- ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែឧសភា បានលើកករណីការបាញ់ទម្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុន Malaysian Airlines ក្នុងឆ្នាំ២០១៤ ទៅជជែកជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ បើតាមលោក អាន់វ៉ា ម៉ាឡេស៊ី នៅតែប្តេជ្ញាចំពោះគណនីភាព និងដំណោះស្រាយចំពោះជនរងគ្រោះ។
ក្រុមប្រឹក្សាអង្គការហោះហើរស៊ីវិលអន្តរជាតិ (ICAO) នៅសប្តាហ៍នេះ បានរកឃើញថា រុស្ស៊ីជាប្រទេសទទួលខុសត្រូវ ក្នុងការបាញ់ទម្លាក់យន្តហោះ MH17 នៅក្នុងឆ្នាំ២០១៤ ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន។ កាលនេះ វាជាការផ្ទុះអាវុធរវាងកម្លាំងផ្តាច់ទឹកដីគាំទ្ររុស្ស៊ី និងយោធាអ៊ុយក្រែន។
ក្រោយរបាយការណ៍បែបនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបំពេញទស្សនកិច្ចនៅថ្ងៃទី១៤ ខែឧសភា បានលើកប្រធានបទ ករណីបាញ់យន្តហោះMH17 ទៅជជែកជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។
«ដើម្បីច្បាស់លាស់ ក្នុងនាមតំណាងឱ្យប្រជាជនរុស្ស៊ី ជាពិសេសគ្រួសារជនរងគ្រោះ ខ្ញុំបានយកឱកាសនេះលើកពីបញ្ហាយន្តហោះ MH17 ទៅជជែកជាមួយលោក ពូទីន»។ លោក អាន់វ៉ា បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានម៉ាឡេស៊ី ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា។ លោក អាន់វ៉ា បានប្តេជ្ញា នឹងបន្តជំរុញឱ្យមានការទទួលខុសត្រូវលើការបាញ់ទម្លាក់យន្តហោះ MH17។
តាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ពូទីន បានអំពាវនាវឱ្យមានការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយ និហ្មត់ចត់ ហើយមិនពាក់ព័ន្ធនឹងនយោបាយ។ ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ ដែលធានាថារបាយការណ៍មានភាពត្រឹមត្រូវ។
ផ្អែកតាមសម្តីរបស់លោក អាន់វ៉ា រុស្ស៊ីមិនមែន មិនចង់សហការដើម្បីស៊ើបអង្កេតលើការបាញ់ទម្លាក់យន្តហោះ MH17 ឡើយ ប៉ុន្តែរុស្ស៊ី មិនទាន់អាចសហការជាមួយដៃគូ ដែលខ្លួនចាត់ទុកថាឯករាជ្យ។
គួររម្លឹកថា ករណីបានទម្លាក់យន្តហោះ MH17 ដែលកើតមាននៅក្នុងឆ្នាំ២០១៤ មានមនុស្សស្លាប់ជិត ៣០០នាក់។ ក្នុងជំនួបជាមួយលោក អាន់វ៉ា លោកពូទីន ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ដែលបានស្លាប់ផងដែរ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
