- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:៥០ នាទី ព្រឹក

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ឧសភា នៅសាលាភូមិន្ទរដ្ឋបាល។ ការប្រឡងនេះ រៀបចំឡើយក្រោយក្រសួងបើកទទួលពាក្យបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែងរយៈពេល ១ខែរួចមក។
បេក្ខជនចំនួន ៥០៧នាក់ ក្នុងនោះស្រ្តីចំនួន ១៧២នាក់ នឹងត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ ការប្រឡងនេះ មាន២ដំណាក់កាល នឹងជ្រើសរើសមន្រ្តីចំនួន ១៥នាក់ប៉ុណ្ណោះ។
បើតាមក្រសួងមុខងារសាធារណៈ ការប្រឡងនេះ ចាប់ផ្ដើមពីម៉ោង១រសៀល មក៤រសៀល លើវិញ្ញាសាពហុចម្លើយភាសាបរទេស (អង់គ្លេស ឬបារាំង) និងចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា រួមទាំងចំណេះដឹងពាក់ព័ន្ធនឹង ជំនាញឯកទេសផងដែរ។
ការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្នុងសម័យកំណែទម្រង់ការជ្រើសរើសមន្រ្តីនេះ ក្រសួងមុខងារសាធារណៈ បន្តអនុវត្តដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈ មិនអនុញ្ញាតឱ្យបេក្ខជនយកឯកសារផ្សេងៗ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡងឡើយ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
