អ្នកគាំទ្រអាហ្សង់ទីន ១៥ ០០០នាក់ នឹងត្រូវហាមពីព្រឹត្តិការណ៍ Club World Cup នៅអាម៉េរិក
  • ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៥:១៩ នាទី ល្ងាច
អ្នកគាំទ្រអាហ្សង់ទីន ១៥ ០០០នាក់ នឹងត្រូវហាមពីព្រឹត្តិការណ៍ Club World Cup នៅអាម៉េរិក

រដ្ឋមន្ត្រីសន្តិសុខប្រទេសអាហ្សង់ទីន លោក Patricia Bullrich បានផ្តល់បញ្ជីឈ្មោះអ្នកគាំទ្រ​តែងបង្កហិង្សា ក្នុងការប្រកួតបាល់ទាត់ក្នុងប្រទេសអាហ្សង់ទីន ជាង ១៥ ០០០នាក់ ទៅកាន់ស្ថានទូតអាម៉េរិក​ ប្រចាំទីក្រុង Buenos Aires ដើម្បីរៀបចំនីតិវិធី ហាមប្រាមអ្នកគាំទ្រទាំងនោះមានវត្តមានក្នុងការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥។
TTN-Free-Banner-In-Article-PC

ការប្រកួតពានរង្វាន់ Club World Cup ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅអាម៉េរិក នឹងរៀបចំឡើងពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ហើយការប្រកួតមានតម្លៃប្រាក់រង្វាន់បែងចែកសរុបជាង ១ពាន់លានដុល្លារ។ ក្លិបចំនួន ២ មកពីអាហ្សង់ទីន នឹងបង្ហាញវត្តមានប្រកួត ដោយរួមមានក្លិប Boca Juniors និង Club River Plate ចំណោមក្រុម ៣០ ដទៃផ្សេងទៀត។

ក្លិប Boca Juniors នៅការប្រកួត Club World Cup ពួកគេស្ថិតក្នុងពូល C ជាមួយនឹងក្រុម Bayern Munich, Auckland City និង Benfica។ ចំណែកក្រុម River Plate ស្ថិតក្នុងពូល E ជាមួយនឹងក្រុម Urawa Red Diamonds, Monterrey និង Inter Milan។

បើតាមសេចក្តីថ្លែងការណ៍របស់លោក Bullrich បញ្ជីឈ្មោះអ្នកគំាទ្រតែងបង្ហហិង្សាចំនួន ១៥ ០០០នាក់ នឹងត្រូវហាមឃាត់មិនឱ្យចូលក្នុងកីឡដ្ឋានប្រកួតសម្រាប់ព្រឹត្តិការណ៍បាល់ទាត់នៅអាម៉េរិក ក៏ព្រោះតែបុគ្គលទាំងនោះតែងបង្កអសន្តិសុខក្នុងការប្រកួត ស្ថិតក្នុងកីឡដ្ឋានបាល់ទាត់នៅអាហ្សង់ទីន។

អ្នកគាំទ្រចំនួន ១៥ ០០០នាក់ នោះទៀតសោត សុទ្ធសឹងតែមនុស្សស្ថិតក្នុងបញ្ជីដែលចងក្រងដោយកម្មវិធី Tribuna Seguna ដែលជាឧបករណ៍ អនុញ្ញាតឱ្យរកឃើញមនុស្សដែលត្រូវហាមឃាតមិនឱ្យចូលកីឡដ្ឋានបាល់ទាត់ក្នុងប្រទេសអាហ្សង់ទីន។ ប្រព័ន្ធ Tribuna Seguna ក្នុងប្រទេសអាហ្សង់ទីន កន្លងមកបានត្រួតពិនិត្យមើលមនុស្សជាង ៤លាននាក់ ពីការប្រកួតចំនួន ១ ៣២៨ប្រកួត ហើយរកឃើញមនុស្សចំនួន ១ ១៦៦នាក់ ដែលមានដីកាត្រូវចាប់ខ្លួន ហើយមនុស្សជាង ៤០ឆ្នាំ ត្រូវបានហាមឃាត់ឱ្យចូលក្នុងកីឡដ្ឋានប្រកួត៕

 

អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង