- ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

ផលិតក្នុងស្រុកសរុប (GDP) របស់ជប៉ុននៅត្រីមាសទី១ បានធ្លាក់ចុះខ្លាំងជាងការព្យាករ ដោយសារការប្រើប្រាស់ និងការនាំចេញហាក់នៅទ្រឹង តាំងពីមុនពេលរដ្ឋបាលក្រុងវ៉ាស៊ីនតោន ប្រកាសដាក់ពន្ធនាំចូលលើទីក្រុងតូក្យូ។
ទិន្នន័យបឋមដែលចេញផ្សាយដោយរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៦ ខែឧសភា បានបង្ហាញ ថា ផលិតផលក្នុងស្រុកសរុប(GDP) នៅត្រីមាសទី១ បានធ្លាក់ចុះ ០,២ភាគរយ ធៀបនឹង ត្រីមាសមុន។ បើផ្អែកលើឆ្នាំមូលដ្ឋាន GDP ប្រទេសនេះបានធ្លាក់ចុះ ០,៧ភាគរយ ដែលធំ ជាងការព្យាករពីមុនថាថយចុះ ០,២ភាគរយ។ ជប៉ុន ទើបតែបានរួចផុតពីការធ្លាក់ចុះ សេដ្ឋកិច្ចមួយឆ្នាំកន្លងទៅ។
កំណើន GDP អវិជ្ជមានរបស់ជប៉ុន ដោយសារការថយនៃការប្រើប្រាស់ និងការនាំចេញធ្លាក់ចុះ។ នេះបង្ហាញថា សេដ្ឋកិច្ចបានបាត់បង់សន្ទុះ ពីតម្រូវការអន្តរជាតិរួចទៅហើយ តាំងពីមុនពេលអាម៉េរិក បានប្រកាសគោលនយោបាយពន្ធទៅមក កាលពីថ្ងៃទី២ ខែមេសា។
«សេដ្ឋកិច្ចជប៉ុន ខ្វះសន្ទុះកំណើនពីការនាំចេញ និងការប្រើប្រាស់»។ លោក Yoshiki Shinke សេដ្ឋវិទូជាន់ខ្ពស់ នៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life បានលើកឡើងដូច្នេះ។ លោកបន្ថែមថា តួលេខនេះ នឹងជំរុញឱ្យមានការចំណាយសារពើពន្ធបន្ថែមទៀត ដោយសារសេដ្ឋកិច្ចអាចធ្លាក់ចុះខ្លាំង នៅត្រីមាសទី២ ដោយសារផលប៉ះពាល់នៃពន្ធគយរបស់អាម៉េរិក។
ការប្រើប្រាស់ ដែលមានចំនួនច្រើនជាងពាក់កណ្តាលនៃ GDP របស់ជប៉ុន គឺស្ទើរតែនៅទ្រឹងក្នុងត្រីមាសទី១។ ការចំណាយអាជីវកម្មបានកើនឡើងត្រឹមតែ១,៤ភាគរយ។ ទន្ទឹមនេះ ការនាំចេញបានធ្លាក់ចុះ ០,៦ភាគរយ ហើយការនាំចូលកើនឡើងដល់ ២,៩ភាគរយ។
សង្រ្គាមពាណិជ្ជកម្មពិភពលោក បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បណ្តាលឱ្យមានភាពស្មុគស្មាញដល់ការបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលជប៉ុន(BOJ)។ ប្រសិនបើពន្ធមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច BOJ អាចបញ្ឈប់ការដំឡើងអត្រាការប្រាក់។
ជប៉ុន ទើបតែបានបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន កាលពីដើមឆ្នាំ មុន។ រហូតមកដល់ពេលនេះ អត្រាការប្រាក់យោងនៅទីនេះត្រូវបានដំឡើងត្រឹមតែ ០,៥ភាគរយប៉ុណ្ណោះ ដែលទាបជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត។ នៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួនកាលពីចុងខែមុន BOJ ក៏បានទម្លាក់ការព្យាករកំណើនរបស់ខ្លួនយ៉ាងខ្លាំងដែរ ដោយលើកឡើងពីការព្រួយបារម្ភ អំពីផលប៉ះពាល់នៃពន្ធនាំចូលរបស់អាម៉េរិកលើសេដ្ឋកិច្ចពិភពលោក។
ទោះបីជាភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិនបន្ថយកម្តៅក៏ពិតមែន វាមិនច្បាស់ទេថាជប៉ុន អាចចរចាលើកិច្ចព្រមព្រៀងកាត់បន្ថយពន្ធជាមួយអាម៉េរិក ឬយ៉ាងណា។ តួលេខ GDP ធ្លាក់ចុះនេះ ក៏អាចដាក់សម្ពាធលើនាយករដ្ឋមន្ត្រី ស៊ីជើរូ អ៊ីស៊ីបា ដើម្បីពិចារណាកាត់បន្ថយពន្ធ ឬបន្ថែមកញ្ចប់ថវិកាជំរុញទឹកចិត្តថ្មីដែរ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
