លោក ពូទីន នឹងមិនចូលរួមកិច្ចប្រជុំអ៊ុយក្រែន-រុស្ស៊ី នៅតួកគី
  • ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០៥ នាទី ព្រឹក
លោក ពូទីន នឹងមិនចូលរួមកិច្ចប្រជុំអ៊ុយក្រែន-រុស្ស៊ី នៅតួកគី
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាពក្រេមឡាំង

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងមិនចូលរួមកិច្ចប្រជុំរវាងអ៊ុយក្រែន និងរុស្ស៊ី នៅតួកគី ក្នុងថ្ងៃទី១៥ ខែឧសភាឡើយ ដោយលោកបញ្ជូនត្រឹមតែអ្នកជំនាញទៅប៉ុណ្ណោះ។ នេះបើតាមក្រឹត្យមួយ ដែលត្រូវបានចុះហត្ថលេខា ដោយលោក ពូទីន ផ្ទាល់ ចេញនៅថ្ងៃទី១៤ ខែឧសភា។

TTN-Free-Banner-In-Article-PC

រុស្ស៊ី នៅថ្ងៃទី១៤ ខែឧសភា បានបញ្ចេញឈ្មោះមន្រ្តី ដែលត្រូវចូលរួមនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងថ្ងៃទី១៥ ខែឧសភាហើយ ដើម្បីជួបជាមួយភាគីអ៊ុយក្រែន ជុំវិញការបញ្ចប់សង្រ្គាម។ ក្នុងក្រឹត្យមួយដែលចេញនៅថ្ងៃទី១៤ ខែឧសភា លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមឡើយ ដោយបញ្ជូនមន្រ្តីជំនាញទៅប៉ុណ្ណោះ។ 

ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky នឹងដឹកនាំមន្រ្តីតំណាងរុស្ស៊ីទៅទីក្រុងអ៊ីស្តង់ប៊ុល។ លោក Mikhail Galuzin អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី, លោក Igor Kostyukov ប្រធានចារកិច្ចយោធារុស្ស៊ី និងលោក Alexander Fomin អនុរដ្ឋមន្រ្តីការពារជាតិ ក៏ចូលរួមក្នុងកិច្ចចរចានេះដែរ។ 

កន្លងមក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា លោកនឹងបញ្ចេញបញ្ជីឈ្មោះរបស់មន្រ្តីអ៊ុយក្រែន នៅពេលរុស្ស៊ីបញ្ចេញ។ មេដឹកនាំរូបនេះ នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល លុះត្រាតែលោក ពូទីន ចូលរួមប៉ុណ្ណោះ ព្រោះមន្រ្តីរុស្ស៊ី គ្មានឥទ្ធិពលក្នុងការចរចាឡើយ។ 

ទន្ទឹមនេះ លោក ហ្សេលេនស្គី នឹងបង្ហាញវត្តមាននៅទីក្រុងអង់ការ៉ា ដើម្បីជួបជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី។ 

បើទោះសង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយរយៈពេល ៣ឆ្នាំហើយក្តី រដ្ឋាភិបាលក្រុងកៀវ និងក្រុងមូស្គូ មិនទាន់មានការឯកភាពជាមូលដ្ឋានណាមួយ ដើម្បីឈានទៅរកកិច្ចចរចាឡើយ។ អាម៉េរិក ក្រោមរដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ តែងបញ្ជូនមន្រ្តីទៅអ៊ុយក្រែន និងរុស្ស៊ី ជាញឹកញាប់ ដើម្បីឈានទៅរកបទឈប់បាញ់មួយ មុនទៅរកកិច្ចចរចាសន្តិភាព៕


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ