រដ្ឋមន្រ្តីមហាផ្ទៃ ចាត់ទុកការធ្វើវិបស្សនា ជាយន្តការដ៏ល្អ សម្រាប់អប់រំផ្លូវចិត្តពលរដ្ឋ
- ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:៣៩ នាទី រសៀល

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ថ្លែងនៅក្នុងពិធីសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែឧសភា ២០២៥។
ភ្នំពេញ៖ ការធ្វើវិបស្សនាពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំផ្លូវចិត្តពលរដ្ឋ និងព្រះសង្ឃ។ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែឧសភា ។

លោក ស សុខា ចាត់ទុកការធ្វើវិបស្សនា ជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់នូវសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។
«ការអប់រំផ្លូវកាយ និងផ្លូវចិត្តនេះបានលើកកម្ពស់ ការអប់រំសីលធម៌ ជាពិសេសដល់យុវជនជំនាន់ក្រោយ ឱ្យមានការយល់ដឹង ពីអំពើល្អ និងអំពើអាក្រក់ »។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ទន្ទឹមនឹងនេះ លោក ស សុខា ចាត់ទុកសាលាវិបស្សនានេះ នឹងបានចូលរួមលើកស្ទួយវិស័យសាសនានៅកម្ពុជា ជាពិសេសលើកកម្ពស់ការយល់ដឹងអំពើបច្ចេកទេសការធ្វើវិបស្សនា សម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាពុទ្ធបរិស័ទជិត ឆ្ងាយ រួមទាំងអ្នកមានវិបត្តិផ្លូវចិត្ត មានវិបត្តិស្មុគស្មាញក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីកត្តាសម្ពាធគ្រួសារ វិបត្តិសេដ្ឋកិច្ច និងកត្តាផ្សេងៗ។
សូមបញ្ជាក់ថា សាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត មានទំហំ១៥ម៉ែត្រ គុណ ៣៣.៨០ម៉ែត្រ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ។ សាលាវិបស្សនានេះ ចំណាយទឹកប្រាក់ចំនួន ១៥៣.៥០០ដុល្លា ជាអំណាយរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: