- ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani នាយករដ្ឋមន្រ្តីកាតា នៅថ្ងៃទី១៤ ខែឧសភា បានការពារការផ្តល់យន្តហោះប្រណិតតម្លៃ ៤០០លានដុល្លារ ដល់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។ បើតាមលោកនាយករដ្ឋមន្រ្តី អំណោយនេះ ជាការផ្តល់ឱ្យរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះ។
សារព័ត៌មានជាច្រើន នៅក្នុងពេលថ្មីៗនេះ បានចុះផ្សាយពីការផ្តល់ឱ្យយន្តហោះBoeing 747-8 ដែលមានតម្លៃប្រមាណ ៤០០លានដុល្លារពីគ្រួសាររាជវង្សកាតា ទៅឱ្យរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីប្រើប្រាស់ជំនួសយន្តហោះចំណាស់ Air Force One ក្នុងពេលបច្ចុប្បន្ន។ បញ្ហានេះ ត្រូវបានបក្សប្រជាធិបតេយ្យ និងមនុស្សមួយចំនួនបារម្ភថា ខុសរដ្ឋធម្មនុញ្ញ, មានបញ្ហាសន្តិសុខ, បង្កជម្លោះផលប្រយោជន៍ និងមានឥទ្ធិពលលើសេចក្តីសម្រេចរបស់មេដឹកនាំអាម៉េរិក។
ស្របពេលមានក្តីបារម្ភបែបនេះ នាយករដ្ឋមន្រ្តីកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani បានថ្លែងប្រាប់សារព័ត៌មាន CNN ថា វាជាអំណោយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលសុទ្ធសាធ។
«វាគ្មានអ្វីពាក់ព័ន្ធនឹងរឿងបុគ្គលនោះទេ។ មិនថាភាគីខាងកាតា ឬអាម៉េរិកនោះទេ វាជាកិច្ចការរវាងក្រសួងការពារជាតិកាតា និងក្រសួងការពារជាតិអាម៉េរិក»។ មេដឹកនាកាតា បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា។
ដោយជំទាស់នឹងពាក្យចោទប្រកាន់កាតាមានឥទ្ធិពលលើ ប្រមុខរដ្ឋាភិបាលកាតា ដែលកាន់តំណែងជារដ្ឋមន្រ្តីការបរទេសផងនោះ បានបញ្ជាក់ថា វាជាការជួយដោះស្រាយបញ្ហារបស់សម្ព័ន្ធមិត្ត។ ត្រង់ចំណុចនេះ លោក Sheikh Mohammed បន្តថា កាតាជាដៃគូពឹងផ្អែករបស់អាម៉េរិក ហើយកាតាជឿថា ភាពជាមិត្ត ត្រូវតែទទួលបានផលប្រយោជន៍ទៅវិញទៅមក។ មេដឹកនាំរូបនេះ ក៏បញ្ជាក់ផងដែរថា អំណោយយន្តហោះ ៤០០លានដុល្លារ នៅកំពុងស្ថិតក្រោមការត្រួតពិនិត្យផ្នែកច្បាប់នៅឡើយ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
