- ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:១៩ នាទី ល្ងាច

លោក ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមឡាំពិកកម្ពុជា (NPC) រំពឹងថាវត្តមានលោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) នៅទឹកដីកម្ពុជា នឹងរួមចំណែកលើកកម្ពស់អត្តពលិកប៉ារ៉ាកម្ពុជា និងពង្រឹងទំនាក់ទំនស្ថាប័នទាំងពីរកាន់តែប្រសើរ។
លោក Andrew Parsons ប្រធាន IPC បានមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៤ ខែឧសភា ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
បុរសសញ្ជាតិប្រេស៊ីល វ័យ៤៨ឆ្នាំ ដែលកាន់តំណែងប្រធាន IPC ពីរអាណត្តិ បានទៅពិនិត្យទីលានហ្វឹកហាត់ចំនួន ៧ប្រភេទកីឡាប៉ារ៉ាឡាំពិកនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាប៉ារ៉ាឡាំពិកក្នុងមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន សាលាពិការភ្នែក យូដូ និង ពហុកីឡដ្ឋានជាតិមរតកតេជោ។
រូបភាព៖ NPC Cambodia
លោក ហ៊ុន ម៉ានី អនុប្រធាន NPC និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក យី វាសនា អគ្គលេខាធិការ NPC បានជួបពិភាក្សាការងារជាមួយ លោក Andrew Parsons នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរយៈពេល៣ថ្ងៃ លោក ហ៊ុន ម៉ានី រំពឹងថា ប្រធាន IPC នឹងស្វែងយល់ពីកម្ពុជា និងរួមចំណែកលើកកម្ពស់អត្តពលិកប៉ារ៉ារបស់កម្ពុជា ផង។
ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធាន NPC កម្ពុជាបានចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ ២០២២ និងមានលទ្ធភាពរៀបចំធ្វើម្ចាស់ផ្ទះ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ថែមទៀត។
ក្រៅពីនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដឹកនាំប្រតិភូចូលរួមការប្រកួតកម្រិតពិភពលោក ដែលរៀបចំដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IOC) ចំនួន ៧ លើកផងដែរ។ NPC នឹងដឹកនាំប្រតិភូទៅចូលរួមប្រជែងមេដាយប៉ារ៉ាឡាំពិក នៅទឹកដីអាម៉េរិក ឆ្នាំ ២០២៨៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
