- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

អាម៉េរិក និងអេមីរ៉ាតអារ៉ាប់រួ មនៅថ្ងៃទី១៥ ខែឧសភា បានចុះកិច្ចព្រមព្រៀងតម្លៃ ២០០ពាន់លានដុល្លារ ដែលភាគច្រើនស្ថិតនៅក្នុងគម្រោងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អំឡុងដំណើរទស្សនកិច្ចប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
ក្រុមហ៊ុន Etihad Airways របស់អេមីរ៉ាតអារ៉ាប់រួម នឹងវិនិយោគ ១៤,៥ពាន់លានដុល្លារ ដើម្បីទិញយន្តហោះ Boeing 777X និង 787 ចំនួន ២៨គ្រឿង ដែលផលិតដោយក្រុមហ៊ុនអាម៉េរិក Boeing ដោយប្រើម៉ាស៊ីនពីក្រុមហ៊ុន GE Aerospace។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
«ជាមួយយន្តហោះ Boeing 777X ដែលជាជំនាន់ចុងក្រោយ ការវិនិយោគនេះនឹងពង្រឹងភាពជាដៃគូ អាកាសចរណ៍ពាណិជ្ជកម្មយូរអង្វែង រវាងអាម៉េរិក និងអេមីរ៉ាតអារ៉ាប់រួម ដើម្បី ជំរុញការផលិតរបស់អាម៉េរិក និងការនាំចេញ»។ នេះបើតាមការបញ្ជាក់ពីសេតវិមាន។
បន្ថែមពីនេះ ក្នុងចំណោមទឹកប្រាក់ ២០០ពាន់លានដុល្លារ ក្រសួងពាណិជ្ជកម្មអាម៉េរិកបានអះអាងថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការបង្កើត «ភាពជាដៃគូបង្កើនល្បឿន បញ្ញាសិប្បនិម្មិត អាម៉េរិក អេមីរ៉ាតអារ៉ាប់រួម» ដោយបង្កើតលក្ខខណ្ឌសម្រាប់អេមីរ៉ាត អារ៉ាប់រួម ពង្រីកលទ្ធភាពទទួលបានបន្ទះឈីប AI កម្រិតខ្ពស់ពីអាម៉េរិក។
ចំណែកភាគីអេមីរ៉ាតអារ៉ាប់រួមវិញ ប្រធានាធិបតី Sheikh Mohammed bin Zayed Al Nahyan បានប្រកាសថា ប្រទេសនេះគ្រោងវិនិយោគ ១,៤ទ្រីលានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្នុងវិស័យបច្ចេកវិទ្យា AI និងថាមពល ក៏ដូចជាការសរសើរពីចំណងភាពជាដៃគូដ៏រឹងមាំជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters អេមីរ៉ាតអារ៉ាប់រួមកំពុងស្វែងរកការគាំទ្រពីអាម៉េរិក ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការប្រែក្លាយប្រទេសឈូងសមុទ្រដែលមានទ្រព្យសម្បត្តិនេះ ទៅជាមហាអំណាចឈានមុខគេក្នុងវិស័យ AI។
អេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោក ត្រាំ។ នៅអារ៉ាប៊ីសាអូឌីតដែលជាប្រទេសលោក ត្រាំ ដាក់ជើងដំបូងគេក្នុងអាណត្តិប្រធានាធិបតី ជាលើកទី២ អារ៉ាប៊ីសាអូឌីត និងអាម៉េរិក បានចុះកិច្ចព្រៀមព្រៀងអាវុធតម្លៃជិត ១៤២ពាន់លានដុល្លារ។ ចំណែកនៅកាតាវិញ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Qatar Airways បានកក់យន្តហោះដឹកអ្នកដំណើរ ១៦០គ្រឿង ពីក្រុមហ៊ុន Boeing ជាមួយតម្លៃនៃកិច្ចសន្យាប្រមាណ ៩៦ពាន់លានដុល្លារ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
