- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ខកចិត្ត ដោយសាររត់រយៈចម្ងាយ ៥ គីឡូម៉ែត្រ ប្រើពេលើស ២០ នាទី។ មហាសេដ្ឋីរូបនេះ បានដាក់គោលដៅរត់ក្នុងចម្ងាយនេះ ដោយប្រើពេលក្រោម២០នាទី។
ម្ចាស់បណ្តាញសង្គមដ៏ល្បីល្បាញហ្វេសប៊ុក បានចូលរួមរត់ក្នុងកម្មវិធី Stanford Medicine MyHeart Counts marathon នៅថ្ងៃទី២៨ ខែមេសា នៅរដ្ឋកាលីហ្វនីញ៉ា។ កាលនោះលោក Zuckerberg បានប្រើឈ្មោះ Martin Salzburg ដើម្បីជៀសវាងកុំឱ្យអ្នកចូលរួមផ្សេងទៀតចាប់អារម្មណ៍ខ្លួន និងក្រុមគ្រួសារ។ មហាសេដ្ឋីសញ្ជាតិអាម៉េរិក វ័យ៤០ឆ្នាំ បានបញ្ចប់ការប្រណាំងដោយប្រើពេល ២០នាទី និង ៣៥វិនាទី ក្នុងចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងក្រុមអាយុចន្លោះ ៤០-៤៤ឆ្នាំ និងលេខ ៣៣ ចំណោមអ្នករត់សរុប ១ ២១៤នាក់។
ពាក់ស្បែកជើងម៉ាក Nike Alphafly 3 លោក Zuckerberg បានបង្ហោះរូបថតជុំគ្នាមួយសន្លឹកក្រោយការប្រកួត លើបណ្តាញសង្គម Instagram ដោយសរសេរថា «រត់ ៥គីឡូម៉ែត្រ ប្រចាំឆ្នាំជាមួយក្រុមប្រយុទ្ធ Guerrilla ដោយប្រើពេលលើសពី ២០ នាទី»។
ក្នុងការបង្ហោះនោះ មហាសេដ្ឋីរូបនេះ បានបញ្ចូលបទចម្រៀង «Pretty Slowly» ដែលដូចជាបង្ហាញការខកចិត្តចំពោះការរត់ដោយប្រើពេលច្រើននាទីរបស់ខ្លួន របស់ពេលរូបគេបានដាក់គោលដៅប្រើពេលក្រោម២០នាទី បន្ទាប់ពីក្នុងឆ្នាំ ២០២២ ក្រោយការវះកាត់ជង្គង់ ៥ខែ Zuckerberg ប្រពេល ២០នាទី និង៥៨វិនាទី។
កម្មវិធីរត់ម៉ារ៉ាតុងប្រចាំឆ្នាំ ធ្វើឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យ Stanford ក្បែរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Meta ដែលកម្មវិធីនេះធ្វើឡើងក្នុងបំណងរៃអង្គាសថវិកាសម្រាប់ឱ្យមជ្ឈមណ្ឌល Stanford ដំណើរការស្រាវជ្រាវជំងឺសរសៃឈាមបេះដូង។ Zuckerberg ចូលរួមកម្មវិធីនេះញឹកញាប់ និងជាអ្នកគាំទ្រយុទ្ធនាការនេះជាច្រើនឆ្នាំមកហើយដែរ។
មហាសេដ្ឋីពាន់លាន ដែលជាអ្នកចូលចិត្តការចែករំលែកសកម្មភាពហាត់កីឡារបស់ខ្លួន បានចូលរួមហ្វឹកហាត់កីឡាជឺជីតស៊ូវិញ្ញាសាប្រយុទ្ធ និងក្បាច់គុនចម្រុះ ដែលនេះជាផ្នែកមួយក្នុងការបង្កើតទម្លាប់បន្ធូរភាពតានតឹងរបស់រូបគេ។
ការចាត់ថ្នាក់ក្នុងទស្សនាវដ្តី Forbes គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ Mark Zuckerberg ជាប់ជាមហាសេដ្ឋីលំដាប់ទីពីរពិភពលោក ដោយមានទ្រព្យ ២២២,៤ ពាន់លានដុល្លារ តាមពីក្រោយ Elon Musk ម្ចាស់ក្រុមហ៊ុន Tesla ដែលឈរកំពូលគេ ៤២០,៦ ពាន់លានដុល្លារ និងលេខ៣ Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon ដែលមានទ្រព្យ ២២០,៥ ពាន់លានដុល្លារ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
