ថៃ-វៀតណាម បង្កើនទំនាក់ទំនងទៅជា«ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»
  • ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
ថៃ-វៀតណាម បង្កើនទំនាក់ទំនងទៅជា«ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»
នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញ ជិញ និងនាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ រូបភាព ៖ X/@ingshin

ថៃ និងវៀតណាម បានប្រកាសបង្កើនទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃ លោក ផែថងថាន ស៊ីណាវ៉ាត់ ទៅកាន់ទីក្រុងហាណូយ។ នេះបើតាមសារព័ត៌មាន VnExpress។

TTN-Free-Banner-In-Article-PC

នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ បានលើកឡើងថា ថៃជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេក្នុងអាស៊ាន ដែលបង្កើតទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយ បន្ទាប់ពីការបង្រួបបង្រួមប្រទេសវៀតណាម ព្រមទាំងជាប្រទេសតែមួយគត់ ដែលវៀតណាមបង្កើតយន្តការកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម ដែលស្នើឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុងឆ្នាំ២០០៤។

ទន្ទឹមនេះ ថៃក៏ជាប្រទេសដំបូងគេក្នុងអាស៊ាន ដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយ វៀតណាមក្នុងឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ។ 

លោក ជិញ សង្កត់ធ្ងន់ថា ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ នឹងបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់សន្តិសុខ និងការពារក្នុងតំបន់អាស៊ាន ទ្វីប និងពិភពលោកនិយាយរួម រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវៀតណាម និងថៃ យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព នាំមកនូវសុភមង្គល និងភាពរុងរឿងដល់ប្រជាជននៃ ប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានឯកភាពបង្កើតកម្មវិធីអនុវត្តបន្ទាន់មួយ ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ ដំណាក់កាល ២០២៥-២០៣០ ដោយផ្អែកលើសសរស្តម្ភសំខាន់ៗចំនួនបី។ 

បន្ថែមពីនេះ ប្រទេសទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ និងសន្តិសុខឱ្យស៊ីជម្រៅបន្ថែមទៀត ដើម្បីរក្សាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់។

វៀតណាម និងថៃ បានព្រមព្រៀងគ្នា ជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រតភ្ជាប់ទាំងបី ពោលគឺតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ តភ្ជាប់អាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ និងតភ្ជាប់កំណើនប្រកបដោយចីរភាព និងយុទ្ធសាស្ត្រកំណើនបៃតងរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី ផាម មិញ ជិញ អះអាងថា ទំនាក់ទំនងវៀតណាម-ថៃ បានក្លាយទៅជាចរន្តតភ្ជាប់ដ៏រឹងមាំ នៅក្នុងតំបន់ ហើយទំនាក់ទំនងទ្វេភាគីមួយនេះ នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ផ្សព្វផ្សាយតម្លៃវិជ្ជមាន មិនត្រឹមតែសម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអាស៊ីអាគ្នេយ៍ មានសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាពិសេស ប្រទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិ ជាពិសេសក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ការក្លែងបន្លំតាមអ៊ីនធឺណិត និងការនេសាទខុសច្បាប់ ការចែករំលែកព័ត៌មានសម្ងាត់ ក្នុងការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ដើម្បីទាញយកផលប្រយោជន៍ពីភាពខ្លាំងរបស់ភាគីនីមួយៗ និងបំពេញបន្ថែមគ្នាទៅវិញទៅមក ដោយផ្អែកលើសសរស្តម្ភចំនួនបី៖ ខ្សែច្រវាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចបៃតង។

លោកស្រី ផែថងថាន បានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី ១៥-១៦ ខែឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ផាម មិញ ជិញ។ នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រី ផែថងថាន ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីចូលកាន់តំណែង ក្នុងខែសីហា ឆ្នាំ២០២៤ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេលជាង ១០ឆ្នាំ។

ថៃ និងវៀតណាម បានបង្កើតទំនាក់ទំនងការទូត នៅខែសីហាឆ្នាំ ១៩៧៦ ហើយបានធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣។ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២៦។ 

ថៃ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៤ បានកើនឡើងដល់ជាង ២០,២ពាន់លានដុល្លារ កើនឡើង ៦,៦ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង