- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

ភ្នំពេញ៖ ពីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ឧសភានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាមិនគោលការណ៍លក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងឱ្យក្រុមហ៊ុនឯកជនឡើយ។ បើតាមសម្ដេច រដ្ឋាភិបាលនឹងរក្សាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាតម្លៃប្រវត្តិសាស្រ្តនេះ មិនឱ្យបាត់បង់ឡើយ។
ក្រោយមានការផ្សព្វផ្សាយយ៉ាងផុលផុសពីការផ្ទេរការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅយប់ថ្ងៃទី៩ ខែកក្កដាខាងមុខ សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខអះអាងថា មានមិនគោលការណ៍លក់អាកាសយានដ្ឋានចាស់នោះទេ។ សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះ៖«ម៉ោងនេះ ថ្មើរនេះ គឺមិនគោលការណ៍ដែលថាសម្រេចលក់ព្រលានយន្តហោះនេះឱ្យទៅឯកជននោះទេ»។
សម្ដេច លើកឡើងបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភ និងការជជែកវែកញែកព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងឱ្យក្រុមហ៊ុនឯកជន។ ទន្ទឹមនឹងនេះ សម្ដេចក៏បង្ហាញជំហររបស់រដ្ឋាភិបាល ក្នុងការរក្សាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាតម្លៃប្រវត្តិសាស្រ្ត និងជាកេរ្តិ៍មរតករបស់ព្រះបរមរតនកោដ្ឋ សម្រាប់បម្រើប្រយោជន៍ពលរដ្ឋនៅភ្នំពេញបន្តទៀត។
ថ្លែងក្នុងវេទិកាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេច ជាពិសេសរដ្ឋាភិបាល មិនដែលបានដឹងពីគម្រោងលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅឱ្យក្រុមហ៊ុនឯកជននោះទេ។ ប្រមុខរដ្ឋាភិបាលឱ្យក្រុមអ្នករិះគន់បង្ហាញឯកសារទាក់ទងនឹងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅឱ្យក្រុមហ៊ុនឯកជន។
សម្តេច អះអាងថា លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅតែជាស្ថាប័នគ្រប់គ្រង ហើយក្រុមហ៊ុន CSA ដែលកន្លងមក គឺជាដៃគូប្រតិបត្តិប៉ុណ្ណោះ។ ជាមួយគ្នានេះ ទ្រព្យសម្បត្តិនៅព្រលានចាស់ ត្រូវបានការពារយ៉ាងម៉ត់ចត់ ហើយនឹងត្រូវបានប្រើប្រាស់សម្រាប់ការចុះចតបន្ទាន់ (Emergency Landing) ជាពិសេសឧទ្ធម្ភាគចក្រ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងបើកដំណើរនៅថ្ងៃទី១០ ខែកក្កដាខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិតេជោដែលធំជាងគេនៅកម្ពុជានេះ សាងសង់លើផ្ទៃដី ២ ៦០០ហិកតា ដោយចំណាយថវិកា ប្រមាណ ១ ៦០០លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ4F ដែលអាចស្រូបយក និងទទួលបានការហោះហើរឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing747-800 ចុះចតបាន។ អាកាសយានដ្ឋានមួយនេះ អាចមានសមត្ថភាពទទួលភ្ញៀវប្រមាណ ១៥លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
