- ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:៥៨ នាទី ព្រឹក

សៀមរាប៖ កម្មវិធីប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ សម្រាប់កម្រិតបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព នឹងចាប់ផ្ដើមជាថ្មីក្នុងពេលឆាប់ៗនេះ។ គណៈកម្មការវាយតម្លៃ នៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ ដើម្បីជំរុញការកែលម្អ និងលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន។
អ្នកស្រី ឃន យ៉ារ៉ាន់ នាយិកាសាលាបឋមសម្ដេចជាស៊ីម ខេត្តបាត់ដំបង យល់ថា ជាឱកាសល្អសម្រាប់អ្នកពាក់ព័ន្ធនានា ពិសេសនាយក និងនាយិកាសាលាទាំងអស់ បានរៀនសូត្រ និងស្វែងយល់ពីចំណុចសំខាន់ៗ ដើម្បីយកទៅពង្រឹង និងអភិវឌ្ឍន៍ស្ថាប័នខ្លួនឱ្យកាន់តែប្រសើរ។
សម្រាប់អ្នកស្រីនាយិកាសាលារូបនេះ ចាត់ទុកសិក្ខាសាលាផ្សព្វផ្សាយពីនីតិវិធី និងវិធីសាស្រ្តវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ជាការស្រង់បទពិសោធន៍ និងចំណុចល្អៗពីអ្នកជំនាញក្នុងវិស័យអប់រំ ដើម្បីឆ្លុះបញ្ចាំងពីភាពខ្វះចន្លោះ និងចំណុចខ្សោយនៃស្ថាប័នខ្លួន។
តាមរយៈសិក្ខាសាលានេះ អ្នកស្រី ឃន យ៉ារ៉ាន់ រៀនសូត្របានចំណេះដឹងថ្មីៗច្រើន ហើយប្ដេជ្ញាយកចំណេះទាំងនេះទៅចែករំលែកដល់បុគ្គលិកនៅអង្គភាពខ្លួន ពិសេសពង្រឹងសមត្ថភាពបុគ្គលិក គុណភាពអប់រំនៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ឱ្យបានកាន់តែល្អប្រសើរ ពិសេសបន្តរក្សាគ្រងតំណែងជ័យលាភីលេខ១ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៥ សម្រាប់កម្រិតបឋមសិក្សា។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ សាលាបឋមសិក្សាសម្ដេច ជា ស៊ីម ដែលស្ថិតក្នុងខេត្តបាត់ដំបង ជាម្ចាស់ជ័យលាភីលេខ១ស្ទួន នៃជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ សម្រាប់កម្រិតបឋមសិក្សា។
ការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ នឹងចាប់ផ្តើមនាពេលខាងមុខ សម្រាប់កម្រិតអនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព។ ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីជំរុញ និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃដំណើរការផ្តល់សេវាសាធារណៈនៅតាមអង្គភាពសាលារៀន និងមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
