កូរ៉េខា​ងត្បូង​ឆ្លៀត​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ក្រៅ​ក្របខ័ណ្ឌ​ជំនួប​APEC
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥០ នាទី ព្រឹក
កូរ៉េខា​ងត្បូង​ឆ្លៀត​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ក្រៅ​ក្របខ័ណ្ឌ​ជំនួប​APEC
កូរ៉េខា​ងត្បូង​ឆ្លៀត​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ក្រៅ​ក្របខ័ណ្ឌ​ជំនួប​APEC AFP - BRENDAN SMIALOWSKI

បន្ទាប់​ពី​បានចេញ​​​​សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់អំពី​​ក្តី​ព្រួយ​បារម្ភ​ចំពោះភាព​ប្រឈម​​ជាមូលដ្ឋាន​​ដែល​នាំឱ្យ​​សកម្មភាព​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ពិភពលោក​អាប់អួរ ជំនួប​ប្រជុំថ្នាក់​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៃ​ក្រុមប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏​ជា​ឱកាសជួប​ចរចា​​ទ្វេភាគី​ជា​ច្រើន​ផ្សេ​ងទៀត។ ​នៅ​​​ថ្ងៃ​សុក្រ​ទី​១៦​ឧសភា​នេះ​ កូរ៉េខាង​ត្បូង​បានចាប់​ផ្តើម​​ចរចាពាណិជ្ជកម្មជុំ​វិញ​ការ​ដំឡើង​ពន្ធគយ​ឡើង​វិញ​​ ដោយ​មាន​ការដ្ឋាន​សំណង់នាវាជា​ធ្នាក់។
TTN-Free-Banner-In-Article-PC

ឆ្លៀត​ក្នុង​ឱកាស​ដែល​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ទាំង​២១​ប្រទេសដែល​រួម​មានរដ្ឋមន្ត្រី​​ចិន​និង​តំណាង​ពាណិជ្ជកម្ម​​អាមេរិក​ផង​ កំពុង​ជួប​ជុំ​គ្នា​នៅ​លើ​កោះ​Jeju ​កូរ៉េខាង​ត្បូង​បាន​ផ្តើម​​ចរចា​ពាណិជ្ជកម្ម​ជុំ​វិញ​បញ្ហា​ពន្ធនាំ​ចូល​ជាមួយ​អាមេរិក​ឡើង​វិញ។

មាន​សល់ផល​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដល់​ទៅ​៦៦ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ទៅ​ កូរ៉េខាងត្បូងជា​ស៊ីបធំ​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្មរបស់លោក​ត្រាំ។ សហរដ្ឋ​អាមេរិក​បានសម្រេច​​ដំឡើង​ពន្ធ​នាំ​ចូល​ដល់​ទៅ​២៥%​លើ​រាល់​គ្រប់​ផលិតផល​នាំ​ចូល​ពី​កូរ៉េខាង​ត្បូង​ មុន​នឹង​ប្រកាស​ព្យួរ៩០​ថ្ងៃ​ដូច​បណ្តាប្រទេស​ផ្សេង​ទៀត។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កូរ៉េខាង​ត្បូងត្រូវប្រឹង​ចរចា​រក​ដំណោះស្រាយ​ឱ្យ​បាន​មុន​​​​ខែ​កក្កដា២០២៥។ ដោយ​​​សង្ឃឹម​ថានឹង​​រក​ឃើញ​កិច្ចព្រមព្រៀង​រួម​មួយ​ជាមួយ​អាមេរិក កូរ៉េខា​ង​ត្បូងក៏​មាន​ចំណុច​ខ្លាំង​គួរ​ជា​ទី​ទាក់ទាញ សម្រាប់​ដោះដូរ​ក្នុង​កិច្ច​ចរចា​ដែរ។ កូរ៉េខាង​ត្បូង​​នឹងចូល​ជួយ​អាមេរិក​ក្នុងវិស័យ​ការដ្ឋាន​​នាវាដែល​កូរ៉េខាង​ត្បូង​នាំ​មុខ​គេ​ខ្លាំងបន្ទាប់​ពី​ចិន និង​ដែល​អាមេរិក​ចង់​ពង្រឹងពង្រីក​ដើម្បី​កាត់​បន្ថយ​ភាព​រំពឹង​។

ក្នុង​ក្របខ័ណ្ឌ​នេះ និង​តាំងពី​មុន​ផ្តើម​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កូរ៉េខាង​ត្បូង លោក Ahn Duk-geun ​ ​តំណាងពាណិជ្ជកម្ម​​​អាមេរិក លោក​ Jamieson Greer បាន​ទៅ​ជួបបុរស​ដ៏​មាន​ឥទ្ធិពល​របស់​កូរ៉េខាងត្បូង គឺ​​លោក Chung Ki-sun ​អគ្គនាយករង​ក្រុមហ៊ុន​HD Hyundai ដែល​ជា​ក្រុមហ៊ុន​យក្ស​ផ្នែក​សំណង់​នាវា។ ជា​លទ្ធផល ក្រុមហ៊ុន​ Hyundai បាន​ស្នើ​ឱ្យមាន​កិច្ចសហការ​ផលិតឡាន​​​សន្ទូច​​នៅ​កំពង់​ផែ និងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​បច្ចេកវិទ្យា​រួម​ ព្រម​ទាំង​​ការ​បំពាក់​បំប៉ន​កម្លាំង​ពលកម្ម​ជាន់​ខ្ពស់​។ នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍របស់​ក្រុម​ហ៊ុន​Hyundaiកូរ៉េខាង​ត្បូង។

ចំណែក​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​កូរ៉េខាង​ត្បូង​ ដែល​ធ្លាប់​ជួប​ពិភាក្សាជាមួយតំណាង​អាមេរិក​ម្តង​ហើយ​ កាលពី​ខែ​មេសា​នៅ​ទីក្រុង​វ៉ាស៊ីនតោន នឹង​បង្ហាញ​អំពី​លទ្ធភាពបង្កើន​ការ​នាំ​ចូល​ឧស្ម័ន​រាវ​ធម្មជាតិអាមេរិក​មក​​កូរ៉េខាង​ត្បូង​ ព្រម​ទាំង​ ​ដំឡើង​អត្រា​ប្តូរ​ប្រាក់​វ៉ុន​ ដែល​វ៉ាស៊ីនតោន​តែង​ចោទ​ថា​ថោក​ជាង​តម្លៃ​ពិត។

សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក ផ្ទុះឡើង​ជួន​ចំពេល​ដែល​កូរ៉េខាង​ត្បូង​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ដោយ​ហេតុ​តែ​មាន​វិបត្តិ​នយោបាយ​អូស​បន្លាយ​។ សកម្មភាព​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ដោយ​ឥតព្រាង​ទុក​អស់​០,១%​នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៥នេះ។ ចំណុច​ដ៏រសើប​ប្រកប​​ដោយហានិភ័យ​​មួយ​ទៀតដែលអាច​ជា​លេស​​​​នាំ​ឱ្យ​មាន​ការ​ដំឡើង​ពន្ធ​  គឺក្នុង​​វិស័យ​សឺមីកុងឌុចទ័រ។ ​​រដ្ឋបាល​​លោក​ត្រាំ កំពុង​បើក​អង្កេត​ហើយ។ Samsung Electronics ​និង​SK Hynix ក្រុមហ៊ុនយក្ស​ជំនាញ​ខាង​បន្ទះ​ឈីប​របស់​​កូរ៉េខាង​ត្បូង​ ដែល​នាំ​ចេញ​សហរដ្ឋ​អាមេរិ​ក​ក្នុង​ទំហំ​១០,៧ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៤ អាច​ប្រឈម​នឹង​​ការ​គំរាមកំហែង​​ខ្លាំង​ជាង​គេ៕

ដោយ៖អៀង សុខម៉ិញ/ RFI ខេមរភាសា
 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other