សហព័ន្ធប្រដាល់គុនខ្មែរ បានពិន័យចៅក្រម ៣រូប ក្រោយពិនិត្យឃើញភាពមិនប្រក្រតី នៃការដាក់ពិន្ទុ
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៥:១៩ នាទី ល្ងាច
សហព័ន្ធប្រដាល់គុនខ្មែរ បានពិន័យចៅក្រម ៣រូប ក្រោយពិនិត្យឃើញភាពមិនប្រក្រតី នៃការដាក់ពិន្ទុ
ធន់ វណ្ណា វាយឈ្នះ លើកីឡាករ Martin Sandro

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ បានដាក់ពិន័យលើមន្ដ្រីចៅក្រម ៣រូប មិនឲ្យចូលរួមដឹកនាំការប្រកួត ៣សប្ដាហ៍ បន្ទាប់ពីដាក់ពិន្ទុឲ្យ ធន់ វណ្ណា ឈ្នះកីឡាករ Martin Sandro កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៥ នៅកោះពេជ្រ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលត្រូវបានបង្ហោះលើហ្វេសប៊ុក លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នារសៀលថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៥។
TTN-Free-Banner-In-Article-PC

កីឡាករ ធន់ វណ្ណា បានប្រកួតឈ្នះលើកីឡាករ Martin Sandro មកពីអេស្ប៉ាញ​ ដោយពិន្ទុលើការប្រកួត ៥ទឹក ក្នុងព្រឹត្តិការណ៍ទស្សនីយភាព សិល្បៈ វប្បធម៌ និងគុនខ្មែរ នៅកោះពេជ្រ កាលពីថ្ងៃទី១៤ ឧសភា។ តាមរយៈវីដេអូ នៃការប្រកួត កីឡាករអេស្ប៉ាញរូបនេះ វាយចូលច្រើន និងវាយចូលធ្ងន់ៗទៅលើកីឡាករកម្ពុជា ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា ការកាត់សេចក្ដីមិនត្រឹមត្រូវ។

យោងទៅលើការបង្ហោះលើហ្វេសប៊ុក លោក ខូវ​ ឆាយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោះប្រជុំបន្ទាន់ជាមួយមន្ដ្រីរៀបចំការប្រកួត អាជ្ញាកណ្ដាល ចៅក្រម ដែលដឹកនាំការប្រកួតនេះ ឲ្យពិនិត្យឡើងវិញនូវលទ្ធផល នៃការប្រកួត។ សហព័ន្ធ បានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា ជ័យជម្នះត្រូវបានទៅលើកីឡាករ Martin Sandro។ 


សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបពីលោក ខូវ ឆាយ

ដោយឡែក លទ្ធផលជ័យជម្នះ គឺមិនអាចកែប្រែបានទេ នោះមានន័យថាជ័យជម្នះនៅតែបានទៅលើ ធន់ វណ្ណា។ ប៉ុន្ដែ មន្ដ្រីចៅក្រម ៣រូប ដែលត្រូវបានសហព័ន្ធរកឃើញថា ផ្ដល់ពិន្ទុមិនត្រឹមត្រូវ នឹងត្រូវជាប់ពិន័យមិនឲ្យចូលរួមដឹកនាំការប្រកួតចំនួន ៣សប្ដាហ៍។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាក់ពិន័យមន្ដ្រី ៣រូបនេះ ពីបទប្រព្រឹត្ដខុសទៅនឹងបទបញ្ជាបច្ចេកទេស គ្រប់គ្រងការប្រកួត។

សារព័ត៌មានថ្មីៗ មិនអាចទំនាក់ទំនងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីបំភ្លឺបន្ថែមបានទេ ដោយសារតែប្រធានរូបនេះជាប់រវល់៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា