ក្រសួងព័ត៌មាន នឹងរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ ទទួលលោក ទីវ តារារិទ្ធ ក្រោយបញ្ចប់បេសកកម្មជិះកង់
  • ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
ក្រសួងព័ត៌មាន នឹងរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ ទទួលលោក ទីវ តារារិទ្ធ ក្រោយបញ្ចប់បេសកកម្មជិះកង់
លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រក្រសួងព័ត៌មាន បង្ហាញរូបភាពជិះកង់របស់លោក ទីវ តារារិទ្ធិ។ រូបពីលោក ខឹម សុវណ្ណរ៉ា

ក្រសួងព័ត៌មានសន្យារៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុន ទទួលលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងដើម្បីសប្បុរសធម៌ នៅអំឡុងឆ្នាំ២០២៦ បន្ទាប់ពីអ្នកផ្សងព្រេងវ័យ ៣៦ឆ្នាំរូបនេះ នឹងបញ្ចប់បេសកកម្មជិះកង់ដើម្បីកុមារ ពីកម្ពុជាទៅ ៥៧ប្រទេសលើពិភពលោក។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន«ស្ដីពីការជិះកង់សប្បុរសធម៌ដើម្បីកុមារកម្ពុជា» កាលពីរសៀលថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន។
TTN-Free-Banner-In-Article-PC

លោក ទីវ តារារិទ្ធិ បានចាប់ផ្ដើមបេសកកម្មជិះកង់សប្បុរសធម៌ដើម្បីកុមារ ពីកម្ពុជាទៅទ្វីបអឺរ៉ុប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយបានឆ្លងកាត់ ១២ប្រទេសក្នុងទ្វីបអាស៊ី ដោយប្រើរយៈពេល១១ខែ លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ ព្រមទាំងរៃថវិកាបាន ១១ម៉ឺនដុល្លារ។ អ្នកជិះកង់រូបនេះ នឹងមិនបញ្ឈប់បេសកកម្ម នៅត្រឹមទ្វីបអឺរ៉ុបទេ ដោយរូបលោក នឹងបន្ដដំណើរទៅទ្វីបអាហ្វ្រីកខាងត្បូង។ អ្នកផ្សងព្រេងដើម្បីសប្បុរសធម៌រូបនេះ រំពឹងថាការបន្ដដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រីកខាងត្បូង នឹងត្រូវចាយពេល ១ឆ្នាំបន្ថែមទៀត លើចម្ងាយផ្លូវសរុបជាង ៥ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ៥៧ប្រទេស។

លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ក្រសួងព័ត៌មាន នឹងរៀបចំការរត់ម៉ារ៉ាតុងសប្បុរសធម៌ ដើម្បីទទួលស្វាគមន៍ការបញ្ចប់បេសកកម្មរបស់លោក ទីវ តារារិទ្ធិ ដែលជាជនជាតិកម្ពុជា តែ១នាក់ បានជិះកង់ចម្ងាយឆ្ងាយ ដើម្បីរៃថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ នឹងធ្វើឡើងនៅឆ្នាំ២០២៦ ឲ្យត្រូវជាមួយពេលដែលលោក ទីវ តារារិទ្ធិ បានត្រឡប់មកកម្ពុជាវិញ។


លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រក្រសួងព័ត៌មាន បង្ហាញរូបភាពជិះកង់របស់លោក ទីវ តារារិទ្ធិ ។រូបពីលោក ខឹម សុវណ្ណរ៉ា

រដ្ឋមន្ដ្រីក្រសួងព័ត៌មានរូបនេះ បាននិយាយថា៖«នេះ គឺជាកម្មវិធីមួយត្រៀមយូរអង្វែង ប៉ុន្ដែយើងត្រៀមរៀបចំផែនការទុកជាមុន ដើម្បីទទួលស្វាគមន៍។ ពេលគាត់ចប់បេសកកម្មនេះ យើងនឹងអាចចោទសួរថា តើលោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ អាចនឹងបំបែកឯកត្ដកម្មពិភពលោក ក្នុងនាមជាអ្នកជិះកង់ ដែលប្រើរយៈពេលច្រើនជាងគេ មានរយៈចម្ងាយច្រើនជាងគេ និងឆ្លងកាត់ប្រទេសច្រើនជាងគេ ដែររទេ? ប៉ុន្ដែទោះបីជាមិនបានបំបែកឯកត្តកម្មយ៉ាងមិចក៏ដោយ ក៏ប៉ុន្ដែសម្រាប់កម្ពុជា របស់យើង ក្នុងក្របខ័ណ្ឌកាលដែលមានជនជាតិខ្មែរជិះកង់ឆ្លងកាត់ ៥៧ប្រទេស នៅលើពិភពលោក គឺជាមោទកភាពមួយហើយ។»។

បើតាមលោក នេត្រ ភក្ដ្រា ក្រសួងព័ត៌មាន នឹងរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ ចន្លោះ៦ខែម្ដង ឬរយៈពេលលើសពីនេះ ទៅតាមលទ្ធភាពអាចធ្វើបាន ដើម្បីប្រមូលថវិកាជួយដល់កុមារកម្ពុជា។ «យើង មានការរៀបចំជាបន្ដបន្ទាប់ទៀត ក្នុងរយៈពេលសមស្រប ពីចន្លោះណាមួយ ដូចជា ៦ខែម្ដង ឬលើសពីនេះ ទៅតាមពេលវេលារបស់យើង ដើម្បីយើង ប្រមូលកម្លាំងសប្បុរសធម៌ សប្បុរសជន ដើម្បីគាំទ្រទៅលើសកម្មភាពផ្សេងៗ។ ជាពិសេសនៅថ្ងៃទី១ ខែមិថុនា នឹងមានយុទ្ធនាការ ១នាក់ ១ម៉ឺនរៀល     ហើយយើងក៏អាចរៀបចំព្រឹត្តិការណ៍រត់ ដើម្បីប្រមូលថវិកាជួយដល់មូលនិធិគន្ធបុប្ផាបន្ថែមទៀតដែរ។»។ រដ្ឋមន្ដ្រីរូបនេះ បាននិយាយដូច្នេះ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា