«ស្ពានដែកបេឡេអូរតាឆុង» នៅស្រុកប្រាសាទសំបូរ ជួយសម្រួលការដឹកជញ្ជូនកសិផលពលរដ្ឋ
- ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

ភ្នំពេញ៖ «ស្ពានដែកបេឡេអូរតាឆុង» ត្រូវបានសាងសង់រួចរាល់១០០ភាគរយហើយ ដោយគេរំពឹងថាអាចជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពលរដ្ឋប្រមាណ ៤៧៧គ្រួសារ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ស្ពានដែកបេឡេអូរតាឆុង មានប្រវែង៣៦ម៉ែត្រ ទទឹង៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង៥០០ ម៉ែត្រ។ ស្ពាននេះ ត្រូវបាន សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្ដល់ឱ្យកាលពីថ្ងៃទី ៣១ ខែមករា កន្លងទៅ ដើម្បីឆ្លើយតបនឹងសំណើរ ក៏ដូចជាតម្រូវការរបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង។

សូមជម្រាបថា ស្ពានដែកនេះ បានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អ្នកទទួលផលដោយផ្ទាល់មានចំនួន១ ៩០៨ នាក់ ស្មើនឹង៤៧៧គ្រួសារ ស្ថិតក្នុងភូមិទឹកអណ្ដូង, ជាំបឹង, បេង, ត្នោតជួរ, បឹងខ្វែក និងអន្លង់ស្លែង។ ដោយឡែក អ្នកទទួលផលដោយប្រយោល មានប្រមាណ១ ២៩៥នាក់ ស្មើនឹង ៣៦៥គ្រួសារ ក្នុងបណ្តាភូមិក្នុង ឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ដែលជាមធ្យមមានពលរដ្ឋធ្វើដំណើរឆ្លងកាត់ពី១០០នាក់ ទៅ២០០នាក់ ក្នុង១ថ្ងៃ៕

អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: