- ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:១៩ នាទី រសៀល

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីស៊ីរីស្តីទី លោក Ahmed al-Sharaa ជាលើកដំបូង នៅថ្ងៃទី១៤ ខែឧសភា ក្នុងទឹកដីអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយស្រង់ប្រភពមន្រ្តីអាម៉េរិក។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា លោកប្រធានាធិបតីដូណាល់ ត្រាំ បានក្លាយជាមេដឹកនាំអាម៉េរិកដំបូងគេ ក្នុងរយៈពេល ២៥ឆ្នាំ ដែលបានជួបជាមួយមេដឹកនាំស៊ីរី។ លោក ត្រាំ បានជួបជាមួយប្រធានាធិបតីស៊ីរីស្តីទី លោក Ahmed al-Sharaa នៅលើកទឹកដីអារ៉ាប៊ីសាអូឌីត។
ជំនួបរវាងមេដឹកនាំទាំងពីរ ធ្វើឡើងក្រោយលោក ត្រាំ បានប្រកាសលើកចោលទណ្ឌកម្មសម្រាប់ស៊ីរី ក្នុងថ្ងៃទី១៣ ខែឧសភា។
បើតាមមេដឹកនាំអាម៉េរិក ការផ្លាស់ប្តូរគោលនយោបាយបែបនេះ នឹងផ្តល់ឱកាសដ៏អស្ចារ្យ ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ត្រង់ចំណុចនេះ លោក ត្រាំ បានជំរុញឱ្យមេដឹកនាំស៊ីរីស្ថាបនាប្រទេសឡើងវិញ ក្រោយប្រឈមនឹងសង្រ្គាម និងការបាក់បែកជាច្រើនឆ្នាំ។
ចាប់តាំងពីឆ្នាំ១៩៧៩ មក អាម៉េរិក បានដាក់ស៊ីរីជារដ្ឋគាំទ្រភេរវកម្ម។ លើសពីនេះ អាម៉េរិកបានដាក់ទណ្ឌកម្មជាច្រើនលើកលើប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ដូចជានៅក្នុងឆ្នាំ២០០៤ និងឆ្នាំ២០១១។ នៅក្នុងឆ្នាំ២០១១ រដ្ឋាភិបាលរបស់លោក Bashar Assad បានបង្រ្កាបលើក្រុមបះបោរប្រឆាំងនឹងរដ្ឋាភិបាលយ៉ាងខ្លាំង។
រដ្ឋាភិបាលរបស់លោក Assad ត្រូវបានទម្លាក់ចោលដោយក្រុមប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយលោក Ahmed al-Sharaa ដែលជាអតីតសមាជិកក្រុម al-Qaeda បានដឹកនាំរដ្ឋាភិបាលអន្តរកាលមួយនេះវិញ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
