សមត្ថកិច្ចខេត្តបាត់ដំបង បង្រ្កាបបានគ្រឿងក្នុងជ្រូក ១តោន នាំចូលខុសច្បាប់ពីប្រទេសថៃ
- ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:១៩ នាទី រសៀល

រូបថត៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ភ្នំពេញ៖ សមត្ថកិច្ចខេត្តបាត់ដំបង បង្រ្កាបបាន «គ្រឿងក្នុងជ្រូក» ប្រមាណ ១តោន នាំចូលខុសច្បាប់ពីប្រទេសថៃ។ នេះបើតាមការចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែឧសភា។

ស្នងនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែឧសភា ស្ទាក់ចាប់បានរថយន្តមួយគ្រឿម៉ាក់ Toyota Highlander នៅចំនុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញគ្រឿងក្នុងជ្រូកចំនួន ២០កេស ឬស្មើនឹង១,០០០គីឡូក្រាម។ ផលិតផលគ្រឿងក្នុងជ្រូកទាំងនេះ គឺនាំចូលពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាត និងពុំមានលក្ខណៈបច្ចេកទេសស្ដង់ដារត្រឹមត្រូវនោះទេ។
បច្ចុប្បន្ន អ្នកបើករថយន្តវ័យ ៤២ឆ្នាំម្នាក់ ត្រូវបាននាំយកទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីច្បាប់។ ដោយឡែក គ្រឿងក្នុងជ្រូក ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមន្រ្តីការិយាល័យផលិតកម្ម, មន្ត្រីបសុព្យាបាល, មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបង យកទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសារធាតុគីមីលើ «បន្លែ និងសាច់» នាំចូលឱ្យបានម៉ត់ចត់ ដើម្បីកាត់បន្ថយជំងឺមហារីកលើពលរដ្ឋ។
ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» កាលពីថ្ងៃទី ៥ ខែឧសភា សម្ដេច បានលើកឡើងថា ជំងឺមហារីក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិកម្ពុជា។ ជារៀងរាល់ឆ្នាំ អ្នកកើតជំងឺមហារីកនៅកម្ពុជា បានកើនឡើងរហូតដល់ជាង ២ម៉ឺននាក់ និងស្លាប់មានដល់ចំនួន១,៤ម៉ឺននាក់។ ប្រមុខរដ្ឋាភិបាល ចាត់ទុកកំណើនអ្នកកើតមហារីកនៅពេលនេះ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភ និងថាជំងឺដ៏កាចសាហាវនេះ មានមួយចំណែកកើតចេញពីការបរិភោគអាហារមានផ្ទុកជាតិគីមី៕
Relate
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: