កងទ័ពមួកខៀវកម្ពុជា ២នាក់បានស្លាប់ ក្នុងបេសកកម្មនៅស៊ូដង់ខាងត្បូង
- ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:២០ នាទី ល្ងាច

កងទ័ពមួកខៀវកម្ពុជា ២នាក់ បានស្លាប់ក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃសាធារណរដ្ឋស៊ូដង់ខាងត្បូង។ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ដូច្នេះនៅទំព័រហ្វេសប៊ុក ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីមូលហេតុដែលបណ្តាលឱ្យកងទ័ពកម្ពុជា ត្រូវបាត់បង់ជីវិតនោះទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្តាយចំពោះពលីកម្មនេះ និងថានេះជាការបាត់បង់យោធិនដ៏ឆ្នើមដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ។

កម្ពុជា ទើបតែបញ្ជូនកងទ័ពមួកខៀវ ក្រុមថ្មី ៧៣នាក់ ក្នុងនោះ ស្រី ៦៣នាក់ សម្រាប់ប្តូរ ក្រុមចាស់ដែលបញ្ចប់បេសកកម្ម ការពារសន្តិភាព នៅក្នុងប្រទេសស៊ូដង់ខាងត្បូងនេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ថ្មីៗនេះប៉ុណ្ណោះ។
គិតចាប់ពីឆ្នាំ២០០៦ ដល់ត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ចំនួន ៩ ៨១៥នាក់ ក្នុងនោះស្រី ៨៥៤នាក់ ទៅបំពេញបេសកកម្ម នៅក្នុងបណ្តាប្រទេសដូចជាប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, ឆាដ, សាយប្រឺស, ស៊ីរីម៉ាលី, អាហ្រិ្វក កណ្តាល, យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com