លោក ទីវ តារារិទ្ធិ ធ្វើដំណើរជិះកង់រៃអង្គាសថវិកា ដើម្បីសប្បុរសធម៌ ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយពីកម្ពុជា
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
លោក ទីវ តារារិទ្ធិ ធ្វើដំណើរជិះកង់រៃអង្គាសថវិកា ដើម្បីសប្បុរសធម៌ ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយពីកម្ពុជា
លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងទៅតំបន់អឺរ៉ុប និងតំបន់ផ្សេងៗ ដើម្បីរៃអង្គាសថវិកា មកជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ រូបពីហ្វេសប៊ុកលោក ទីវ តារារិទ្ធិ

លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងដើម្បីសប្បុរសធម៌ ដែលបានជិះកង់ពីកម្ពុជា កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ក្នុងគោលដៅទៅទ្វីបអឺរ៉ុប បានឆ្លងកាត់ ១២ប្រទេសក្នុងទ្វីបអាស៊ី ដោយប្រើរយៈពេល១១ខែ លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងរៃបានថវិកាចំនួនជាង ១១ម៉ឺនដុល្លារ។ តាមរយៈការជិះកង់កាត់ប្រទេសទាំងនោះ លោក តារារិទ្ធិ បានវាយតម្លៃថាបរទេស​ ៥០ភាគរយ បានស្គាល់កម្ពុជា តាមរយៈកេរ្ដិ៍ឈ្មោះ​ នៃអច្ឆរិយពិភពលោក គឺប្រាសាទអង្គរវត្ត និង ៥០ភាគរយទៀត តាមរយៈរបបខ្មែរក្រហម។
TTN-Free-Banner-In-Article-PC

លើសពីការជិះកង់ផ្សងព្រេង ដើម្បីកុមារកម្ពុជា លោក ទីវ តារ៉ារិទ្ធិ ក៏បានដើរតួជាអ្នកផ្សព្វផ្សាយពីកម្ពុជា ទៅកាន់បរទេសផងដែរ។ នៅតាមផ្លូវធ្វើដំណើរ អ្នកជិះកង់វ័យ ៣៦ឆ្នាំរូបនេះ បានបង្ហាញអត្ដសញ្ញាណខ្លួនជាជនជាតិខ្មែរ តាមរយៈការបង្ហាញទង់ជាតិកម្ពុជា។ 

អន្ដរជាតិដែលបានជួបលោក តារារិទ្ធិ នៅតាមផ្លូវធ្វើដំណើរ ភាគច្រើនមិនបានស្គាល់ពីកម្ពុជាឡើយ។ រីឯ អ្នកខ្លះទៀត បានស្គាល់ពីកម្ពុជា តាមរយៈរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងកេរ្តិ៍ឈ្មោះ នៃប្រាសាទអង្គរវត្ត។ អ្នកជិះកង់ផ្សងព្រេងសប្បុរសធម៌រូបនេះ បញ្ជាក់បន្ថែមថា ៥០ភាគរយ នៃអ្នកស្គាល់ប្រទេសកម្ពុជា តាមរយៈប្រាសាទអង្គរវត្ត។ នៅពេលដំណើរលើតម្រាយផ្លូវរាប់ម៉ឺនគីឡូម៉ែត្រ អ្នកជិះកង់រូបនេះ បានជ្រើសរើសការពន្យល់ពីប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រនៅក្នុងទឹកដីខេត្តសៀមរាប ទៅកាន់អន្ដរជាតិទាំងនោះ។

លោក ទីវ តារារិទ្ធិ បាននិយាយថា៖«មនុស្សជាច្រើន ដែលខ្ញុំបានជួប បើខ្ញុំស្មាន ៤០ភាគរយទេ ដែលស្គាល់ពីប្រទេសកម្ពុជា ប៉ុន្ដែ ៦០ភាគរយ គេមិនបានស្គាល់ពីកម្ពុជាយើងទេ។ អ្នក ដែលស្គាល់កម្ពុជានោះ ពាក់កណ្ដាលស្គាល់កម្ពុជាយើងតាមរបបខ្មែរក្រហម ហើយពាក់កណ្ដាលទៀតស្គាល់កម្ពុជា តាមរយៈកេរ្ដិ៍ឈ្មោះ នៃប្រាសាទអង្គរវត្តរបស់យើង នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។នៅពេលចង់ពន្យល់ឲ្យជនបរទេសស្គាល់អំពីប្រទេសកម្ពុជាយើង មានវិធីងាយស្រួលមួយ ដែលខ្ញុំប្រើប្រាស់ គឺពន្យល់គេថាប្រទេសកម្ពុជា គឺស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រាសាទអង្គរវត្ត។»។

អត្ថបទទាក់ទង


បច្ចុប្បន្ន លោក តារារិទ្ធ បានធ្វើដំណើរចម្ងាយ ២ម៉ឺនគីឡូម៉ែត្រហើយ ដោយរៃថវិកាបានចំនួន ១១ម៉ឺនដុល្លារ។ លោក តារារិទ្ធ ក៏នឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកបន្ថែមទៀត ដែលអាចចំណាយពេលមួយឆ្នាំ លើចម្ងាយផ្លូវសរុប ប្រមាណ ៥ម៉ឺនគីឡូម៉ែត្រ។


 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា