សម្ដេច ហ៊ុន សែន ណែនាំឱ្យអ្នកជំនួញជប៉ុន វិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា
  • ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
សម្ដេច ហ៊ុន សែន ណែនាំឱ្យអ្នកជំនួញជប៉ុន វិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជួបជាមួយ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ដើម្បីពិភាក្សាការងារវិនិយោគ។ រូបពី ទំព័រហ្វេសប៊ុក សម្តេចហ៊ុន សែន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ បានជួបជាមួយ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយក​ប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ដើម្បីពិភាក្សាការងារវិនិយោគ។ សម្ដេច ក៏ណែនាំឱ្យ វិនិយោគវិស័យកសិឧស្សាហកម្ម ដោយសារកម្ពុជាសម្បូរវត្ថុធាតុដើម។

TTN-Free-Banner-In-Article-PC

ជំនួបរវាង ប្រធានព្រឹទ្ធសភា និង នាយក​ប្រតិបត្តិសាជីវកម្មទេសចរជប៉ុន នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ឧសភា។ បើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា លោក អាគីរ៉ា ដូដាតេ ចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅកម្ពុជា។ សម្ដេចក៏អរគុណជប៉ុន ដែល​ចាប់​អារម្មណ៍​ចំពោះ​ការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យនេះ។ 

នាយក​ប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានលើកពី ​សក្ដា​នុពល​កសិកម្ម​នៅ​​ជប៉ុន ​ដែល​កម្ពុជា​អាច​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ និងអាចរៀនសូត្របាន។ លោកថា ជប៉ុនបាន​ធ្វើ​កសិកម្ម​តាម​បែប​ឆ្លាត​វៃ ដោយពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ចំណុចនេះ លោក អាគីរ៉ា ដូដាតេ សង្ឃឹមថាក្រុមហ៊ុនលោក នឹងអាចជួយសម្របសម្រួល ក្នុង​ការ​បណ្ដុះ​ធន​ធាន​មនុស្ស​កម្ពុជា​បន្ថែម​ទៀត ពាក់ព័ន្ធនឹង​វិស័យ​កសិកម្មឆ្លាតវៃរបស់ជប៉ុនមកដល់កម្ពុជា។

នាពេលខាងមុខ លោក អាគីរ៉ា ដូដាតេ សង្ឃឹមបែបនេះ៖ «តាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងអាចមានដំណើរ​ទស្សន​កិច្ច​ពី​មន្រ្ដី​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែង​យល់​អំពី​ទិដ្ឋភាព​នៃ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​យកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា»។ 

ជាមួយគ្នាដែរ លោក អាគីរ៉ា ដូដាតេ បា​ន​ស្នើ​សុំ​ការចង្អុលបង្ហាញ ពីសម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជាផងដែរ។

សម្ដេច ហ៊ុន សែន បង្ហាញពីចំណុចដែលកម្ពុជាត្រូវតែបំពេញ និង​អភិវឌ្ឍ​បន្ថែម គឺការកែច្នៃ ដោយសារបច្ចុប្បន្ន កំណើននៃការផលិតនៅក្នុងប្រទេសកម្ពុជា មាន​ការកើន​ឡើង​ច្រើន។ ប្រធានព្រឹទ្ធសភា ក៏ឃើញ​កម្ពុជា​​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ ដែល​ជា​វត្ថុ​ធាតុ​ដើម​ទៅ​លក់​នៅ​ក្រៅ​ប្រ​ទេស ដែលធ្វើឱ្យកម្ពុជាខាតបង់នូវផលប្រយោជន៍។

សម្ដច ហ៊ុន សែន បានណែនាំភាគីជប៉ុនបែបនេះ៖ «បើក្រុមហ៊ុន​ជប៉ុន​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​វិនិយោ​គបន្ថែម លើវិស័យ​កសិ​ឧស្សា​ហកម្ម​ កែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញនោះ គឺជា​ចំណុច​ខ្លាំង​មួយ ដែ​ល​អាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំចេញផលិតផល និង​ទាញ​យក​ផល​ចំណេញ​បាន​ច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ»។ 

ជាក់ស្ដែង ប្រធានព្រឹទ្ធសភា លើកឡើងពីដំណាំស្រូវ និង​ស្វាយចន្ទី ដែលជាដំណាំសក្ដានុពលរបស់កម្ពុជា ប៉ុន្ដែ​កម្ពុជា​បាន​នាំ​វត្ថុ​ធាតុ​ដើម​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយកង្វះខាតនូវការ​វិនិយោគ​ឬកែច្នៃនៅក្នុង​ប្រទេស ​ដើម្បី​នាំ​ចេញ​ដោយ​ខ្លួន​ឯង​ទៅវិញ។ 

ដូច្នេះ​ សម្ដេច​ចង់​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន ងាកមកចា​ប់​អារម្មណ៍​លើ​វិស័យ​កសិ​ឧស្សា​ហកម្ម​នៅ​កម្ពុជា ហើយសម្ដេច សង្ឃឹមថាសម្រាប់ការងារបច្ចេកទេសបន្ថែម ភាគីជប៉ុន និង​រាជ​រដ្ឋាភិបាល​ រួមទាំងក្រសួងជំនាញ នឹង​មានកិច្ចសហការជាមួយគ្នា។ 

រីឯ លោក អាគីរ៉ា ដូដាតេ ក៏បាន​សន្យា​ជួយ​ជំរុញ​វិនិយោគិនជប៉ុន ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជា​ពិសេស​នៅក្នុង​វិស័យកសិកម្មនេះ ឱ្យបានច្រើន៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី