លោក ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាមជាការលះបង់ដ៏ធំធេងបំផុតលើសពីថវិកា ប៉ុន្តែជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅសម្រាប់ប្រជាជន
  • ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៤៦ នាទី ព្រឹក
លោក ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាមជាការលះបង់ដ៏ធំធេងបំផុតលើសពីថវិកា ប៉ុន្តែជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅសម្រាប់ប្រជាជន

ថ្លែងក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាមនៅខេត្តកំពង់ធំ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានចាត់ទុកការបរិច្ចាគឈាម គឺជាការលះបង់ដ៏ធំធេងបំផុតលើសពីថវិកា និងជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅសម្រាប់ប្រជាជន។ គិតមកដល់បច្ចុប្បន្ន លោកឧបនាយករដ្ឋមន្រ្តី បានចូលរួមបរិច្ចាគឈាមចំនួន ១៤លើករួចមកហើយ។
TTN-Free-Banner-In-Article-PC


នៅថ្ងៃទី១៦ ឧសភា នាខេត្តកំពង់ធំ មានរៀបចំយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ជីវិត»។ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអញ្ជើញចូលរួមកម្មវិធីសប្បុរសធម៌មួយនេះ។ 

នាយុទ្ធនាការខាងលើ លោក ហ៊ុន ម៉ានី បានរំឭកពីការអំពាវនាវរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យចូលរួមបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិតមនុស្ស។ «ខ្ញុំបានចូលរួមសកម្មភាពមនុស្សធម៌លើកដំបូងដោយការស្ម័គ្រចិត្តផ្ដល់ឈាម ដែលធ្វើឡើងស្របពេលមានការថយចុះនៃចំនួនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមានការធ្លាក់ចុះនូវស្ដុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយមកទល់ពេលនេះ ខ្ញុំបានសម្រេចការបរិច្ចាគឈាមរបស់ខ្ញុំចំនួន ១៤លើកហើយ»។ លោក ហ៊ុន ម៉ានី លើកឡើងបែបនេះ។

លោក ហ៊ុន ម៉ានី មើលឃើញថាតាមរយៈការអំពាវនាវរបស់សម្ដេច ហ៊ុន សែន និងការស្វែងយល់ពីតម្រូវការជាក់ស្ដែង ជាពិសេសការយល់ពីអត្ថន័យនៃការផ្ដល់ឈាម បានក្លាយជាចំណុចចាប់ផ្ដើមនៃការមើលលើអត្ថប្រយោជន៍រួមនៃការលះបង់របស់មនុស្សម្នាក់ៗ។ បើតាមលោក ហ៊ុន ម៉ានី  ការលះបង់នេះ គឺជាការលះបង់ដ៏ធំធេងលើសពីការលះបង់ថវិកា ក៏ប៉ុន្តែជាការបរិច្ចាគឈាមខ្លួនឯងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។  

ថ្នាក់ដឹកនាំយុវជនធំនៅកម្ពុជារូបនេះ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមក្នុងយុទ្ធនាការនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ញឹក ស្រីល័ក្ខ