លោកដូណាល់ ត្រាំ ទៅ​ទស្សនកិច្ចនៅដើមបូព៌ា សង្ឃឹម​ការវិនិយោគដ៏ធំពី​​​អារ៉ាប៊ីសាអូឌីត
  • ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៣០ នាទី រសៀល
លោកដូណាល់ ត្រាំ ទៅ​ទស្សនកិច្ចនៅដើមបូព៌ា សង្ឃឹម​ការវិនិយោគដ៏ធំពី​​​អារ៉ាប៊ីសាអូឌីត

លោក​ដូណាល់ ត្រាំ បាន​ចាប់ផ្តើមទស្សនកិច្ចនៅតំបន់​ដើមបូព៌ា ដោយ​បានធ្វើដំណើរទៅដល់ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ​ ទី​១៣ឧសភា។ ដោយ​​ភាពស្និទ្ធស្នាលក្អាកក្អាយ ជាមួយ​នឹង​លោក​ព្រះអង្គមហាម៉េដបេនសាល់ម៉ាន់ លោក​ដូណាល់ ត្រាំ សង្ឃឹមថានឹងបានទទួល​ការ​បោះទុកវិនិយោគដ៏ច្រើនសន្ធឹកនៅសហរដ្ឋអាមេរិក ពីសំណាក់អារ៉ាប៊ីអាសអូឌីត​។

TTN-Free-Banner-In-Article-PC

លោកដូណាល់ ត្រាំ ត្រូវបាន​អារ៉ាប៊ីសាអូឌីត ទទួលស្វាគមន៍​យ៉ាងសម្បើមអស្ចារ្យ កាលពីព្រឹកថ្ងៃអង្គារទី​១៣ឧសភា។ យន្តហោះចម្បាំង​ F-15 របស់អារ៉ាប៊ីសាអូឌីត បានហោះមកអមការពារយន្តហោះ Air force 1 របស់លោក​ដូណាល់ ត្រាំ មុននឹងចុះចត​នៅ​រដ្ឋធានីរីយ៉ាត ដែល​ព្រះអង្គម្ចាស់រាជទាហាន ម៉ូហាម៉េដ បេនសាល់ម៉ាន់ មករងចាំទទួលដោយ​ផ្ទាល់តែម្តង​។

ក្រៅពីសមាជិកសំខាន់ៗនៃរដ្ឋបាលលោក លោកដូណាល់ ត្រាំ ត្រូវ​អមដំណើរដោយ​ អគ្គនាយកក្រុមហ៊ុនអាមេរិកធំៗជាច្រើននាក់ ក្នុងនោះគឺមានលោក​ អ៊ីឡុ​ន ម៉ឺស្ក៍ ទីប្រឹក្សា​ពិសេសរបស់​លោក។ ជាទស្សនកិច្ចដែល​ផ្តោតអាទិភាពទៅលើវិស័យសេដ្ឋកិច្ច​ និងការវិនិយោគ​ ដោយ​រាប់ទាំងវិស័យ​ការពារជាតិ អាកាសចរណ៍ ថាមពល និង​បញ្ញាសិប្បនិម្មិតជាដើម។ 

កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត ត្រូវបានចុះហត្ថលេខា ដោយ​លោកដូណាល់ ត្រាំ​ ព្រះអង្គម្ចាស់បេនសាល់​ម៉ាន់​។

សូមបញ្ជាក់ថា កាលពីខែ​មករា ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ ធ្លាប់បានលើកឡើងអារ៉ាប៊ីសាអូឌីត សន្យា​ចំណាយ​ប្រាក់វិនិយោគនៅសហរដ្ឋអាមេរិក ប្រមាណ​៦០០ពាន់លាន​ដុល្លារ​។ ក៏ប៉ុន្តែ​លោកដូណាល់ ត្រាំ ដែលគ្រប់គ្នាដឹងថាចូលចិត្តអួតពីសមត្ថភាពដ៏ប៉ិនប្រសព្វក្នុងការចរចា​នោះ បាន​ទាមទារ​ឲ្យអារ៉ាប៊ីអូឌីត ត្រូវសន្យាវិនិយោគ ឲ្យ​បានដល់ ១០០០ពាន់លានដុល្លារ​។

ក្រៅពី​ការចរចារឿងលុយរឿងកាក់ តាមការរំពឹងទុក លោកដូណាល់ ត្រាំ ប្រាកដជានឹងលើកឡើងអំពីសំណុំរឿងការបរទេស​ផងដែរ នៅក្នុងទស្សនកិច្ច​នេះ ដើម្បី​ប្រាប់ទៅកាន់ពិភពលោកថា រឿងចរចាការទូតក៏លោក​ពូកែណាស់ដែរ​។ 

សំណុំរឿងតំបន់ហ្កាហ្សា មិនបានទៅណាឆ្ងាយ​ពីទស្សនកិច្ចនេះឡើយ។ ផ្អែកតាមលោក Steve Witkoff ប្រេសិតពិសេស របស់​លោកដូណាល់ ត្រាំ ប្រចាំតំបន់ដើមបូព៌ា បានបង្ហោះសារតាមបណ្តាញសង្គមX ថា នៅរីយ៉ាត លោក​ជួបជាមួយចំណាប់ខ្មាំងជនជាតិអាមេរិក​ដើមកំណើតជ្វីហ្វម្នាក់ ឈ្មោះ Edan Alexander ដែលទើបតែត្រូវបាន​ក្រុមហាម៉ាសដោះលែងពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី​១២ឧសភា។ 

វ៉ាស៊ីនតោនបានអះអាងថា ចំណាប់ខ្មាំងរូបនេះត្រូវបានដោះលែង ក៏ដោយសារតែមានអន្តរាគមន៍​ពិសេសនិងដោយ​ផ្ទាល់ ពីសំណាក់សហរដ្ឋអាមេរិក​តែម្តង​។

ដោយឡែក​ ទាក់ទិននឹង​គម្រោង​បញ្ចុះបញ្ចូល​ ឲ្យ​អារ៉ាប៊ីសាអូឌីត ព្រមភ្ជាប់ទំនាក់ទំនងល្អជាផ្លូវការ​ជាមួយអ៊ីស្រាអែលវិញ គឺមិនស្ថិតនៅក្នុង​កម្មវិធីទស្សនកិច្ចនេះទេ ដោយសារតែស្ថានការណ៍​សង្គ្រាមកាន់តែដុនដាបនៅតំបន់ហ្កាហ្សា​។ 

ទោះជាយ៉ាងនេះក្តី រីយ៉ាតបានអះអាងថា អ្វីៗអាចមានដំណោះស្រាយ ប្រសិន​បើមានការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ​។

គួរកត់សំគាល់ថា នយោបាយការទូតរបស់​លោកដូណាល់ ត្រាំ​ គឺមានភាពសកម្ម​ លឿនរហ័សគ្រប់មុំ​ ហើយ​​ធ្វើឲ្យ​គ្រប់គ្នាពិបាកស្មានដឹងខ្លាំងណាស់។ បន្ទាប់ពីបាន​ចាប់ផ្តើមចរចាជាមួយអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរ រដ្ឋបាល​លោកដូណាល់ ត្រាំ​ ទើបតែបានចុះហត្ថលេខា​ឈប់ប្រយុទ្ធ ជាមួយក្រុមហ៊ូទីយេម៉ែនថែមទៀតផង។ 

បន្ថែមពីនេះ ទស្សនកិច្ចរបស់លោកត្រាំ នៅតាមប្រទេសអារ៉ាប់ឈូងសមុទ្រក្នុងពេលនេះ​​បានធ្វើ​ ឲ្យអ៊ីស្រាអែល​ភ័យបារម្ភ ថាខ្លួននឹងលែងជាអាទិភាពទៀតហើយ ក្នុងក្រសែភ្នែកលោកដូណាល់ ត្រាំ។

ដូចគ្នាដែរ ក្រុមប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រ កំពុងតែស្ទាបស្ទង់និងតាមដានយ៉ាងប្រុងប្រយ័ត្ន ព្រោះថាគេពិបាកយល់ ​នូវ​កម្មវត្ថុ​រយៈ​ពេលយូរអង្វែងដែលលោកដូណាល់ ត្រាំ បានសំឡឹងទុក។ តែទន្ទឹមនឹងនេះ ក្រុមប្រទេសអារ៉ាប់ស្គាល់ពីចំណុចខ្សោយ​លោកដូណាល់ ត្រាំ ដែលចូលចិត្ត​ឲ្យគេបញ្ជោរសរសើរ​។ 

ចេញពី​អារ៉ាប៊ីសាអូឌីត លោកដូណាល់ ត្រាំ និងធ្វើដំណើរទៅកាតា និងអេមៀរ៉ាតអារ៉ាប់រួម​​។ មុនចេញដំណើរពីវ៉ាស៊ីនតោន​​មក​ លោកដូណាល់ ត្រាំ បានធ្វើឲ្យផ្ទុះការរិះគន់មួយរួចទៅហើយ បន្ទាប់ពីលោក​បានប្រកាសយល់ព្រម ទទួលអំណោយ​ពិសេស ពីគ្រួសាររាជវង្សកាតា គឺ​យន្តហោះ Boeing 747 ដ៏ប្រណិត​​មួយគ្រឿង៕​

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other