រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ គឺនាយករដ្ឋមន្រ្តីតាមដានការអនុវត្តច្បាប់ជានិច្ច
- ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:០២ នាទី ព្រឹក

ភ្នំពេញ៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស គឺនាយករដ្ឋមន្រ្តី តែងតែតាមដានជាប់ជានិច្ច។ នេះជាការអះអាងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុង«វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ” ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ឧសភា។

«ករណីបើកបរបុកគេស្លាប់ មិនមែនត្រឹមបង់លុយសង់គេហើយ រួចខ្លួននោះទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានសង្កត់ធ្ងន់ថា ទោះជាមន្ត្រីក៏ដោយ ក៏ត្រូវអនុវត្តទោសច្បាប់ដែរ ក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់នេះ។
ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស កាលពីថ្ងៃទី១៥ ឧសភា ដែលបង្កឡើងដោយបុគ្គលឈ្មោះ ហ៊ុន ហេង ប្រធានការិយាល័យភស្តុភារនៃស្នងការនគរបាលជាតិ។
បើតាមសម្ដេច ហ៊ុន ម៉ាណែត កន្លងមកក៏មានករណីមន្ត្រីនៅតាមក្រសួងផ្សេងៗទៀត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសដែរ ហើយពួកគេក៏កំពុងជាប់អនុវត្តទោសតាមច្បាប់ នៃកម្រិតបទល្មើសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅខាងមុខក្រសួងមហាផ្ទៃ។
«យើងអនុវត្តគោលការណ៍ដូចគ្នាទាំងអស់ គឺកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយប្រើពេលយ៉ាងយូរ៤៨ម៉ោង»។ សម្ដេច សង្កត់ធ្ងន់ដូច្នេះ។
សម្ដេច ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់តាមដានលើករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសនេះ ដើម្បីកំណត់ការអនុវត្តទោសឱ្យបានត្រឹមត្រូវដូចគ្នា។ សម្ដេច ក៏អំពាវនាវឱ្យពលរដ្ឋទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាផង។ ប្រមុខរដ្ឋាភិបាល បានបន្ថែមថា៖«យើងអនុវត្តដូចគ្នាទាំងអស់ លុយសំណងត្រូវតែបង់ ហើយប្រឈមមុខនឹងផ្លូវច្បាប់ត្រូវតែមាន»។
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា ឈ្មោះ ហ៊ុន ហេង ប្រធានការិយាល័យភស្តុភារនៃស្នងការនគរបាលជាតិ ត្រូវបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជា ដោយបណ្ដេញចេញពីក្របខ័ណ្ឌផងដែរ។
« ច្បាប់មិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា ខ្ញុំមិនដែលលើកលែងទេ»។ នេះបើតាមលោក ជួន ណារិន្ទ។
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: