ឈប់​​ប្រើ​​​នុយក្លេអ៊ែរ តៃវ៉ាន់​ប្រឈម​នឹង​អសន្តិសុខ​ថាមពល?
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ឈប់​​ប្រើ​​​នុយក្លេអ៊ែរ តៃវ៉ាន់​ប្រឈម​នឹង​អសន្តិសុខ​ថាមពល?
បាតុករ​ប្រឆាំងនឹង​នុយក្លេអ៊ែរ​នៅតៃវ៉ាន់ REUTERS

ចាប់​ពី​​ថ្ងៃ​សៅរ៍​ទី​១៧​ឧសភា​២០២៥​ទៅ ​តៃវ៉ាន់​លែង​ប្រើ​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ​ហើយ។ ​ ការ​​បិទមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចុងក្រោយ​បង្អស់​ ​ជា​សា្ថពរ​នេះ បាន​បង្ក​បង្កើត​ឱ្យ​មាន​ក្តីព្រួយ​បារម្ភ​ និង​ចំណោទ​ជា​ច្រើន​ជុំ​វិញសុវត្ថិភាព​ថាមពល។ រំពឹង​ខ្លាំង​លើការ​នាំចូល​ថាមពល​ធ្យូងថ្ម​និង​ឧស្ម័ន តើ​តៃវ៉ាន់​អាចប្រឈម​នឹង​គ្រោះ​​ខ្វះ​ភ្លើង​ប្រើ​ទេ ក្នុង​ករណី​​ចិន​បិទ​ខ្ទប់​កោះទាំង​ស្រុង​​នោះ?!
TTN-Free-Banner-In-Article-PC

ប្រធានាធិបតី​តៃវ៉ាន់ លោក ឡៃ ឈីងទឿ បាន​ប្រកាស​តាំងពី​យូរ​ហើយ​ថា​នឹង​បញ្ចប់​សករាជ​​ថាមពល​នុយក្លេអ៊ែរ​ ហើយ​​សម្រេច​កម្មវត្ថុ​អាកាស​ធាតុ ដោយបញ្ចេញ​ឧស្ម័នកាបូនិក​សូន្យ នៅ​ឆ្នាំ​ត្រឹម​ឆ្នាំ​២០៥០។

ដូច​សន្យា មជ្ឈមណ្ឌល​ផលិត​ថាម​ពល​ដើរ​ដោយ​នុយក្លេអ៊ែរ Ma’anshan ដែល​ជា​មណ្ឌល​នុយក្លេអ៊ែរ​ចុងក្រោយ​បំផុត របស់​តៃវ៉ាន់ បាន​ឈប់​​ដំណើរការ ចាប់​ពី​​ថ្ងៃ​សៅរ៍​ទី​១៧​ឧសភាឆ្នាំ​២០២៥ តទៅ។ មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស ត្រង់​តំបន់​ជា​ទីពេញ​និយម​របស់​ទេសចរ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ដែលធ្លាប់​​ផលិត​អគ្គីសនី​បម្រើ​ប្រជាពលរដ្ឋ​អស់​រយៈ​ពេល​៤០​ឆ្នាំ​កន្លង​មក​ហើយ បាន​ប្រែមុខ​មាត់​ទៅ​ជាចំការផ្ទាំង​សូឡា និង​កង្ហារ។

បច្ចុប្បន្ន តៃវ៉ាន់​រំពឹង​យ៉ាង​ខ្លាំង​លើ​ថាមពល​ផូស៊ីល​ លើ​ឧស្ម័ន​រាវធម្មជាតិ និង​ធ្យូង​ថ្ម ដែល​នាំ​ចូល​ពី​បរទេស។ នៅឆ្នាំ​២០២៤ ថាមពល​ភ្លើង​៤២,៤%បាន​មក​ពី​រោងចក្រ​អគ្គីសនី​ដើរដោយ​ឧស្ម័នរាវ​ធម្មជាតិ ៣៩,៣%​ដោយ​ធ្យូងថ្ម។​ ចំណែក​ថាមពល​កើត​ឡើង​វិញ តំណាង​ឱ្យ​ប្រមាណ​តែ​១១,៦%​តែ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ឆ្ងាយ​ពីកម្មវត្ថុ​ដែល​រដ្ឋាភិបាលចង់​បាន​​២០%​នៅ​ឆ្នាំ​២០២៥ណាស់។ ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ប្រធានាធិបតី​តៃវ៉ាន់ នៅ​តែ​ធានាអះអាង​ជា​និច្ច​ថា បណ្តាញ​ផ្គត់​ផ្គង់​ថាមពល​តៃវ៉ាន់​នឹង​មាន​ស្ថិរភាព​ល្អ ​ទោះ​បី​ជា​ប្រទេស​ត្រូវ​ការ​ភ្លើង​ខ្លាំង​សម្រាប់​អភិវឌ្ឍកម្មវិធី​បញ្ញាសិប្បនិម្មិត ដ៏​មហាស៊ី​ភ្លើងក៏​ដោយ ព្រោះ​​ផ្នែក​ថ្មីនៃ​រោងចក្រ​អគ្គីសនី​ដើរ​ដោយធ្យូង​ថ្ម និងឧស្ម័ន​រាវ អាច​ជំនួស​ផលិត​ផល​របស់​មណ្ឌល​នុយក្លេអ៊ែរ​Ma’anshanបាន។ ក្រុម​អ្នក​ការពារ​បរិស្ថាន ក៏​យល់​ថា​ថាមពល​កើត​ឡើង​វិញ​អាច​ជួយ​តៃវ៉ាន់ឱ្យ​មាន​ស្វ័យភាព​ថាមពល​បាន​ដែរ។

ប៉ុន្តែ​ទោះបី​តៃ​វ៉ាន់ប្រើ​ថាមពល​នុយក្លេអ៊ែរប្រមាណ​​តែ​៤,២%​នៃ​​ប្រភព​អគ្គីសនី​​សរុប​របស់​ប្រទេស​ នៅ​ឆ្នាំ​២០២៤ ក៏​ដោយ ក៏ការ​បិទ​ បញ្ឈប់​ទាំង​ស្រុង​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរមួយ​ចុង​ក្រោយ បន្ត​​បំផុសឱ្យ​មាន​​ក្តី​ព្រួយ​បារម្ភ​ និង​គំនិត​ចម្រូង​ចម្រាស​គ្នា​យ៉ាង​ខ្លាំង ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​និង​បក្ស​ប្រឆាំងដដែល។ ពលរដ្ឋ​ខ្លះគាំទ្រ​ការ​បិទ ព្រោះ​ខ្លាច​តៃវ៉ាន់ដែល​មាន​ករណី​រញ្ជួយ​ដី​ជា​ញឹកញាប់ ​ជួប​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ដូចនៅ​​ហ្វូគូស្ហ៊ីម៉ា​កាលពី​ឆ្នាំ​២០១១។ ​ខ្លះ​ទៀត យល់​ថា តៃវ៉ាន់ តូច​ខ្លាំង គ្មាន​ប្រភព​ថាមពល​ធម្មជាតិ​ណា​ដែល​អាច​មក​ជំនួស​ថាមពល​នុយក្លេអ៊ែរ​បាន​ទេ។ ខ្លះ​ ​ខ្លាចតៃវ៉ាន់​​ខ្វះ​ភ្លើង​ប្រើ លែង​មាន​សុវត្ថិភាព​ផ្នែក​ថាមពល​នឹង​ធ្វើ​ឱ្យ​​ក្រុមហ៊ុន​ធំៗ​រើ​​ចេញ​ពី​កោះ​។

ពឹង​ផ្អែកស្ទើរ​ទាំង​ស្រុង​លើ​ថាមពល​ផូស៊ីលនាំ​ចូល ចុះ​ក្នុង​ករណី​មាន​ការ​ឡោម​ព័ទ្ធ​ និង​បិទ​ខ្ទប់ ​​ពី​សំណាក់​ចិន ដែល​តែង​ស្រមៃ​​ចង់​ក្រសោប​យក​តៃវ៉ាន់ជា​និច្ច​វិញ តើ​តៃវ៉ាន់​មាន​អ្វី​រំពឹង? ហើយ​នាំ​ចូល​ថាមពល​ផូស៊ីល​បាន​យ៉ាង​ដូចម្តេច​ទៅ​។ នេះ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ចម្បង​មួយ​ទៀត​ របស់​ចៅហ្វាយ​ស្រុក HengChun ដែល​លើក​សរសើរ​អំពីផលប្រយោជន៍​សេដ្ឋកិច្ច​ផ្តល់​ដោយ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Ma’anshan និង​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ថាមពល​នៅ​សកលវិទ្យាល័យ​ Tsing-hua តៃវ៉ាន់។ លោក​បាន​ពន្យល់ថា តៃវ៉ាន់​កំពុង​ដើរ​បញ្ច្រាស​ប្រទេស​ជិត​ខាង។ ជប៉ុន​និង​កូរ៉េខាង​ត្បូង​បាន​បង្កើន​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​១០% ពីរហូត​​ដល់​ឆ្នាំ​២០៣០។ ឯ​តៃវ៉ាន់បែរ​ជា​ឈប់ ក្នុង​ខណៈ​ដែល​​ថាមពល​ផូស៊ីល​នាំ​ចូល​អាច​ជា​ចោទ​ជា​បញ្ហា​ខ្លាំង​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែង​របស់​ចិន។ ប្រសិន​បើ​មាន​ការ​បិទ​ខ្ទប់​តៃវ៉ាន់​មែន នោះ​កោះ​អាច​មាន​ស្តុក​ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​រាវ​សម្រាប់​ផលិត​អគ្គីសនី​បាន​ប្រមាណ​ពី​១១​ទៅ​៣០​ថ្ងៃ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​។

ចំណែក​គណបក្ស​គួមីនតាង ដែល​ជា​គណបក្សប្រឆាំងដ៏ចម្បង​និង​​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​វិញ យល់​ថា​តៃវ៉ាន់​ចាំបាច់​ត្រូវ​តែ​រក្សា​ប្រភព​ថាមពល​នុយក្លេអ៊ែរមួយ​នេះ ដើម្បី​ធានា​សន្តិសុខ​ផ្នែក​ថាមពល​។ សមាជិកសភា​បក្ស​នេះ បាន​ថែម​ទាំង​បោះឆ្នោត​អនុម័ត​ច្បាប់​ពន្យារ​អាយុ​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​តៃវ៉ាន់​ទៀត កាលពី​ថ្ងៃព្រហស្បតិ៍​ទី​១៥​ឧសភា​កន្លង​ទៅ ដោយ​សំអាង​ថា តៃវ៉ាន់​មាន​យុទ្ធសាស្ត្រ​និង​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​​ វិស័យ​ការពារ​ជាតិ និង​កំពុង​ពង្រឹង​សន្តិសុខ​ជាតិ​ មិន​ត្រូវ​លុប​បំបាត់ជម្រើស​​នុយក្លេអ៊ែរទេ។

តៃវ៉ាន់​មាន​ប្រវត្តិ​ប្រើ​ថាមពល​នុយក្លេអ៊ែរ តាំង​ពី​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ នៅ​ឆ្នាំ​១៩៨០ តៃវ៉ាន់​ប្រើ​ថាមពល​នុយក្លេអ៊ែរ ក្នុង​កំរិត​៥០% នៃផលិតផល​អគ្គីសនី​សរុប ដោយ​មាន​មជ្ឈមណ្ឌលនុយក្លេអ៊ែរចំនួនបី។ មណ្ឌលនុយក្លេអ៊ែរនីមួយៗ​មាន​​ បំពាក់​ដោយ​ម៉ាស៊ីនប្រតិករ​ចំនួន​៦។ ក្រោយ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ាប្រទេស​ជប៉ុន​ តៃវ៉ាន់​បាន​បញ្ឈប់​ការ​ដ្ឋាន​​​​នុយក្លេអ៊ែរ​កំពុង​សាង​សង់​មួយ​នៅ​ឆ្នាំ​២០១៤ និង​បាន​បញ្ឈប់​ប្រតិបត្តិការ របស់​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ពីរ​ផ្សេង​ទៀត នៅ​ឆ្នាំ​២០១៨មួយ នៅ​ឆ្នាំ​២០២៣​មួយ ដោយ​ផុត​កិច្ចសន្យា​ធ្វើ​អាជីវកម្ម៕

ដោយ៖អៀង សុខម៉ិញ/ RFI ខេមរភាសា
 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other