- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

បន្ទាប់ពីអង្រួនមហោស្រពភាពយន្តអន្តរជាតិកានកាលពី៣ឆ្នាំមុន ជាមួយរឿង Top Gun តារាឯកភាពយន្តហូលីវូដដែលមានតម្លៃខ្លួនខ្ពស់និងល្បីឈ្មោះ លោក Tom Cruiseបានវិលត្រលប់មកបង្ហាញមុខសាជាថ្មីនៅ មហោស្រពភាពយន្តក្នុងប្រទេសបារាំង ដែលបានជ្រើសរើសរឿង Mission : Impossible-, The final Reckoning សម្រាប់ចាក់បញ្ចាំងពិសេសកាលពីថ្ងៃពុធទី ១៤ឧសភា។ តើបេសកកម្មដែលមិនអាចទៅរួច ដែលជារឿងភាគទី៨ទៅហើយនិយាយពីអ្វី ហើយតើវាអាចជាភាគចុងបញ្ចប់នៃបេសកកម្មរបស់ភ្នាក់ងារ Ethan Hunt ដូចការពន្លយរបស់តារាភាពយន្ត និងអ្នកដឹកនាំរឿងដែរឬទេ?
តារាហូលីវូដ Tom Cruise ជាប្រភពកម្លាំងរុញច្រានមហោស្រពភាពយន្តកាន កាលពីថ្ងៃពុធឲ្យកាន់តែរំជើបរំជួល ជាមួយនឹងការចាក់បញ្ចាំងរឿងដែលគេកំពុងទន្ទឹងរង់ចាំ Mission : Impossible-The final Reckoning។ បង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយតម្លៃផលិត៨០លានដុល្លារកាលពីដំបូងទី រឿងភាគទី៨នៃបេសកកម្មដែលមិនអាចទៅរួចរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ Ethan Hunt មានតម្លៃផលិតដល់ទៅ ៤០០លានដុល្លារ។
Mission : Impossible-The final Reckoning មានដំណើររឿងបន្តពីភាគមុន នៅពេល Entityដែលជាបញ្ញាសិប្បនិម្មិតព្យាយាមដណ្តើមអំណាចពីមនុស្សដើម្បីគ្រប់គ្រងពិភពលោក។ នៅក្នុងភាគនេះ ភ្នាក់ងារសម្ងាត់ Ethan Hunt ជាមួយក្រុមការងារត្រូវស្វែងរកប្រអប់កូដនៅក្នុងនាវាមុជទឹករុស្ស៊ីដែលត្រូវគ្រាប់ធ្លាក់ក្នុងបាតសមុទ្រអាក់ទិកដោយសារបេសកកម្មរបស់Ethan ។
ខុសពីបេសកកម្មរបស់ Ethanដែលចង់បានកូដដើម្បីបំផ្លាញ Gabriel ដែលជាមេក្រុមជនអន្ធពាលក៏ចង់បានកូដដើម្បីគ្រប់គ្រងEntity ដឹកនាំពិភពលោក មានអំណាចបញ្ជា អាវុធនុយក្លេអ៊ែររបស់មហាអំណាចក្នុងពិភពលោក។ តើ Ethanអាចសង្រ្គោះពិភពលោកពីការវាយប្រហារនុយក្លេអ៊ែររបស់ Entityដែរឬទេ?
នៅក្នុងរឿងនេះដែលភាគច្រើនថតនៅកន្លែងផ្ទាល់ ដោយមិនប្រើស្ទូឌីយោ ដូចជាកំពូលភ្នំនៅអាហ្វ្រិកខាងត្បូង។ Tom Cruiseគ្មានតួជំនួស នៅពេលសំដែងនៅកន្លែងដែលគេត្រូវប្រថុយនឹងគ្រោះថ្នាក់។ ឧទាហរណ៍ នៅឈុតឆាកដែលលោកចាប់តោងស្លាបយន្តហោះនៅលើអាកាស ជាឈុតឆាកដែលថតពិតៗនៅក្នុងអាកាស គឺកម្រ ឬគ្មានតារាភាពយន្តណាម្នាក់ដែលអាចធ្វើបាន។ Tom Cruiseជាតារាភាពយន្តហូលីវូដតែមួយគត់ដែលហ៊ានប្រថុចជីវិត ព្រហើនធ្វើរឿងដែលមនុស្សទូទៅខា្លចព្រោះសេចក្តីស្លាប់។
សូម្បីតែអ្នកដឹកនាំរឿង លោក Christopher McQuarrie ដែលសហការធ្វើរឿងនេះ ៤ភាគមកហើយ ក៏ស្ញប់ស្ញែងតារា សាច់ចាំ ស្រស់សង្ហារ អាយុ ៦២ឆ្នាំ និងមានសាច់ដុំមាឌមាំម្នាក់នេះដែរ។ ចំពោះលោក Tom ជាមនុស្សដែលមានចិត្ត មានៈចង់ធ្វើឲ្យអស់ពីលទ្ធភាព ឬហួសព្រំដែនរបស់មនុស្សធម្មតា។
នៅក្នុងបទសម្ភាសន៍កន្លងមក តារាភាពយន្តដែលមានជំនាញបើកយន្តហោះគ្រប់ប្រភេទ ជាពិសេសយន្តហោះចម្បាំង ទទួលស្គាល់ថា ពីរឿងមួយ ទៅរឿងមួយ ការតោងលែងខ្លួននៅក្នុងអាកាសកាន់តែឆ្កួតទៅៗ។ ប៉ុន្តែ ខុសពីមនុស្សទូទៅដែលខ្លាចអ្វីដែលមិនទាន់មកដល់ លោកវិញ មិនដែលខ្លាចទេ។ អារម្មណ៍របស់លោកនៅចំពោះមុខភាពភ័យខ្លាច? គ្មានទេ គឺមានតែភាពកន្ត្រាក់អារម្មណ៍។
Tom Cruise អាចតោង លោតផ្លោះបានដោយសារកាយសម្បារដែលបានមកពីការហាត់សម ហ្វឹកហាត់Acobateដូចកីឡាករជំនាញ។ គ្មានតួជំនួស កន្លែងសំដែងពិតៗ Tom Cruiseជាតារាហូលីវូដដែលមានតម្លៃខ្លួនខ្ពស់ អាចដល់១០០លានដុល្លារសម្រាប់ការសំដែង១រឿង។ ចំណែករឿងMission : Impossibleដែលល្បីរន្ទឺក្នុងពិភពលោក រកបានប្រាក់ចំណូលសរុបជាង ៣៤០០លានដុល្លារនៅក្នុងពិភពលោក៕
ដោយ៖ ឈាង បុប្ផា (RFI ខេមរភាសា)
