- ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:០៣ នាទី រសៀល

ភ្នំពេញ៖ បញ្ហាអចលនទ្រព្យ បន្តជាប់គាំង ចាប់តាំងពីវិបត្តិកូវីដ-១៩ ផ្ទុះឡើងមក។ ពលរដ្ឋភាគច្រើន ជួបបញ្ហាហិរញ្ញវត្ថុ ស្របពេលដែលវិស័យដីធ្លី ផ្ទះល្វែង បុរី និងខុនដូរជាច្រើន ពិបាកលក់ក្នុងទីផ្សារអចលនទ្រព្យ ។ ដោយសារបញ្ហាទាំងនេះ ទើបមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រើនរំឭកពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញអចលនទ្រព្យ។
បច្ចុប្បន្នវិស័យអចលនទ្រព្យ កំពុងជាប់គាំង ដែលជាមូលហេតុធ្វើឱ្យម្ចាស់គម្រោងមួយចំនួន ខ្ចីប្រាក់ពីធនាគារមកវិនិយោគ លើវិស័យនេះ ក៏ជាប់គាំងចរន្តហិរញ្ញវត្ថុ ហើយពិបាកសងត្រឡប់ទៅកាន់ធនាគារវិញដែរ។ ជាពិសេសម្ចាស់គម្រោង ដែលប្រើប្រាស់ថវិកាកម្ចីទាំងស្រុងពីធនាគារ ដើម្បីយកមកវិនិយោគលើវិស័យអចលនទ្រព្យនេះ។
ដើម្បីបញ្ចៀសបញ្ហារវាងអ្នកទិញ និងម្ចាស់គម្រោងអចលនទ្រព្យនេះ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានក្រើនរំឭកពលរដ្ឋ ដែលមានបំណងទិញដីឡូតិ៍ ផ្ទះ បុរី និងខុនដូរជាដើម ត្រូវស្វែងយល់ពីប្រវត្តិម្ចាស់គម្រោងឱ្យច្បាស់សិន។ ត្រង់ចំណុចនេះ លោក ច័ន្ទសង្វារ បានពន្យល់ថា ក្រុមហ៊ុន ឬម្ចាស់គម្រោងមួយចំនួន តែងតែយកគម្រោង ឬប្លង់ដីអចលនទ្រព្យគម្រោង ទៅដាក់បញ្ចាំនៅធនាគារ ដើម្បីបានទុនយកមកវិនិយោគ ហើយនៅពេលអតិថិជន ទៅទិញដីឡូតិ៍ ផ្ទះ ឬបុរីគម្រោងនោះ វាបង្កើតបានជាចរន្តសាច់ប្រាក់ ដើម្បីយកទៅអភិវឌ្ឍន៍គម្រោង និងទូទាត់ទៅឱ្យធនាគារវិញ។ ក្នុងន័យនេះ លោក ច័ន្ទសង្វារ ព្យាយាមពន្យល់ថា បើសិនជាមិនមានករណីវិបត្តិសេដ្ឋកិច្ច ឬអចលនទ្រព្យទេ គឺក្រុមហ៊ុន ឬម្ចាស់គម្រោងអចលនទ្រព្យទាំងនោះ មិនជួបបញ្ហាហិរញ្ញវត្ថុឡើយ។
ក្នុងករណីមួយទៀត ដែលពលរដ្ឋត្រូវប្រុងប្រយ័ត្នបំផុត គឺករណីម្ចាស់គម្រោង យកប្រាក់វិនិយោគទាំងដុល (១០០ភាគរយ ឬលើសពី១០០ភាគរយ) ពីធនាគារ មករកស៊ីលើវិស័យអចលនទ្រព្យ។ សម្រាប់ករណីនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងដែនរូបនេះ សង្កត់ធ្ងន់ថា វាជាគម្រោងអចលនទ្រព្យមួយ ដែលផ្ដល់ហានិភ័យខ្ពស់សម្រាប់ពលរដ្ឋ ទៅទិញដីឡូតិ៍ ផ្ទះ បុរី ឬខុនដូររបស់គម្រោងនោះ។
តាមរយៈហ្វេសប៊ុករបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី បានបង្ហោះវីដេអូឃ្លីប ជាង៣នាទី កាលពីថ្ងៃទី១៣ ឧសភា ដែលបានស្រង់សម្តីលោក ថេង ច័ន្ទសង្វារ ធ្វើបទអន្តរាគមន៍ក្នុងកម្មវិធីមួយ យ៉ាងដូច្នេះ៖ ក្រុមហ៊ុនមួយនោះ អត់មានលុយមួយរៀលសោះ ស្អីក៏ខ្ចីគេដែរ ហើយបើយើងទៅទិញ(អចលនទ្រព្យ) ចំក្រុមហ៊ុនបែបនេះ គឺយើងប្រថុយកាន់តែធំហើយ។ ប៉ុន្តែបើក្រុមហ៊ុន មានលុយ(ផ្ទាល់ខ្លួន) ៧០ភាគរយ ហើយទៅខ្ចីគេតែ៣០ភាគរយ គឺក្រុមហ៊ុននោះ គ្រាន់បើហើយ ព្រោះមានបញ្ហាអ្វី គាត់ជំពាក់គេតែ៣០ភាគរយទេ។ ហើយបើក្រុមហ៊ុន មិនដឹងពីសុខភាពក្រុមហ៊ុន ស្រាប់តែទៅខ្ចីគេ៩០ភាគរយ ហើយខ្លួនយើងមានតែ១០ភាគរយ ឬក៏អ្នកខ្លះទៅខ្ចីគេ ១២០ភគារយ ហើយខ្លួនឯងអត់មានអីសោះ ហើយយើង(ពលរដ្ឋ) ទៅទិញដែរ គឺយើងប្រថុយមែនទែន។ ហើយមានអតិថិជននៅតាមបុរីច្រើនណាស់ ដែលជួបរឿងនេះ»។
មន្ត្រីជាន់ខ្ពស់រូបនេះ នៅតែរំឭកពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវសិក្សាលើគម្រោងអចលនទ្រព្យឱ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញ ដើម្បីកុំឱ្យខាតបង់ផលប្រយោជន៍ និងពេលវេលា។«ថ្ងៃក្រោយយើងប្រយ័ត្នបន្តិច ព្រោះការវិនិយោគប្រឈមនឹងការប្រថុយ។ អ៊ីចឹងបើយើងមិនច្បាស់ថា អ្នកអភិវឌ្ឍនោះ គាត់ទៅរួចត្រឹមណា ពូកែត្រឹមណា ត្រូវមើលមុខ មើលក្រោយផង កុំលេងធំៗពេក បើគ្រោងទិញ(ដីឡូតិ៍,ផ្ទះ និងបុរី) ២អី មកទិញត្រឹមតែ១បានហើយ។ ហើយបើមិនទាន់ច្បាស់ថា ដីនោះ ជារបស់ម្ចាស់គម្រោងទេ កុំទិញតែម្ដង។ ហើយបើមិនទាន់ឃើញគេ ពុះដីឡូតិ៍នោះ ពុះបំបែកបណ្ណមួយៗទេ កុំទិញតែម្ដង។ ហើយបើរឹតតែច្បាស់មែនទែន បើឃើញបណ្ណ(ប្លងដីគម្រោង) ដាក់បញ្ចាំនៅធនាគារ កុំទិញតែម្ដង គឺយើងកុំប្រថុយ។ ហើយបើបណ្ណនោះ មិនជាប់អីទាំងអស់ គឺយើងទិញចុះ»។ នេះបើតាមលោក ថេង ច័ន្ទសង្វារ៕
អ្នកសរសេរអត្ថបទ
