ចិនចុះ​កិច្ចព្រមព្រៀង​​បញ្ចូល​កូឡុំប៊ី​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ
  • ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
ចិនចុះ​កិច្ចព្រមព្រៀង​​បញ្ចូល​កូឡុំប៊ី​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ

នៅ​ថ្ងៃពុធ​ទី​១៤​ឧសភា​នេះ កូឡុំ​ប៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន បញ្ចូល​ខ្លួន​ទៅ​ក្នុង​គម្រោង​ផ្លូវ​សូត្រ​ថ្មី​ ប្រកប​ដោយ​មហិច្ឆតា​របស់​លោក​ស៊ីជីនពីង។ ជា​ការ​ឱកាស​ថ្មី ជា​ប្រវត្តិសាស្ត្រ​​សម្រាប់​កូឡុំប៊ី និង​ជា​ការ​ចាក់​ឫសពង្រីក​ឥទ្ធិពល​​កាន់​តែ​ខ្លាំង​​សម្រាប់​ចិន​​នៅ​តំបន់​អាមេរិកឡាទីន។​--

ក្រោយ​ជំនួប​រវាង​​ប្រធានាធិបតី​ចិន ស៊ីជីនពីង និង​ប្រធានាធិបតី​កូឡុំប៊ី​ ហ្គូស្តាវ៉ូ ប៉េត្រូ នៅ​ទីក្រុង​ប៉េកាំង ​ក្រៅ​ក្របខ័ណ្ឌ​នៃ​វេទិកា​កំពូល​​ចិន-អាមេរិក​ឡាទីន​ ចិន​និង​កូឡុំប៊ី​បាន​ប្រកាស​ព្រមព្រៀង​ចុះ​ហត្ថលេខា​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​ស្ថាបនា​រួម​គ្នា​ “ផ្លូវសូត្រ​ថ្មី​”។ នេះ​បើ​តាម​ការចុះ​ផ្សាយ​​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន ដោយ​បន្ថែម​ថា លោក​ប្រធានាធិបតី​ចិន​ស៊ីជីនពីង ចង់​ឃើញ​ ចិន​និង​កូឡុំប៊ី ​មាន​កិច្ច​សហការទ្វេភាគី​ក្នុង​កំរិត​កាន់តែ​ខ្ពស់​ឡើងៗ។​

ប្រធានាធិបតី ​ក៏​ដូច​ជា​រដ្ឋាភិបាល​កូឡុំ​ប៊ី​ ក៏​បាន​បង្ហោះ​សារ​ភ្លាម​ដែរ អបអរ​ការ​ចុះ​កិច្ចព្រមព្រៀង​បញ្ចូល​ប្រទេស​នៅ​ក្នុង​គម្រោង​ផ្លូវ​សូត្រ​ចិន ដោយ​ចាត់​ទុក​ថា ចិន​និង​កូឡុំប៊ី​កំពុង​ផ្តល់​ឱកាស​ថ្មី ជា​ប្រវត្តិសាស្ត្រដល់​ការ​វិនិយោគ កិច្ចសហប្រតិបត្តិការ​​​បច្ចេកទេស និង​ការ​អភិវឌ្ឍ​ជា​និរន្តន៍​រវាង​ប្រទេស​ទាំង​ពីរ។​ ទំនាក់ទំនង​ការបទេស​របស់កូឡុំប៊ី​កំពុង​ប្តូរផ្លាស់។ ជា​ទំនាក់ទំនង​ ស្មើភាព​និង​ដោយ​សេរី​ជាមួយ​ពិភពលោក​ទាំង​មូល​។ នេះ​ជាសារ​​របស់​ប្រធានាធិបតី​កូឡុំប៊ី​ ប៉េត្រូ បង្ហោះ​នៅ​តាម​បណ្តាញ​សង្គមX អម​ដោយ​រូប​ភាព​វីដេអូ​នៃសកម្មភាព​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ចិន-កូឡុំប៊ីផង។

តាម​រយៈ​កិច្ចព្រមព្រៀងនេះ កូឡុំប៊ី​បាន​ក្លាយ​ជាសមាជិក​​ចុង​ក្រោយ​គេ​បង្អស់នៃ​​គម្រោង​ផ្លូវ​សូត្រថ្មី​ប្រកប​ដោយ​មហិច្ឆតា​បំផុត​​របស់​ចិន ​ដែល​មាន​ជាង​១០០ប្រទេស​នៅលើ​ពិភពលោក​ចូល​រួម ដោយ​ភាគ​ច្រើន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ​ 

ផ្តួច​ផ្តើម​ឡើង​ដោយ​លោក​ស៊ីជីនពីង តាំងពី​ឆ្នាំ​២០១៣​មក គម្រោង​ផ្លូវ​សូត្រ​ថ្មី ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ “ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ” ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​ចិន ដែលផ្តោត​លើការ​​​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ផ្លូវ​ទឹក​ និង​ផ្លូវ​ដែក​ ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដើម្បី​បង្កើន​ឥទ្ធិពល​នយោបាយ​និង​សេដ្ឋកិច្ច​​របស់​ចិន ក្នុង​បណ្តា​ប្រទេស​ទទួល​ផល​។ 

បច្ចុប្បន្ន​ គម្រោង​ផ្លូវ​សូត្រ​ថ្មី បាន​និង​កំពុង​ពង្រីក​ឥទ្ធិពល​ចិន​នៅ​តំបន់​អាមេរិក​ឡាទីន ដែល​​ធ្លាប់​ជា​ដែន​ឥទ្ធិពល​របស់​អាមេរិក និង​ជា​សមរភូមិ​ប្រកួត​ប្រជែងការ​ទូត​​ជាមួយ​អាមេរិក។ ចិន​បាន​ទាំង​វ៉ា​រ​ឈ្នះ​អាមេរិក ដោយ​ក្លាយ​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ របស់​ប្រេស៊ីល ប៉េរ៉ូ  ស៊ីលី និង​មាន​​ពីរ​ភាគ​បីនៃ​ប្រទេសក្នុង​​តំបន់​អាមេរិក​ឡាទីន​បាន​ភ្ជាប់​ខ្លួន​រួច​ហើយ​ក្នុង​គម្រោង​ផ្លូវ​សូត្រ​ចិន​នេះ៕

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other