ការនាំចេញទំនិញ​របស់តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងកើនតិចបំផុត​ក្នុងឆ្នាំ​២០២៥ ដោយសារបញ្ហាអត្រាពន្ធ
  • ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
ការនាំចេញទំនិញ​របស់តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងកើនតិចបំផុត​ក្នុងឆ្នាំ​២០២៥ ដោយសារបញ្ហាអត្រាពន្ធ

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃប្រទេសសមាជិក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC បានជួបប្រជុំគ្នានៅកូរ៉េខាងត្បូង​​ នៅថ្ងៃទី​១៥ឧសភានេះ។ ជាកិច្ចប្រជុំដែលស្ថិតនៅក្នុង​បរិបទមួយ ដែល​សេដ្ឋកិច្ច​-ពាណិជ្ជកម្មពិភពលោក កំពុងតែប្រឈមខ្លាំងនឹងវិបត្តិ ដោយសារតែការដំឡើងពន្ធខ្ពស់កប់ពពក ពីសំណាក់មហាអំណាចសេដ្ឋកិច្ចដ៏ធំជាងគេ គឺសហរដ្ឋអាមេរិក​។​ តាមការរំពឹងទុក សកម្មភាពពាណិជ្ជកម្ម​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងនៅនឹងថ្កល់ រាំងស្ទះ ធ្វើឲ្យកំណើនសេដ្ឋកិច្ច​ធ្លាក់ទាបជាងការព្យាករណ៍ពីមុន​។​

TTN-Free-Banner-In-Article-PC

សេដ្ឋកិច្ច​តំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់កំពុងស្ថិតក្នុង​ផ្សែងខ្មៅបាំងផ្លូវដើរ មិន​ឲ្យទៅមុខ​បានរហ័សទេ ដោយសារតែ​សង្គ្រាមពាណិជ្ជកម្ម អត្រាពន្ធនាំចូលកប់ពពក ដែលលោករដ្ឋបាល​លោកដូណាល់ ត្រាំបានប្រកាស​។ រដ្ឋមន្ត្រីក្រុមប្រទេសសមាជិកទាំង​២១នៃ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC បានចាប់ផ្តើមជួបប្រជុំគ្នានៅ​ទីក្រុង​Jeju ប្រទេសកូរ៉េខាងត្បូង​ ដើម្បី​ពិភាក្សាគ្នា ស្វែងរកយន្តការ​ដោះស្រាយ​។

យោងតាមការព្យាករណ៍ របស់​អ្នកជំនាញ APEC ការនាំចេញទំនិញ​របស់​តំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងឆ្នាំ​២០២៥នេះ នឹងមានកំណើនត្រឹម​តែ​ ០,៤%តែប៉ុណ្ណោះ ពោលគឺទាបឆ្ងាយ​ខ្លាំងណាស់ បើប្រៀបធៀបទៅ​ឆ្នាំ​២០២៤ ដែល បានកើនដល់ទៅ​ ៥,៧%។ រីឯការនាំចូលទំនិញមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺកើនត្រឹម ០,១% ប៉ុណ្ណោះ ពោល​គឺសឹងតែនៅនឹងថ្កល់។ ជាលទ្ធផល ចំណូលដុល​ក្នុងស្រុក (PIB) នៃ​ប្រទេស​សមាជិក​របស់APEC នឹងមានកំណើនជាមធ្យម ប្រមាណ​តែ​២,៥%ប៉ុណ្ណោះក្នុងឆ្នាំ២០២៥ មិនមែន​ ៣,៣%ដូចជាព្យាករណ៍ទុកពីមុនមកនោះទេ។

នៅក្នុងកិច្ចប្រជុំ លោក Carlos Kuriyama នាយកផ្នែក​នយោបាយសាធារណៈរបស់ APEC បាន​លើកឡើងថា ការគំរាម​ប្រើប្រាស់អត្រាពន្ធកប់ពពកដើម្បីវាយបំបាក់​គ្នាទៅវិញទៅមក នឹងបង្កការលំបាកដល់បណ្តាញផ្គត់ផ្គង់ ធ្វើ​ឲ្យតម្លៃផលិតកាន់តែឡើងខ្ពស់។ 

ហើយនៅទីបំផុត តម្លៃលក់នឹងត្រូវតែឡើងថ្លៃសម្រាប់អតិថិជន ហើយធ្វើ​ឲ្យ​ការបញ្ជាទិញ​ធ្លាក់ចុះទៅតាមនោះ​។ លោក Carlos Kuriyama បាន​គូសបញ្ជាក់ថា អ្វីដែលបង្ក​ផលវិបាក​បំផុត គឺភាពមិនប្រាកដប្រជា ភាពមិនច្បាស់លាស់​។ ដូច្នេះវាជារឿងចាំបាច់ ដែលត្រូវ​តែ​រកលំនឹង ស្ថិរភាពនយោបាយ ហើយ​ប្រសិនបើមានការផ្លាស់​ប្តូរ គឺត្រូវតែ​ផ្លាស់ប្តូរជាអចិន្ត្រៃយ៍ មិនមែន​បណ្តោះអាសន្ននោះទេ។​

ទាក់ទិននឹង​លទ្ធផល​វិជ្ជមាន​នៃការចរចាគ្នា រវាង​ភាគី​សហរដ្ឋអាមេរិក និង​ចិន​ កាលពីចុងសប្តាហ៍​កន្លងទៅនេះ លោក Carlos Kuriyama បាន​លើកឡើងថា វាជាដំណឹងល្អមែនហើយ តែវាមិនគ្រប់គ្រាន់ អាចធ្វើឲ្យស្ថានភាព​ត្រលប់ទៅរកភាពល្អប្រសើរដូចមុនខែមេសានោះទេ។ សម្រាប់ពេលនេះថ្វីបើ​ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកខិតខំ​រកដំណោះស្រាយ​ ជំរុញការនាំចេញ តែគេពិបាកនឹងរកទីផ្សារណា​ផ្សេងដែលធំ អាចមកជំនួស​ទីផ្សារអាមេរិក​បាន​ណាស់​។​

គួរបញ្ជាក់ថា លោក​ Jamieson Greer តំណាង​ពាណិជ្ជកម្ម​អាមេរិក​ ក៏មានវត្តមាន​នៅ​ក្នុងកិច្ចប្រជុំនៅកោះ Jeju ដែរ​។ នៅថ្ងៃព្រហស្បតិ៍នេះ លោក​ Jamieson Greer បាន​ជួប​ប្រជុំដាច់ដោយឡែក​ជាមួយ​លោក Li Chenggang អនុ​រដ្ឋមន្ត្រីពាណិជ្ជកម្មចិន ហើយគ្រោងនឹងជួប​លោក​រដ្ឋមមន្ត្រី​ពាណិជ្ជកម្មកូរ៉េខាងត្បូងនៅថ្ងៃសុក្រ។ គេរំពឹងថា ជំនួបទ្វេភាគីទាំងអស់នេះ នឹងនាំឲ្យ​មានដំណោះស្រាយ​ទាក់ទិនបញ្ហាអត្រាពន្ធ៕

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ