រដ្ឋសភា នឹងរៀបចំវេទិកាផ្សព្វផ្សាយ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា
- ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:៣៩ នាទី រសៀល

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាចូលរួមបើកអង្គវេទិក ផ្សព្វផ្សាយប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ រូបពី រដ្ឋសភា
ភ្នំពេញ៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នឹងរៀបចំវេទិកាផ្សព្វផ្សាយ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ។ វេទិការផ្សព្វផ្សាយនេះ មានកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋសភា។

វេទិកាផ្សព្វផ្សាយនេះ នឹងរៀបចំឡើងនៅថ្ងៃទី១៩ឧសភា នៅវិមានរដ្ឋសភា ដោយមាន សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាចូលរួមបើកអង្គវេទិកា និងមានវត្តមានសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រួមទាំងមន្ត្រីតាមបណ្ដាក្រសួងមួយចំនួនទៀតផងដែរ។
លិខិតដដែល បង្ហាញថា លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា នឹងឡើងថ្លែងសុន្ទរកថាស្វាគមន៍។ ចំណែក លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងធ្វើបទបង្ហាញពី របបសន្តិសុខសង្គម និងរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។
ជាមួយគ្នាដែរ លោកស្រី មាន សំអាង ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា ជាអ្នកធ្វើរបាយការណ៍បូកសរុបពីលទ្ធផលនៃដំណើរការរបស់អង្គវេទិកា។
ដោយឡែក ពេលប្រារព្ធពិធីបិទអង្គវេទិកាផ្សព្វផ្សាយ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នឹងប្រព្រឹត្តទៅ ក្រោមការចូលរួមរបស់ លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។
សូមជម្រាបថា រដ្ឋសភា និងព្រឹទ្ធសភា គម្រោងនឹងរៀបចំប្រជុំសមាជរួមគ្នា នៅដើមខែមិថុនានេះ ដោយផ្ដោតសំខាន់លើប្រធានបទ៣ គឺវិស័យកិច្ចគាំពារសង្គម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: