មេ FIFA គាំទ្របង្កើនចំនួនក្រុមដល់ ៦៤ នៅ World Cup 2030
  • ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី យប់
មេ FIFA គាំទ្របង្កើនចំនួនក្រុមដល់ ៦៤ នៅ World Cup 2030

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បង្ហាញការគាំទ្រ ការផ្តួចផ្តើមគំនិតបង្កើន ចំនួនក្រុមដល់ទៅ ៦៤ ឱ្យចូលរួមប្រកួតនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ពីសំណាក់សហព័ន្ធបាល់ទាត់អាម៉េរិកខាងត្បូង (CONMEBOL)។ មេ FIFA ថែមទាំងសរសើរ CONMEBOL ថាមានគំនិតល្អ ដែលនឹងអាចត្រូវបន្តត្រួតពិនិត្យមើលលើលទ្ធភាពការបង្កើនចំនួនក្រុមនោះ ប៉ុន្តែប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងជើង អឺរ៉ុប អាស៊ី មិនគាំទ្រ។

TTN-Free-Banner-In-Article-PC

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ធ្វើឡើងនៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក ជាការប្រកួតដែល FIFA បានសម្រេចផ្លាស់ប្តូររូបមន្តប្រកួត ដោយបង្កើនក្រុមពីចំនួន ៣២ ឡើងដល់ ៤៨ក្រុម លើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែស្ថាប័ន CONMEBOL ចង់ឱ្យការប្រកួត World Cup ឆ្នាំ ២០៣០ ដែលធ្វើឡើងនៅប្រទេសអេស្ប៉ាញ ព័រទុយហ្កាល់ និងម៉ារ៉ុក ក្នុងនោះរួមមានប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ជាអ្នករៀបចំការប្រកួតបើកឆាក គម្រប់ខួប ១០០ឆ្នាំ ការបង្កើតពានរង្វាន់ឡើង ឱ្យមានក្រុមចូលរួមរហូតដល់ ៦៤ក្រុម។

នៅក្នុងការថ្លែងសុន្ទរកថា ស្ថិតក្នុងកិច្ចប្រជុំសមាជ លើកទី៧៥ របស់ FIFA ស្ថិតក្នុងប្រទេសប៉ារ៉ាហ្គាយ ប្រធានសហព័ន្ធ CONMEBOL លោក Alejandro Dominguez បានលើកឡើងអំពីគំនិតផ្តួចផ្តើម ពីការបង្កើនចំនួនក្រុមប្រកួតកាន់តែច្រើនថែមទៀត ដើម្បីជាការអបអរដល់ខួបលើកទី ១០០ នៃការបង្កើតពានរង្វាន់ World Cup ឡើង។ 

ចំពោះគំនិតនោះ លោក Infantino ប្រធាន FIFA បានបង្ហាញការគាំទ្រ ហើយថែមទាំងសរសើរថាជាគំនិតដ៏ល្អផងដែរ។ 

«ការអបអរខួប ១០០ឆ្នាំ ជារឿងពិសេសបំផុត ហើយខ្ញុំបានកត់ចំណាំនូវពាក្យសម្តីដែលលោក Alejandro បានលើកឡើងនៅមុននេះ។ Alejandro បានផ្តល់គិតឱ្យបង្កើនដល់៦៤ក្រុម ដើម្បីរៀបចំពិធីអបអរគម្រប់ខួប ដ៏ស័ក្តិសមបំផុតមួយសម្រាប់យើងទាំងអស់គ្នា។ ដូច្នេះរាល់គំនិតទាំងអស់ គឺសុទ្ធសឹងតែជាគំនិតដល់ល្អ។»។ លោក Infantino បាននិយាយក្នុងពេលថ្លែងសុន្ទរកថាបិទកិច្ចប្រជុំសមាជ FIFA បែបនេះ។

យ៉ាងណាបន្ទាប់កិច្ចប្រជុំ លោក Victor Montagliani ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងជើង CONCACAF បង្ហាញការមិនគាំទ្រចំពោះគំនិតនោះឡើយ។ ប្រធាន CONCACAF ថាការបង្កើនចំនួនក្រុមចូលរួមដល់ ៦៤ក្រុម នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមការប្រកួត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កីឡាករ និងការប្រកួតប្រជែងតាមលីគបាល់ទាត់ ថែមទៀត។

ដោយឡែកប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Aleksander Ceferin ក៏បានបង្ហាញអារម្មណ៍មិនគាំទ្រដល់ការផ្តួចផ្តើមគំនិតរបស់ ប្រធាន CONMEBOL ចំពោះការបង្កើតចំនួនក្រុមទៅការប្រកួត World Cup ឆ្នាំ ២០៣០ ដល់ចំនួន ៦៤ក្រុម ផងដែរ។ មេ UEFA ចាត់ទុកគំនិតនោះ ថាជាគំនិតដ៏អាក្រក់បំផុត។

ដោយឡែកប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) លោក Sheikh Salman Bin Ibrahim Al Khalifa បង្ហាញក្តីបារម្ភ ថាបញ្ហាផ្តួចផ្តើមគំនិតមួយនេះ នឹងបន្តបង្កភាពវឹកវរនៅរាល់កិច្ចប្រជុំសមាជរបស់ FIFA៕​


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង