Crystal លើកពាន FA Cup លើកដំបូង ក្រោយឈ្នះ Man City
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១១:១៩ នាទី ព្រឹក
Crystal លើកពាន FA Cup លើកដំបូង ក្រោយឈ្នះ Man City

ភ្នំពេញ៖ ក្រុម Crystal Palace បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយ ដោយពាន FA Cup លើកដំបូង ក្រោយយកឈ្នះជើងខ្លាំង Manchester City ដោយលទ្ធផល១-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៧ ឧសភា នៅពហុកីឡាដ្ឋាន Wembley របស់អង់គ្លេស។
TTN-Free-Banner-In-Article-PC

គ្រាប់បាល់មួយគ្រាប់របស់ Crystal Palace រកបានដោយកីឡាករ Eberechi Eze នៅនាទី១៦ តាមរយៈការបញ្ជូនបាល់កាត់ពីស្លាបស្ដាំដោយកីឡាករ Daniel Muñoz ។ ក្រោយនាំមុខលើក្រុមមេឃខៀវ ១-០ នេះ បានធ្វើឱ្យក្រុម Man City កាន់តែដាក់សម្ពាធកាន់តែខ្លាំងលើ Crystal ។ ការវាយសម្រុកផ្ទួនៗនោះ បានធ្វើឱ្យ Man City មានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រ ដោយកីឡាករ O. Marmoush នៅនាទី៣៦ ប៉ុន្តែការស៊ុតបាល់ពិន័យនេះ ត្រូវបានអ្នកចាំទីសញ្ជាតិអង់គ្លេស Dean Henderson របស់ Crystal ជួយសង្គ្រោះបាន។ សម្រាប់វគ្គទី១នេះ បញ្ចប់ដោយលទ្ធផល១-០។

ឈានចូលមកវគ្គទី២ Man City បន្តវាយសម្រុកបន្ថែមទៀត ប៉ុន្តែមិនអាចសម្រេចទីបាន។ លុះដល់នាទី៥៨ កីឡាករសញ្ជាតិកូឡំប៊ី Daniel Muñoz បានរកគ្រាប់បាល់ទី២ ឱ្យក្រុមCrystal តែសំណាងមិនល្អ គ្រាប់បាល់នោះ ត្រូវបានអជ្ញាកណ្ដាលសម្រេចមិនឱ្យឡើយ ក្រោយត្រួតពិនិត្យតាមប្រព័ន្ធបច្ចេកវិទ្យា Video Assistant Referee ។  

Man City បានព្យាយាមគ្រប់ដណ្ដប់លើការប្រកួតនោះ ដោយសម្រុកដាក់សម្ពាធលើក្រុមCrystal ជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានអ្នកចាំទី Dean Henderson ជួយសង្គ្រោះជាហូរហែ ជាមួយនឹងទម្រង់ការពារ ហើយវាយបករបស់ក្រុម Crystal។ សម្រាប់ការប្រកួតនេះ គេសង្កេតឃើញថា ជ័យជម្នះរបស់ក្រុម Crystal បានមកដោយសារអ្នកចាំទី Dean Henderson ជួយសង្គ្រោះបាល់ពិន័យ១១ម៉ែត្រផង និងគ្រាប់បាល់គ្រោះថ្នាក់ពីសំណាក់កីឡាកររបស់ Man Cty ផង។

Crystal ក្រោមការដឹកនាំរបស់លោក Oliver Glasner បានបង្ហាញទម្រង់លេងយ៉ាងល្អទាក់ទាញភ្នែក នៅរដូវកាលនេះ ហើយបានបំពេញក្តីប្រាថ្នាលើកដំបូងរបស់ខ្លួន លើកពាន FA Cup ដែលជាពានធំលំដាប់ទី២ នៅក្នុងក្របខណ្ឌអង់គ្លេស ក្រោយពួកគេខកខានឱកាសពីរលើក ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងឆ្នាំ១៩៩០ និង២០១៦៕

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ