បាញ់គ្នាទើបតែស្ងប់ ឥណ្ឌានិងប៉ាគីស្ថានចោទគ្នាថាមិនគ្រប់គ្រង​​សព្វាវុធនុយក្លេអ៊ែរឲ្យ​បានត្រឹមត្រូវ
  • ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២១ នាទី ព្រឹក
បាញ់គ្នាទើបតែស្ងប់ ឥណ្ឌានិងប៉ាគីស្ថានចោទគ្នាថាមិនគ្រប់គ្រង​​សព្វាវុធនុយក្លេអ៊ែរឲ្យ​បានត្រឹមត្រូវ

ស្ថានការណ៍ជម្លោះរវាងឥណ្ឌានិង​ប៉ាគីស្ថានទើបតែបាន​ស្ងប់បន្តិច តែភាគីទាំង២ នៅតែបន្តប្រើសម្តីស្តីបន្ទោសគ្នាទៅវិញទៅមក លើកនេះ​គឺទាក់ទិនការ​គ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរ។ ឥណ្ឌាបាន​ទាមទារ​ថា អាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថាន ត្រូវតែដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​ឲ្យ​បានត្រឹមត្រូវ ពីសហគមន៍អន្តរជាតិ។ ចំណែក​ប៉ាគីស្ថានវិញ បានចោទថាឥណ្ឌាក៏មានការធ្វេសប្រហែសដែរ កន្លងមក​ បណ្តោយ​ឲ្យ​មាន​ការជួញដូរគ្រឿងផ្សំនុយក្លេអ៊ែរដ៏គ្រោះថ្នាក់។ ការចោទប្រកាន់គ្នា ដែលវាបានស្តែងឲ្យឃើញ អំពីចំណុចខ្វះខាតដ៏គួរឲ្យ​ព្រួយបារម្ភពិតមែន ទាក់ទិននឹងការគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរ។

TTN-Free-Banner-In-Article-PC

បទឈប់បាញ់នៅតំបន់កាស្មៀរចូលជាធរមាន​ ទើបតែ​បាន​៤-៥ថ្ងៃ ឥណ្ឌានិងប៉ាគីស្ថាន មាន​ប្រធានបទថ្មី ដើម្បី​​ចោទប្រកាន់ស្តីបន្ទោសគ្នាមួយរឿងទៀតហើយ។ តែរឿងនេះ មិនមែនជារឿងតូចទេ តែជារឿងដ៏គ្រោះថ្នាក់ ព្រោះវា​ពាក់ព័ន្ធ​​ នឹង​ការ​​​គ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរ របស់ប្រទេសទាំង​២។

នៅថ្ងៃព្រហស្បតិ៍​ទិ​១៥ឧសភា លោក Rajnath Singh រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌា ដែលបានចុះទៅពិនិត្យកងទ័ពនៅតំបន់កាស្មៀរ បាន​លើកឡើងថា ឥណ្ឌា​សូមទាមទារ​ឲ្យ​សព្វាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថាន ត្រូវតែដាក់​ឲ្យ​មានការគ្រប់គ្រងឲ្យ​តឹងតែងនិងត្រឹមត្រូវ ពីសំណាក់​ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរអន្តរជាតិ ហៅកាត់​ថា AIEA។ 

លោករដ្ឋមន្ត្រីឥណ្ឌាបន្ថែមថា ពិភពលោកត្រូវតែចោទសួរ ថាតើវាគ្រោះថ្នាក់កម្រិតណា ដែល​អាវុធនុយក្លេអ៊ែរ ត្រូវស្ថិតនៅក្នុងដៃប្រទេសមួយដែល​មិនចេះ​គ្រប់គ្រងខ្លួនឯង និងដែលគ្មានការទទួលខុសត្រូវនោះ​?

ប្រតិកម្មតបទៅនឹងសំដី​ចោទនេះ ក្រសួងការបរទេសប៉ាគីស្ថាន​បានចោទត្រឡប់មកវិញថា ប្រសិន​បើ​សហគមន៍អន្តរជាតិ​បារម្ភពិតមែនរឿងសព្វាវុធនុយក្លេអ៊ែរ នោះគឺត្រូវតែត្រួតពិនិត្យ​ឥណ្ឌាផង​​ ព្រោះឥណ្ឌាក៏គ្មានការទទួលខុសត្រូវដែរ​។ ភាគី​ប៉ាគីស្ថានបាន​រំលឹកនូវ​ករណី​ច្រើនដងកាលពីឆ្នាំ​២០២១ ដែលគេសង្ស័យថាមានបណ្តាញ​ជួញដូរផ្លូវងងឹត នៅឥណ្ឌា ពាក់ព័ន្ធ​នឹង​​សារធាតុវិទ្យុសកម្ម​ ព្រមទាំង​សម្ភារៈគ្រឿងផ្សំ​អាវុធនុយក្លេអ៊ែរនៅឥណ្ឌា​។ ប៉ាគីស្ថានសូមសំណូមពរឲ្យ AIEA ស៊ើបអង្កេតរឿងនេះ ឲ្យ​បានស៊ីជម្រៅផង​ ព្រោះថាខាងភាគីឥណ្ឌាស្ងាត់មាត់ឲ្យ​ឈឹង ប៉ុន្មានឆ្នាំមកនេះ​។

ជាការពិតណាស់​​ ជម្លោះផ្ទុះឡើងកាលពីសប្តាហ៍​កន្លងទៅ រវាង​ឥណ្ឌានិងប៉ាគីស្ថាន​ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភឈានផ្ទុះក្លាយជាសង្គ្រាមនុយក្លេអ៊ែរ​។​ ផ្អែកតាម​របាយការណ៍​របស់ SIPRI ប្រចាំឆ្នាំ​២០២៤ ឥណ្ឌាមាន​ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន​១៧២គ្រាប់។ អាវុធនុយក្លេអ៊ែរឥណ្ឌា គឺជា​ប្រភេទមីស៊ីលរយៈចម្ងាយមធ្យម បាញ់ពីដី​ទៅដី​។ អ្នកជំនាញអះអាងថា ឥណ្ឌាកំពុងតែធ្វើតេស្តសាកល្បងមីស៊ីល​ចម្ងាយឆ្ងាយ​។ ចំណែក​ប៉ាគីស្ថានវិញ មាន​ក្បាលគ្រាប់​​នុយក្លេអ៊ែរ​​១៧០គ្រាប់ ដែលអាចបំពាក់ជាមួយ មីស៊ីលបាញ់ពីដីទៅដីផង​ និងពីអាកាស​មក​លើដី​​ផង​។

កាលពីថ្ងៃព្រសហ្បតិ៍ទី​១៥ឧសភា ក្រុមចាស់ព្រឹទ្ធាចារ្យ​អតីតថ្នាក់ដឹកនាំពិភពលោក បាន​ជួបជុំគ្នានៅទីក្រុងតូក្យូ ដើម្បីអំពាវនាវ​ឲ្យ​មាន​ការគ្រប់គ្រងការមិនរីកសាយ​ភាយនុយក្លេអ៊ែរ។ លោក​បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជាសមាជិកនៃក្រុមចាស់ព្រឹទ្ធចារ្យនេះ បានទាញសញ្ញាអាសន្ន​អំពីគ្រោះប្រសិនបើឥណ្ឌានិងប៉ាគីស្ថានផ្ទុះអាវុធនុយក្លេអ៊ែរដាក់គ្នា។ ចំណែកលោកJuan Manuel Santos អតីតប្រធានាធិបតីកូឡុំប៊ីវិញ បានចោទសួរថា តើអង្គការសហប្រជាជាតនៅឯណា ហេតុអ្វីបាន​ជាបណ្តោយ​ឲ្យ​មហាអំណាចនុយក្លេអ៊ែរទាំង២នេះ ឈ្លោះគ្នាដល់​ម្លឹង?

គួរកត់សំគាល់ថា បទឈប់បាញ់​បានចូលជាធរមាន ពិតមែន​​ ​រវាងឥណ្ឌានិងប៉ាគីស្ថាន តែសម្តី​ចោទប្រកាន់គ្នានៅតែបន្តមាន​។ កាលពីថ្ងៃចន្ទ លោកណារិន្ទ្រ ម៉ូឌី បាន​គំរាមថាឥណ្ឌាមិនអត់​ឱនជាដាច់ខាត ប្រសិនបើប៉ាគីស្ថានចង់សំឡុត​ដោយ​ប្រើនុយក្លេអ៊ែរ​។ កងទ័ពឥណ្ឌាអះអាងថា គេមិនបានវាយប្រហារទៅលើទីតាំង​ស្តុកសព្វាវុធនុយក្លេអ៊ែររបស់​ប៉ាគីស្ថានឡើយ​។ 

ចំណែក​ប៉ាគីស្ថាន​វិញ​ បាន​អះអាងថាក្នុងពេល​ឈ្លោះមានការបាញ់​ប្លោងគ្រាប់ដាក់គ្នា ខាងប៉ាគីស្ថានមិន​បានយកជម្រើសប្រើអាវុធនុយក្លេអ៊ែរ មកដាក់លើតុនោះទេ។ លោក Ahmed Chaudhry អ្នកនាំពាក្យ​កងទ័ពប៉ាគីស្ថានបានលើកឡើងថា ប៉ាគីស្ថានមិនទាន់ដល់ថ្នាក់​ល្ងីល្ងើ​មិនដឹងខុសត្រូវ យកជីវិតមនុស្ស​១៦០០លាននាក់ ទៅ​ប្រលែងលេងជាមួយសង្គ្រាម​នុយក្លអ៊ែរនោះឡើយ​៕

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other