Forbes៖ Ronaldo បន្តឈរជាអត្តពលិកមានប្រាក់ចំណូលខ្ពស់ជាងគេលើលោក ៣ឆ្នាំ ជាប់គ្នា
  • ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
Forbes៖ Ronaldo បន្តឈរជាអត្តពលិកមានប្រាក់ចំណូលខ្ពស់ជាងគេលើលោក ៣ឆ្នាំ ជាប់គ្នា

Cristiano Ronaldo កំពូលកីឡាករបាល់ទាត់ល្បីប្រចាំពិភពលោក បន្តជាប់ឈ្មោះ ជាអត្តពលិករកបានប្រាក់ពលកម្មខ្ពស់ជាងគេលើពិភពលោក ៣ឆ្នាំ ជាប់គ្នា និងជាលើកទី៥ ក្នុងអាជីពរបស់ទស្សនាវដ្តី Forbes ដោយរកបានប្រាក់ប្រមាណ ២៧៥លានដុល្លារ។ កីឡាករបាល់បោះ Stephen Curry ហក់ឡើងចំណាត់ថ្នាក់លេខ ២ ហើយលេខ ៣ បានលើកីឡាករប្រដាល់សកល លោក Tyson Fury។ Lionel Messi ធ្លាក់ដល់លេខ ៥ ខណៈ Kylian Mbappe និង Neymar Jr បាត់ឈ្មោះពីបញ្ជី។

TTN-Free-Banner-In-Article-PC

ចាប់តាំងពីការផ្លាស់ទៅកាន់ក្លិប Al Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ពីខែមករា ឆ្នាំ ២០២៣ ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ ត្រូវបានគេប៉ាន់ស្មានថារកបានប្រាក់ចំណូលប្រមាណជាង ២៧៥លានដុល្លារ ក្នុងមួយឆ្នាំ។

លើសពីនេះប្រាក់ចំណូលប្រមាណ ១៥លានដុល្លារ ក្នុងមួយឆ្នាំ នៅក្រៅទីលានប្រកួត Ronaldo ទទួលបានពីកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ ព្រមទាំងទទួលបានចំណូលពីប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ដែលរូបគេមានអ្នកចុចតាមដានសរុប ប្រមាណជាង ១ពាន់លាននាក់។

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលធ្លាប់ឈរចំណាត់ថ្នាក់លេខ ៣ កាលពីឆ្នាំ ២០២៤ ពេលនេះគេធ្លាក់មកឈរចំណាត់ថ្នាក់លេខ ៥ រកបានប្រាក់ចំណូលត្រឹមតែ ១៣៥លានដុល្លារ។ កីឡាករប្រដាល់ល្បីល្បាញ Tyson Fury ឡើងទៅឈរចំណាត់ថ្នាក់លេខ ៣ ដោយរកបានចំណូល ១៤៦លានដុល្លារ។

តារាងកីឡាកររកបានចំណូលច្រើនប្រចាំឆ្នាំ ២០២៥ គ្មានឈ្មោះរបស់ Kylian Mbappe និង Neymar Jr ឡើយ។ កាលពីឆ្នាំ ២០២៤ ខ្សែប្រយុទ្ធ Kylian Mbappe បានឈរនៅចំណាត់ថ្នាក់ ៦ ដោយគេរកបានចំណូល ១០៨លានដុល្លារ ហើយ Neymar Jr ដែលបានចាកចេញពីក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីតទៅកាន់ក្លិប Santos FC នៅប្រេស៊ីល ធ្លាប់ឈរនៅចំណាត់ថ្នាក់ ៧ ដោយគេរកបាន ១០៨លានដុល្លារ។

កីឡាករបាល់បោះ Stephen Curry លេងឱ្យក្រុម Golden State Warrior បានហក់ឡើងពីចំណាត់ថា្នក់លេខ ៩ ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ២ ដោយរកបានចំណូល ១៥៦លានដុល្លារ។ កីឡាករបាល់ឱប Dak Prescott មកពីក្រុម Dallas Cowboys ឡើងមកចំណាត់ថ្នាក់លខ ៤ ដោយរកបានចំណូលប្រមាណ ១៣៧លានដុល្លារ ក្រោយរូបគេបានបន្តកិច្ចសន្យាជាមួយក្រុម។

ចំណែក លោក Lebron James កីឡាករបាល់បោះរបស់ក្រុម Los Angeles Lakers ដែលធ្លាប់ឈរចំណាត់ថ្នាក់លេខ ៤ ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ៦ ដោយបានចំណូល ១៣៣,៨លានដុល្លារ។

ចំណាត់ថ្នាក់លេខ ៧ បានលើ  Juan Soto កីឡាករបេស្បលសញ្ជាតិដូមេនីក របស់ក្រុម New York Mets រកបានចំណូល ១១៤លានដុល្លារ។ 

ខ្សែប្រយុទ្ធសញ្ជាតិបារាំង​ Karim Benzema ដែលប្រកបអាជីពនៅក្លិប Al Ittihad នៅប្រទេសអារ៉ាប៊ីសាអូឌីត បន្តឈរនៅចំណាត់ថ្នាក់លេខ ៨ ដោយរូបគេរកបានចំណូល ១០៤លានដុល្លារ។

កីឡាករ បេស្បល សញ្ជាតិជប៉ុន Shohei Ohtani លេងឱ្យក្រុម Los Angeles Dodgers ឈានជើងឡើងឈរនៅចំណាត់ថ្នាក់លេខ ៩ ដោយរកបានប្រាក់ចំណូល ១០២,៥លានដុល្លារ និងកីឡាករបាល់បោះមកពីក្រុម Phoenix Suns កីឡាករ Kevin Durant របស់អាម៉េរិក ឈរនៅចំណាត់ថា្នក់លេខ ១០ រកបានចំណូល ១០០,៥លានដុល្លារ៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង