- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:៤៩ នាទី ព្រឹក

កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន មិនបានធ្វើឡើងនៅតួកគីទេ កាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែត្រូវបានពន្យារដល់ថ្ងៃទី១៦ ខែឧសភា។ មូលហេតុដោយសារភាគីទាំងពីរ បញ្ជូនសារមិនច្បាស់លាស់ ក្រោយពេលប្រធានាធិបតីអ៊ុយក្រោយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ប្រើវិធីសាស្រ្តរបស់ខ្លួនក្នុងការចរចា។
«ចាប់ពីម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែឧសភា (ម៉ោង ២រសៀលម៉ោងនៅទីក្រុងភ្នំពេញ) យើងនឹងរង់ចាំភាគីអ៊ុយក្រែនមកកិច្ចប្រជុំ។ យើងត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើកិច្ចការនេះ»។ លោក Vladimir Medinsky ជំនួយការរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន និងជាប្រធានគណៈប្រតិភូចរចារុស្ស៊ីបានថ្លែងដូច្នេះ ជុំវិញការរំពឹងទុកនៃកិច្ចចរចារវាងទីក្រុងមូស្គូ និងទីក្រុងកៀវនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
កិច្ចពិភាក្សា គ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា តាមសំណើរបស់ប្រធានាធិបតី ពូទីន។ គណៈប្រតិភូរុស្ស៊ី បានមកដល់ទីក្រុងអ៊ីស្តង់ប៊ុល នៅព្រឹកថ្ងៃដដែល រួមមានអនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងមេបញ្ជាការស៊ើបការណ៍ការពារជាតិ Igor Kostyukov ប៉ុន្តែមិនមានវត្តមានលោក ពូទីន ឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា លោកនឹងប្រើវិធីសាស្រ្តរបស់លោកក្នុងការចរចាសន្តិភាព បន្ទាប់ពីបានជួបសមភាគីតួកគី លោក Recep Tayyip Erdogan ក្នុងរដ្ឋធានីអង់ការ៉ាដែលមានចម្ងាយជាង ៤០០គីឡូម៉ែត្រពីទីក្រុងអ៊ីស្តង់ប៊ុល។
បន្ទាប់ពីកិច្ចប្រជុំមានរយៈពេលជាង ៣ម៉ោងជាមួយលោក Erdogan ប្រធានាធិបតី ហ្សេលេនស្គី បានប្រកាសសមាជិកនៃគណៈប្រតិភូចរចាអ៊ុយក្រែនដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Rustem Umerov ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស Serhiy Kyslytsia ជំនួយការប្រធានាធិបតី Oleksandr Bevz ព្រមទាំងមន្ត្រីយោធា និងចារកម្ម។
គិតត្រឹមល្ងាចថ្ងៃទី១៥ ឧសភា ទាំងតំណាងរុស្ស៊ី និងអ៊ុយក្រែន បានបង្ហើបថា ភាគីទាំងពីរនឹងនៅតែចរចា ប៉ុន្តែអាចពន្យារពេលដល់ថ្ងៃទី១៦ ឧសភា។ ការពន្យារពេលនេះ ទំនងភាគីទាំងពីរមិនពេញចិត្តរបៀបវារៈដែលបានកំណត់ក្នុងពេលចរចា។
រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បាននិយាយថា មានក្តីរំពឹងច្រើនសម្រាប់កិច្ចចរចារុស្ស៊ី-អ៊ុយក្រែន។ លោក Fidan សង្កត់ធ្ងន់ថា ៖«ប្រសិនបើជំហររបស់ភាគីមានភាពចុះសម្រុងគ្នា ហើយការជឿទុកចិត្តត្រូវបានបង្កើតឡើង វានឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព»។
បើតាមមន្រ្តីតួកគី កិច្ចប្រជុំត្រីភាគីរវាងតួកគី និងតំណាងរុស្ស៊ី អ៊ុយក្រែន និងអាម៉េរិក អាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែឧសភា។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ យល់ឃើញថា លោកមិនរំពឹងច្រើនទេនៅក្នុងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន រហូតដល់លោកជួបជាមួយសមភាគីលោក ពូទីន។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio ក៏មិនមានទំនុកចិត្តថា ការចរចានៅអ៊ីស្តង់ប៊ុលនឹងអាចទម្លាយភាពទាល់ច្រកវិបត្តិសង្គ្រាមមួយនេះដែរ បន្ទាប់ពីទីក្រុងមូស្គូ និងកៀវ ប្រកាន់ជំហរដាច់ណាត់ពីគ្នា។
កិច្ចចរចារុស្ស៊ី-អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល នឹងក្លាយជាកិច្ចសន្ទនាផ្ទាល់លើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីសប្តាហ៍ដំបូងនៃជម្លោះ។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងព្រាងមួយកំឡុងកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែកិច្ចសន្ទនាបានឈានដល់ភាពជាប់គាំង មុនពេលប្រធានាធិបតី ហ្សេលេនស្គី សម្រេចបញ្ចប់ការចរចានៅខែមេសា ឆ្នាំ២០២២៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
