លោក ភា សុភក្ត្រា៖ ទោះក្រុមទ័ពមិនបាន Top 6 ប៉ុន្ដែកីឡាករប្រឹងអភិវឌ្ឍខ្លួន ដើម្បីជាប់ជម្រើសជាតិ
- ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ រូបពី Cambodian Premier League
លោក ភា សុភក្ដ្រា គ្រូបង្វឹកកងយោធពលខេមរភូមិន្ទ បាននិយាយថា ក្រុមរបស់លោក នៅតែបន្ដប្រឹងប្រែងគ្រប់ការប្រកួត បើទោះមិនអាចប្រជែងជើងឯកលីគកំពូលក៏ដោយ។ ការដាក់គោលដៅធ្វើឲ្យបានល្អគ្រប់ប្រកួតនេះ ដើម្បីឲ្យកីឡាករ អាចអភិវឌ្ឍន៍សមត្ថភាព ដើម្បីបានជាប់ជម្រើសជាតិ សម្រាប់ការប្រកួតអន្ដរជាតិណាមួយ។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ ក្នុងសន្និសីទមុនប្រកួតរវាងកងយោធពលខេមរភូមិន្ទ និងសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានស្តាតចាស់ ម៉ោង៦៖០០ ល្ងាច។

ការប្រកួតសប្ដាហ៍ទី៣២ គឺជាសប្ដាហ៍ចុងក្រោយ នៃពានរង្វាន់ Cambodian Premier League 2024-2025។ ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគ មាន ៧៦ពិន្ទុ រីឯជើងឯករង ភ្នំពេញក្រោន មាន៦៩ពិន្ទុ ខណៈលេខ៣ វិសាខា មាន៦២ពិន្ទុ។
សម្រាប់ក្រុមកងយោធពលខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៨ មាន៣៤ពិន្ទុ។ លោក ភា សុភក្ដ្រា នៅតែដាក់គោលដៅយកឈ្នះលើប្រកួតចុងក្រោយនេះ បើទោះជាក្រុមមិនប្រជែងយក Top 6 ក៏ដោយ។ គ្រូបង្វឹករូបនេះ គ្រាន់តែរំពឹងថា កីឡាករក្រុមកងយោធពលខេមរភូមិន្ទ អាចជាប់ជម្រើសជាតិ សម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិខាងមុខ តាមរយៈការប្រឹងប្រែងប្រកួត និងអភិវឌ្ឍសមត្ថភាពនេះ។

(ឆ្វេង) លោក ភា សុភក្ត្រា និយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួតរវាង កងយោធពលខេមរភូមិន្ទ និង ឡាយហ្វ ព្រះសីហនុ។ រូបពី Tiffy Army FC
គ្រូបង្វឹករូបនេះ បាននិយាយថា៖«គោលបំណងរបស់ក្រុមកងយោធពលខេមរភូមិន្ទ ក៏ដូចជាខ្ញុំ ដែលយើងមានមហិច្ឆតា ចង់ឲ្យកីឡាកររបស់ខ្លួន មានឱកាសក្នុងការជាប់ជម្រើសជាតិ។ ខ្ញុំបានឱកាសឲ្យ យុវជនជាច្រើនក្នុងការបង្ហាញខ្លួន បូករួមទាំងពេលវេលានៃការលេង ដើម្បីឲ្យគាត់បានដុសខាត់សមត្ថភាព មានឱកាសបង្ហាញខ្លួន ទៅដល់គ្រូបង្វឹកជម្រើសជាតិ។ ក្នុងនាមជាក្លិប ក៏ដូចជាថ្នាក់ដឹកនាំ បានចំណាយថវិកា យ៉ាងច្រើន បើទោះជាក្រុមមិនអាចលេង Top 6 បាន ហើយបន្ដការលេងជាមួយក្រុមបាតតារាងទាំង៥ គឺដោយសារហេតុនេះ។ នៅថ្ងៃខាងមុខ បើមានកីឡាករ ១នាក់ ឬ ២នាក់ជាប់ជម្រើសជាតិ ពិតណាស់ យើងមានមោទកភាពសម្រាប់ក្រុមកងយោធពលខេមរភូមិន្ទ។»។
គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ក្នុងរដូវកាលនេះ កងយោធពលខេមរភូមិន្ទ បានត្រឹមតែចំណាត់ថ្នាក់លេខ៨ ដែលជាចំណាត់ថ្នាក់មិនល្អមួយ។ លោក ភា សុភក្ដ្រា បាននិយាយថា៖«ខ្ញុំចាត់ទុកថា ចំណាត់ថ្នាក់លេខ៨នេះ គឺជាចំណាត់ថ្នាក់អាក្រក់មួយ។ កុងត្រាមានរយៈពេលតែ ២ឆ្នាំ។ ដូច្នេះ ខ្ញុំ មិនប្រាកដថា រដូវកាលក្រោយ ខ្ញុំនៅតែដឹកនាំក្រុមទៀតឡើយ។»។
គួរបញ្ជាក់ផងដែរថា កងយោធពលខេមរភូមិន្ទ ត្រូវស្វាគមន៍ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែឧសភា វេលាម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋានស្ដាតចាស់។ ក្នុងពេលទន្ទឹមគ្នានោះ ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ត្រូវជួបជាមួយ ឡាយហ្វព្រះសីហនុ នៅកីឡដ្ឋាន AIA KMH Park៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: