- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

អត្ដពលិកទូកនាគកម្ពុជា ជាប់ទៅវគ្គជម្រុះ ដែលត្រូវទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក (World Games 2025) នៅប្រទេសចិន នៅអំឡុងខែសីហា ឆ្នាំ២០២៥។ បើតាមការអះអាងរបស់លោក Naing Naing Htoo គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាទូកកម្ពុជា វិញ្ញាសាកីឡាទូកនាគ មាន ១២ប្រទេស បានជាប់វគ្គជម្រុះ ក្នុងនោះ៥ប្រទេសពីតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍កីឡាពិភពលោក World Games គឺជាការប្រកួតកីឡាជាច្រើនប្រភេទ ដែលកីឡាទាំងនោះ ព្រមទាំងបទបញ្ជានៃការប្រកួត មិនត្រូវបានដាក់បញ្ចូលទៅក្នុងកីឡាអូឡាំពិក។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង។ ដោយឡែក ចិន នឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ នៅទីក្រុង Cheng Du ចាប់ពីថ្ងៃទី៧-១៧ ខែសីហា។ ម្ចាស់ផ្ទះនេះ បានដាក់ ៣៤ប្រភេទកីឡា។ តាមប្រភេទកីឡានីមួយៗ តម្រូវឲ្យប្រទេសចូលរួម ត្រូវឆ្លងកាត់វគ្គជម្រុះ។ ឧទាហរណ៍ អត្ដពលិកទូកនាគកម្ពុជា បានទៅចូលរួមព្រឹត្តិការណ៍នេះ គឺដោយសារតែជាប់វគ្គជម្រុះ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសហ្វីលីពីន។
វិញ្ញាសាកីឡាទូកនាគក្នុងព្រឹត្តិការណ៍ World Games មាន១២ប្រទេសចូលរួម ក្នុងនោះ ៨ប្រទេសនៅទ្វីបអាស៊ី។ ក្នុងចំណោម ៨ប្រទេសនៅអាស៊ី មាន៥ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ មានដូចជា៖កម្ពុជា ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលប្រទេសទាំងនេះ បានជាប់វគ្គជម្រុះ។ លោក Naing Naing Htoo សម្លឹងឃើញថា ប្រទេសនៅតំបន់អាស៊ាន គឺមានអត្តពលិកខ្លាំងខាងកីឡាទូកនាគច្រើន។
គ្រូបង្វឹកជនជាតិមីយ៉ាន់ម៉ារូបនេះ និយាយបន្ថែមទៀតថា ការហ្វឹកហាត់នៅសល់ពេល ៣ខែទៀត មុនពេលទៅចូលរួមព្រឹត្តិការណ៍ World Games។ ការដណ្ដើមមេដាយជ័យលាភី នឹងមិនងាយស្រួលឡើយ។ នេះ បើតាមការបញ្ជាក់ពីគ្រូបង្វឹករូបនេះ។
លោក Naing Naing Htoo បញ្ជាក់ថា អត្ដពលិកកម្ពុជា ហ្វឹកហាត់ត្រៀម និងចូលរួមលើវិញ្ញាសា ដែលមានជំនឿចិត្តប្រកួត និងយល់ថាពួកគេមានសក្ដានុពលលើវិញ្ញាសានោះប៉ុណ្ណោះ។ អ្វី ដែលសំខាន់នោះ អត្ដពលិក ដាក់គោលដៅមួយ គឺត្រូវរកចំណាត់ថ្នាក់ល្អនៃការប្រកួតនេះ សម្រាប់ប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ World Games។
«យើងមិនអាចប្រកួតគ្រប់វិញ្ញាសាទេ។ យើង ត្រូវតែជ្រើសរើសថាតើវិញ្ញាសាណា យើងអាចប្រកួតបានដោយមានជំនឿចិត្ត។ យើង ត្រូវតែផ្ដោតលើវិញ្ញាសា ១ ឬក៏២ ប៉ុណ្ណោះ។ ឧទាហរណ៍ ការប្រកួតមាន ៦វិញ្ញាសា យើងផ្ដោតលើតែ ១ ឬ ២ទេ។ ម្យ៉ាងទៀត ពេលវេលាហ្វឹកហាត់យើង គឺមិនច្រើនទេ ព្រោះនៅសល់តែ ៣-៤ខែទៀតប៉ុណ្ណោះ។ ហើយក្រុមប្រទេសគេ គេហ្វឹកហាត់ ៣-៤ឆ្នាំ។ ដូច្នេះ យើង ត្រូវតែផ្ដោតលើ ១ ឬ ២ វិញ្ញាសា។ យើង ត្រូវតែដណ្ដើមឲ្យបានចំណាត់ថ្នាក់ល្អ។ យើង កុំខ្ជះខ្ជាយកម្លាំងលើវិញ្ញាសា ដែលយើងមិនមានសក្ដានុពល។ ដូច្នេះ យើងទុកកម្លាំងលេងតែលើវិញ្ញាសា យើងខ្លាំងបានហើយ។ កុំផ្សងគ្រោះថ្នាក់ជាមួយវិញ្ញាសា យើងមិនប្រសប់។»។ លោក Naing Naing Htoo បាននិយាយដូច្នេះ។
គួរបញ្ជាក់ផងដែរ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រមូលផ្ដុំកីឡាករជម្រើសជាតិ ២០នាក់ និងកីឡាការិនីជម្រើសជាតិ ៦នាក់ ដោយកំពុងបោះជំរំហ្វឹកហាត់ នៅទន្លេវៃគោ នៅក្នុងក្រុងស្វាយរៀង។ ការប្រមូលផ្ដុំហ្វឹកហាត់នេះ គឺស្ថិតក្នុងគោលដៅដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ World Games និងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣៕
អ្នកសរសេរអត្ថបទ
