- ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា-ថៃ បានឯកភាពគ្នា ពង្រឹងការបង្ក្រាបគ្រឿងញៀនតាមតំបន់ព្រំដែន ពិសេសការត្រួតពិនិត្យ។ នេះបើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានជួបជាមួយ លោក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នៅខេត្តក្រាប៊ី ប្រទេសថៃ ក្នុងប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ឧសភា។
ក្នុងកិច្ចពិភាក្សា លោក ផានុរក្ស លក្ខបុណ្យ លើកឡើងពី កិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃ-កម្ពុជា ក្រោមស្មារតីរួមគ្នាពិភាក្សាលើកកម្ពស់ប្រសិទ្ធភាព ដោះស្រាយបញ្ហាគ្រឿងញៀន។ លោកក៏អរគុណដល់ភាគីកម្ពុជា ដែលតែងតែរួមសហការគ្នាយ៉ាងល្អ ដែលអនុវត្តបាននូវខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីថៃ-កម្ពុជា សម្រាប់ប្រជាពលរដ្ឋប្រទេសទាំងពីរ។
លោក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ រូបពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ចំណែក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏អរគុណដល់ភាគីថៃដែរ ដែលតែងតែឧបត្ថម្ភគាំទ្រ ក្នុងគោលបំណងរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន។ លោកឃើញពីកិច្ចខិតខំ រួមគ្នា ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ការលួចបង្វែរសាធាតុគីមីផ្សំទៅធ្វើជាគ្រឿងញៀន តាមរយៈយន្តការទ្វេភាគី។ លោកបន្តថា កិច្ចការទាំងនេះ អាចដំណើរការបានល្អ ដោយសារផ្ដោតទៅលើការងារពង្រឹងសមត្ថភាពមន្ត្រី ការងារស្រាវជ្រាវនានា ការផ្លាស់ប្ដូរព័ត៌មាន ដែលបម្រើដល់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តាមរយៈកិច្ចប្រជុំទ្វេភាគីនេះ កម្ពុជា-ថៃ បានឯកភាពគ្នាលើការងារចំនួន៥ចំណុច គឺការត្រួតពិនិត្យគ្រឿងញៀន សារធាតុគីមីផ្សំ និង សារធាតុគីមី, ការវិភាគគ្រឿងញៀន និងការចងក្រងឯកសារ អត្តសញ្ញាណ, ការអប់រំ បង្ការ ការប្រើបំពានគ្រឿងញៀន, ការព្យាបាលស្តារនីតិសម្បទាន និងកិច្ចសហការក្នុងការលើកកម្ពស់ សមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ភាគីនៃប្រទេសទាំងពីរ ចាត់ទុកស្មារតីនៃកិច្ចប្រជុំខាងលើ ជាកិច្ចពិភាក្សាទូលំទូលាយនិងស៊ីជម្រៅប្រកបដោយស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។ លើសពីនេះ វាជាផែនទីនាំផ្លូវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសពីរ៕
អ្នកសរសេរអត្ថបទ
