ការទូតប្រាក់យ័ន៖ តើចិនកំពុងដណ្តើមតំបន់គ្រប់គ្រងសេដ្ឋកិច្ចរបស់អាម៉េរិក?
  • ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
ការទូតប្រាក់យ័ន៖ តើចិនកំពុងដណ្តើមតំបន់គ្រប់គ្រងសេដ្ឋកិច្ចរបស់អាម៉េរិក?
ប្រធានាធិបតីចិន លោក ស៊ី​ ជិនភីង ថ្លែងក្នុងកិច្ចប្រជុំកំពូលរវាងចិន និង CELAC ។ រូបភាព ៖ AFP

កញ្ចប់ទឹកប្រាក់កម្ចី ៩,១៨ពាន់លានដុល្លារ ដែលទូទាត់ជាប្រាក់យ័ន ផ្តល់ឱ្យបណ្តាប្រទេសរបស់សហគមន៍នៃរដ្ឋអាម៉េរិកឡាទីន និងការ៉ាបៀន (CELAC) គឺជាការខិតខំរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីវាតទីយកអំណាចសេដ្ឋកិច្ចនៃតាមតំបន់ដែលអាម៉េរិកធ្លាប់មានប្រៀប។ 

TTN-Free-Banner-In-Article-PC

កាលពីថ្ងៃទី១៣ ខែឧសភា​ ទីក្រុងប៉េកាំងបានរៀបចំកិច្ចប្រជុំកំពូលរវាងចិន ជាមួយសហគមន៍នៃរដ្ឋអាម៉េរិកឡាទីន និងការ៉ាបៀន (CELAC) ដែលទាក់ទាញមេដឹកនាំកំពូលមកពីបណ្តាប្រទេសចំនួន ៣០។ នៅក្នុងកិច្ចប្រជុំនោះ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានសន្យាបង្កើនវត្តមានរបស់ចិននៅតំបន់នោះ ដោយផ្តល់ឥណទានចំនួន ៦៦ពាន់លានយ័ន (៩,១៨ពាន់លានដុល្លារ) ដល់បណ្តាប្រទេស CELAC។ ជាពិសេស ប្រាក់កម្ចីទាំងនេះត្រូវទូទាត់ជាប្រាក់យ័នទាំងស្រុង ដែលត្រូវបានគេមើលឃើញថាជាយុទ្ធសាស្រ្តការទូតប្រាក់យ័នរបស់ទីក្រុងប៉េកាំង។ 

ប្រាក់យ័នជាអំណាចទន់របស់ក្រុងប៉េកាំង 

ការណ៍ដែលទីក្រុងប៉េកាំងផ្តល់ប្រាក់កម្ចីជាប្រាក់យ័ន មិនត្រឹមតែជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាប្រទេសអាម៉េរិកឡាទីនប៉ុណ្ណោះទេ វាជាផ្នែកមួយនៃយុទ្ធសាស្រ្តជំរុញការប្រើប្រាស់រូបិយប័ណ្ណចិននៅទូទាំងពិភពលោក ដែលធ្វើក្រុងប៉េកាំងអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ។ 

សាស្រ្តាចារ្យ Xu Shicheng ពីបណ្ឌិតសភាវិទ្យាសង្គមចិន បានមើលឃើញថា អាម៉េរិកឡាទីនកំពុងបើកទ្វារទទួលប្រាក់យ័ន ដែលជាផ្នែកមួយនៃកិច្ចខិតខំផ្នែកហិរញ្ញវត្ថុ និងស្វែងរកប្រភពទុនវិនិយោគមកជំនួស។ 

ទន្ទឹមនេះ បណ្ឌិត Rebecca Ray មកពីសាកលវិទ្យាល័យ Boston បានឱ្យដឹងថា ការណ៍ដែលចិនប្រើប្រាស់ប្រាក់យ័ន គឺជាយុទ្ធសាស្រ្តចាក់ជ្រៅក្នុងបរិបទទំនាក់ទំនងអាម៉េរិក និងចិនមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ 

ថ្នាក់ដឹកនាំបណ្តាប្រទេសនានាចូលរួមក្នុងកិច្ចប្រជុំចិន - CELAC ។ រូបភាព ៖ Xinhua 

ចំណែក លោក Eric Orlander សហស្ថាបនិកនៃគម្រោង South China-Global Development Project អះអាងថា ៖«ពួកគេកំពុងធ្វើប្រតិបត្តិការប្រាក់យ័នទាំងនេះកាន់តែច្រើន ជាពិសេសជាមួយកិច្ចព្រមព្រៀងឥណទាន ដែលធ្វើជួយប្រទេសខ្ចីប្រាក់ទំាងនោះស្រួលទូទាត់ជាប្រាក់យ័នជាជាងប្រាក់ដុល្លារ»។

ទោះបីជាប្រាក់កម្ចីចិន គឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់សម្រាប់បណ្តាប្រទេសនៅអាម៉េរិកឡាទីន ក៏វាអាចបង្កហានិភ័យបំណុលសាធារណៈសម្រាប់ប្រទេសទាំងនោះដែរ។ 

បើតាមទស្សនាវដ្ដី Foreign Policy ប្រទេសមួយចំនួនដូចជា វ៉េណេស៊ុយអេឡា និងអេក្វាទ័រ បានធ្លាក់ចូលអន្ទាក់បំណុលចិន បន្ទាប់ពីទទួលបានប្រាក់កម្ចីយ៉ាងច្រើនសន្ធឹកសន្ទាប់។ អ្នកវិភាគជាច្រើនមានការព្រួយបារម្ភ អំពីលទ្ធភាពដែលប្រទេសទាំងនេះនឹងធ្វើសម្បទាននយោបាយ ឬសេដ្ឋកិច្ចដល់ទីក្រុងប៉េកាំង។

ចិនដណ្តើមតំបន់គ្រប់គ្រងដែលអាម៉េរិកធ្លាប់គ្រប់គ្រង 

ប៉ុន្មានចុងក្រោយនេះ ទីក្រុងប៉េកាំងបានខំប្រឹងដើម្បីក្លាយជាដៃគូអភិវឌ្ឍន៍ចម្បងនៅក្នុងតំបន់អាម៉េរិកឡាទីន ជាមួយកញ្ចប់ឥណទានជាច្រើនតាមរយៈគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភពលោកខ្សែក្រវ៉ាត់ និងផ្លូវ (BRI )។ 

ទាក់ទងនឹងគម្រោងកិច្ចសហប្រតិបត្តិការ BRI ប្រទេសដូចជា ប្រេស៊ីល កូឡុំប៊ី និងស៊ីលី ចានចាប់ដៃយ៉ាងសកម្មជាមួយចិន។ ចំណែកសមិទ្ធិផលជាច្រើនទៀតដែលចិនផ្តល់ឱ្យតំបន់នោះមានដូចជា ផ្លូវល្បឿនលឿនក្នុងប្រទេសហ្សាម៉ាអ៊ីក កំពង់ផែ Chancay ក្នុងប្រទេសប៉េរូ ផ្លូវរថភ្លើង Belgrano ក្នុងប្រទេសអាហ្សង់ទីន។ 

ទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគី យោងតាម ​​Reuters ពាណិជ្ជកម្មរវាងចិន និង CELAC ឈានដល់ ៥១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងយ៉ាងខ្លាំងបើធៀបនឹង ១២ពាន់លានដុល្លារក្នុងឆ្នាំ២០០០ ។ តួលេខនេះត្រូវបានគេព្យាករថានឹងឈានដល់ ៧៥០ពាន់លានដុល្លារក្នុងឆ្នាំ ២០៣៥។

ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលរវាងចិន និង CELAC លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ក៏បានប្រកាសនឹងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដល់ប្រទេសចំនួន ៥ក្នុងតំបន់អាម៉េរិកឡាទីន ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះប្រទេសឡើយ។  

មិនត្រឹមតែប៉ុណ្ណោះ លោក ស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវលទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយមមដែលចង់សំដៅទៅអាម៉េរិក។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងគម្រោងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ចិនមិនត្រឹមតែបានបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែលធ្លាប់ជាកន្លែងគ្រប់គ្រងសេដ្ឋកិច្ចរបស់អាម៉េរិកប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលរួមចំណែកដល់ការកែប្រែសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកឡើងវិញ។

សាស្ត្រាចារ្យ Xu Shicheng បានអះអាងថា ចិន និងអាម៉េរិកឡាទីនគឺ «ស្មោះត្រង់ក្នុងការគាំទ្រ និងវឌ្ឍនភាពគ្នាទៅវិញទៅម» ហើយបន្តអភិវឌ្ឍ ទោះបីជាមានការរារាំងពីទីក្រុងវ៉ាស៊ីនតោន៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង