ការផ្សងប្រផ្នូលច្រត់ព្រះនង្គ័ល៖ គោឧសភរាជបរិភោគស្រូវ៩៥ភាគរយ ពោត៩៥ភាគរយ និងសណ្តែក៨០ភាគរយ
- ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:១០ នាទី ព្រឹក

កំពង់ឆ្នាំង៖ ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ។ នេះបើតាមលទ្ធផលដែលព្រាហ្មណ៍ព្រះរាជគ្រូប្រចាំព្រះបរមរាជវាំង បានប្រកាសដោយយោងតាមការបរិភោគរបស់គោឧសរាជ នាព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះរាជពិធីដែលមានការតាំងពិព័រណ៌ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០២៥ ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា នេះ នាទីព្រះស្រែនៅបរិវេណកីឡដ្ឋានក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយនៃពិធីបុណ្យទ្វាទសមាស។ ព្រះរាជពិធីនេះ ត្រូវបានរៀបចំក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមានស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។
មុនព្រះរាជកម្មវិធីចាប់ផ្តើម អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ បានសូត្រពិធីប្រកាសថ្វាយទេវតា នៅទីកណ្តាលព្រះស្រែ ហើយបន្តដោយកម្មវិធីសាសនាផ្សេងៗ។
នាឆ្នាំនេះ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជាតំណាងព្រះមហាក្សត្រ ដោយធ្វើជាស្តេចមាឃ កាន់នង្គ័លទីពីរ និងភរិយារបស់លោក គឺលោកស្រី ផាត សុផានី ជាព្រះមេហួ។ លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកកាន់នង្គ័លយោង ឬនង្គ័លទីមួយ រីឯនង្គ័លទីបី ឬនង្គ័លយោងខាងក្រោយ កាន់ដោយលោក វណ្ណា បូរិទ្ធ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។
ក្រោយការច្រត់ជានិមិត្តរូបបីជុំ «គោឧសភរាជ» ត្រូវបានគេលែងឲ្យទៅបរិភោគ អាហារចំនួន៧មុខ។ ក្នុងចំណោម អាហារទាំង៧ មុខនេះ មានអាហារចំនួន៣មុខ ដែល «គោឧសភរាជ» បានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវ មានចំនួន៩៥ ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក៨០ភាគរយ។ តាមរយៈការបរិភោគរបស់ «គោឧសភរាជ» នេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះ នឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ។
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួមទាំងសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រាជវង្សានុវង្ស តំណាងទូតបរទេស ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាច្រើនរូប ក៏មានវត្តមានផងដែរ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com