- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:២៩ នាទី រសៀល

ភ្នំពេញ៖ ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១-១៥ ខែឧសភា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន ៧៩លើក ក្នុងនោះសម្លាប់ជីវិតមនុស្ស ៦១នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៣០នាក់។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ពីមួយថ្ងៃទៅមួយថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមាន ដែលបណ្ដាលឱ្យអ្នកបើកបរ និងអ្នកដំណើរលើដងផ្លូវមួយចំនួន ស្លាប់ និងខ្លះរងរបួស។ បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់នាយកដ្ឋាននគរបាលចរាចរណ៍ ត្រឹមរយៈពេល១៥ថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ក្នុងចំណោមគ្រោះថ្ដោយសារគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ៦១នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំងនោះ បង្កឡើងដោយសារល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, មិនគោរពភ្លើងសញ្ញា និងស្រវឹងជាដើម។ សូមបញ្ជាក់ថា ក្នុងខែមេសាកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើង ១៨៣លើក ដោយបណ្ដាលឱ្យមនុស្សចំនួន ១២៨នាក់បានស្លាប់ និង២៨៦នាក់រងរបួសធ្ងន់ស្រាល។
យោងតាមរបាយការណ៍ នៅក្នុងឆ្នាំ២០២៤កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសកម្ពុជា មានចំនួន ២ ៨៤៤លើក ថយចុះ៤៧៣លើក ស្មើនឹង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង នោះ បានបណ្ដាលឱ្យមនុស្ស ១ ៥០៩នាក់ស្លាប់, របួសធ្ងន់ ២ ២៧៣នាក់ និងស្រាល ១ ៤៤៧នាក់។ មូលហេតុនៃគ្រោះថ្នាក់ គឺបណ្តាលមកពីកត្តាល្បឿន មានចំនួន ១១៥៦លើក ស្មើនឹង ៤០,៦ភាគរយ, មិនគោរពសិទ្ធិ មាន ៦៤៩លើក ស្មើនឹង ២៣ភាគរយ, មិនប្រកាន់ស្តាំ មាន ២៦៨លើក ស្មើនឹង ៩,៤ភាគរយ, បត់គ្រោះថ្នាក់ មាន ២២១លើក ស្មើនឹង ៨ភាគរយ។ ក្រៅពីនេះមានគ្រោះថ្នាក់ដែលកើតឡើងដោយសារការប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦ភាគរយ, កត្តាយាន មាន ១១៤លើក ស្មើនឹង ៤ភាគរយ, ស្រវឹង មាន ១០៥លើក ស្មើនឹង ៣,៧ភាគរយ, អាកាសធាតុ មាន ៣៥លើក ស្មើនឹង ១ភាគរយ, មិនគោរពភ្លើងសញ្ញា មាន ៣៣លើក ស្មើនឹង ១ភាគរយ, ងងុយ មាន ២៩លើក ស្មើនឹង ១ភាគរយ និងកត្តាផ្លូវ មាន ១៩លើក ស្មើនឹង ០,៧ភាគរយ៕អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
