ៊ីស្តង់ប៊ុល ហើយរង់ចាំភាគីអ៊ុយក្រែននៅទីនោះ»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៣ ខែឧសភា។
ខណៈរុស្ស៊ីមិនទាន់បញ្ចេញសមាសភាព អតីតមន្រ្តីរុស្ស៊ីម្នាក់ បានប្រាប់សារព័ត៌មាន The Washington Post ថា លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងលោក Yuri Ushakov មន្រ្តីផ្នែកគោលនយោបាយការបរទេសរបស់លោក ពូទីន នឹងចូលរួម។
ស្របគ្នានេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលកំពុងបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា បានប្រកាសបញ្ជូនប្រមុខការទូតរបស់ខ្លួន លោក Marco Rubio ទៅចូលរួម។ លោក ត្រាំ រំពឹងថា ជំនួបរវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន អាចទទួលបានលទ្ធផលល្អ។ កន្លងមក លោក ត្រាំ ក៏បានបង្ហាញពីបំណងចង់ចូលរួមដែរ ប៉ុន្តែលុះត្រាតែ លោកពូទីន បង្ហាញវត្តមាន។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ជាថ្មីថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះឡើយ បើគ្មានវត្តមានរបស់លោក ពូទីន។ បើតាមលោក ហ្សេលេនស្គី ការសម្រេចមិនចង់ជួបមន្រ្តីរុស្ស៊ីបែបនេះ ព្រោះលោកជឿថា អ្វីគ្រប់យ៉ាងស្ថិតលើមាត់របស់លោក ពូទីន។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៣ ខែឧសភា លោក ហ្សេលេនស្គី បានបញ្ជាក់ពីដំណើរទស្សនកិច្ចទៅតួកគី ដើម្បីរង់ចាំលោក ពូទីន និងជួបជាមួយលោក Recep Tayyip Erdogan ដែលជាប្រធានាធិបតីប្រទេសមួយនេះ។
ការដាក់សំណើរបស់រុស្ស៊ី ក្នុងការជួបចរចាដោយផ្ទាល់បែបនេះ ធ្វើឡើងស្របពេលសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធលើរុស្ស៊ីឱ្យទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃ បើមិនចង់រងទណ្ឌកម្ម ក្នុងពេលឆាប់ៗនៅពេលខាងមុខ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
