តើប្រទេសណាខ្លះកែប្រែព្រលានយន្តហោះចាស់ៗ ទៅជាប្រយោជន៍សាធារណៈ ?
- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

ព្រលានចាស់ Tempelhof ប្រែក្លាយជាឧទ្យាន Tempelhofer Feld នៅអាល្លឺម៉ង់។ រូបភាព ៖ Jürgen Held / IMAGO
អាកាសយានដ្ឋានចាស់ៗដែលឈប់ដំណើរការនៅទូទាំងពិភពលោក កំពុងត្រូវបានបំលែងទៅជាកន្លែងសាធារណៈដូចជាឧទ្យាន សហគមន៍ និងមជ្ឈមណ្ឌលវប្បធម៌។ គម្រោងទាំងនេះមិនត្រឹមតែជួយអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្កើនគុណភាពជីវិតរបស់ប្រជាជនផងដែរ។ ខាងក្រោមនេះជាប្រទេសមួយចំនួនដែលកែប្រែព្រលានយន្តហោះចាស់ ៖

១. អាល្លឺម៉ង់៖ ឧទ្យាន Tempelhofer Feld
អាកាសយានដ្ឋាន Tempelhof នៅទីក្រុងប៊ែរឡាំង ដែលបានបិទទ្វារនៅឆ្នាំ២០០៨ ត្រូវបានប្រែក្លាយទៅជាឧទ្យាន Tempelhofer Feld សម្រាប់ជាទីធ្លាសាធារណៈរបស់ប្រជាជនដ៏ធំល្វឹងល្វើយ។ ឧទ្យាននេះផ្តល់ជូននូវសកម្មភាពកម្សាន្តដូចជា ជិះកង់ ជិះស្គី និងការរៀបចំពិធីបុណ្យនានា។ ទីតាំងនេះក៏ត្រូវបានប្រើជាកន្លែងរៀបចំព្រឹត្តិការណ៍ និងមានសួនច្បារសហគមន៍ផងដែរ។
២. អាម៉េរិក៖ គម្រោងចម្រុះនៅ Stapleton និង Mueller
នៅទីក្រុង Denver អាកាសយានដ្ឋានអន្តរជាតិ Stapleton ដែលបានបិទនៅឆ្នាំ១៩៩៥ ត្រូវបានប្តូរទៅជាសហគមន៍ Stapleton ដែលរួមមានផ្ទះលំនៅដ្ឋាន ហាងលក់រាយ ឧទ្យាន និងមានការដាក់តាំងស្នាដៃសិល្បៈសាធារណៈ។ទាំងនេះត្រូវបានចាត់ទុកជាគំរូជោគជ័យបំផុតមួយក្នុងការច្នៃព្រលានយន្តហោះចាស់។
ទន្ទឹមនេះ អាកាសយានដ្ឋាន Robert Mueller នៅ Austin ដែលបានបិទនៅឆ្នាំ១៩៩៩ បានក្លាយជាសហគមន៍ Mueller ដែលជាតំបន់រស់នៅ ពាណិជ្ជកម្ម និងកន្លែងកម្សាន្ត។
៣. ហុងកុង៖ គម្រោងអភិវឌ្ឍន៍ Kai Tak
អាកាសយានដ្ឋាន Kai Tak ដែលបានបិទនៅឆ្នាំ១៩៩៨ ត្រូវបានអភិវឌ្ឍទៅជាតំបន់អភិវឌ្ឍន៍ Kai Tak ។ ទីតាំងនេះរួមមាន កន្លែងចតនាវាទេសចរណ៍ ឧទ្យាន និង Kai Tak Sky Garden ដែលជាទីធ្លាសាធារណៈបែបទំនើប។ ផ្នែកខ្លះនៃតំបន់នេះក៏កំពុងត្រូវបានប្តូរទៅជាតំបន់លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មផងដែរ។
៤. អេក្វាទ័រ ៖ ឧទ្យាន Bicentennial
នៅទីក្រុង Quito អាកាសយានដ្ឋាន Mariscal Sucre ដែលបានបិទនៅឆ្នាំ២០១៣ ត្រូវបានប្រែក្លាយទៅជាឧទ្យាន Bicentennial ដែលមានផ្ទៃដី ១២៥ហិកតា។ ឧទ្យាននេះមានផ្លូវដើរ កន្លែងលេងកីឡា និងទីធ្លាសម្រាប់រៀបចំព្រឹត្តិការណ៍ ដែលទាក់ទាញប្រជាជនមកប្រើប្រាស់យ៉ាងច្រើន។
៥. សិង្ហបុរី៖ តំបន់កម្សាន្ត Kallang Airport
អាកាសយានដ្ឋាន Kallang ដែលបានបិទនៅឆ្នាំ១៩៥៥ កំពុងស្ថិតក្នុងផែនការអភិវឌ្ឍទៅជាមជ្ឈមណ្ឌលកម្សាន្ត និងសហគមន៍។ អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងកំពុងប្រមូលយោបល់ពីសាធារណជន ដើម្បីអភិរក្សអគារប្រវត្តិសាស្ត្រ និងបង្កើតទីធ្លាសាធារណៈប្រកបដោយភាពរស់រវើ។
៦. ក្រិក ៖ The Ellinikon
អាកាសយានដ្ឋាន Ellinikon នៅទីក្រុងអាថែន ដែលបានបិទនៅឆ្នាំ២០០១ ត្រូវបានប្តូរទៅជាតំបន់ The Ellinikon។ គម្រោងនេះរួមមានឧទ្យានទំហំ ៤៩៤ ហិកតា តំបន់លំនៅដ្ឋាន និងកន្លែងពាណិជ្ជកម្ម ដោយផ្តោតលើនិរន្តរភាព។
ទាំងនេះសុទ្ធសឹងជាប្រទេសដែលបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធចាស់ ទៅជាទីធ្លាសាធារណៈដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម បរិស្ថាន និងប្រជាជន។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតទាំងនេះ នឹងជួយស្តារឡើងវិញនៃសោភណ័ភាពទីក្រុងទាំងមូលផងដែរ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: