- ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:៤៩ នាទី ព្រឹក

ភ្នំពេញ៖ លោក ប៊ុត សីហា អតីតម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធី ប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី ១ នៅឆ្នាំ២០១៤ កំពុងបម្រើការងារជាបុគ្គលិកផ្នែកOrderនៅហាងមួយកន្លែងនៅម្តុំកោះពេជ្រ។ លោក ឃុន ធារិទ្ធិ ម្ចាស់ហាង Ella House ដែលបានផ្ដល់ឱកាសការងារដល់លោក ប៊ុត សីហា បានស្នើសុំឲ្យសាធារណជនកុំរើសអើង និងជួយលើកទឹកចិត្តដល់ម្ចាស់ពាន The Voice រដូវកាលទី១រូបនេះ ដើម្បីរូបគេមានឱកាសត្រឡប់ចូលសិល្បៈវិញ។
លោក ឃុន ធារិទ្ធិ ដែលអះអាងថា ជាមិត្តជិតស្និទ លោក ប៊ុត សីហា បានផ្ដល់ឱកាសឱ្យតារាចម្រៀងមានរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀនរូបនេះ មករស់នៅ និងធ្វើការងារជាមួយខ្លួន ក្រោយពី ប៊ុត សីហា បាត់សំឡេងពីសិល្បៈ។ លោក ប៊ុត សីហា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន កាលពីឆ្នាំ២០២៣។
ផលិតកររូបនេះ បានរៀបរាប់ទៀតថា លោកបានផ្ដល់ការងារឱ្យលោក ប៊ុត សីហា បំពេញរៀងរាល់ថ្ងៃ ចាប់ពីព្រឹក រហូតដល់យប់។ បើតាមលោក ឃុន ធារិទ្ធិ ការរៀបចំផែនការការងារឱ្យលោក ប៊ុត សីហា រវល់ស្ទើរតែ២៤ម៉ោងនេះ ក្នុងគោលបំណងឱ្យរូបគេ ចៀសឆ្ងាយពីអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន។
លោក ធារិទ្ធិ បានសសេររៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៣ ឧសភា ដូច្នេះ៖« ឃើញថាថ្ងៃទី១ (ដំបូង) សីហា នៅរៀងអៀន មិនទាន់លះ តែខ្ញុំនឹងក្រុមការងារបានជួយជំរុញចិត្តគាត់។ មូលហេតុដែលខ្ញុំឱ្យសីហា ចុះមកជួយហាង ជាអ្នក Order ខ្ញុំគិតថាមិនថោកថ្លៃអីទេ ខ្ញុំចង់ឱ្យគាត់ទម្លាក់ខ្លួនឱ្យអស់ ផ្លាស់ប្តូរបរិបទរស់នៅ ដោយពេលព្រឹកហាត់ប្រាណ ថ្ងៃហាត់ច្រៀង ល្ងាច ជួយហាង។ ខ្ញុំស៊ាំសីហា ឱ្យចេះមានទំនាក់ទំនងជាមួយមនុស្សឡើងវិញ កុំខ្លាចគេមើលមកថាម៉េច ឬគេរើសអើង។ »។
(ឆ្វេង) លោក ឃុន ធារិទ្ធិ ផលិតករ និងជាម្ចាស់ហាង Ella House និងលោក ប៊ុត សីហា ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ។
លោក ឃុន ធារិទ្ធិ ដាក់ក្តីសង្ឃឹមទៅលើកលោក ប៊ុត សីហា ថា បើរូបគេអាចឆ្លងផុតដំណាក់កាលនេះ ដោយជោគជ័យ គឺរូបគេនឹងរឹងមាំជាមុន។
ក្រោយបង្ហោះសារនៅហ្វេសប៊ុកហើយ ម្ចាស់ហាង Ella House រូបនេះ ក៏បានបញ្ជាក់បន្ថែមតាមរយៈការផ្សាយផ្ទាល់ នៅថ្ងៃដដែលថា លោកជួយជ្រោមជ្រែងលោក ប៊ុត សីហា គឺជួយដោយស្មោះត្រង់ ក្នុងនាមជាអ្នកស្គាល់គ្នា និងគ្មានបំណងកេងចំណេញប្រជាប្រិយភាព ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ផលិតកររូបនេះ បានសង្កត់ធ្ងន់ថា បំណងលោកចង់ឱ្យម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១រូបនេះ មានសកម្មភាព ផ្សាភ្ជាប់ទំនាក់ទនងជាមួយមនុស្សជុំវិញខ្លួន ជាជាងសម្ងំក្នុងបន្ទប់ម្នាក់ឯង ដែលនាំឱ្យកើតជំងឺបាក់ទឹកចិត្ត។
នៅក្នុងការផ្សាយផ្ទាល់ជិត ២០នាទីនោះ លោក ឃុន ធារិទ្ធិ ក៏បានទទូចសុំឱ្យភ្ញៀវដែលមកហាងអាហាររបស់លោក កុំរើសអើង និងផ្តល់កម្លាំងចិត្តដល់លោក ប៊ុត សីហា ដែលបានប្តេជ្ញាកែខ្លួនឡើងវិញនេះ។ មា្ចស់ហាងរូបនេះ ក៏បានប្រាប់ពីគោលបំណងចង់ផលិត MV ជាមួយលោក ប៊ុត សីហា បន្ថែមទៀតផង៕
លោក ប៊ុត សីហា ឈរទទួលភ្ញៀវចូលហាង Ella House។
អ្នកសរសេរអត្ថបទ
លោក តុប វណ្ណារ៉ា (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។
